ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិទ្យាសាស្ត្ររកឃើញពស់ពិសប្រភេទថ្មី មានច្រមុះពណ៌លឿង-ទឹកក្រូច នៅឡាវ

2 ថ្ងៃ មុន

ប្រទេសឡាវ៖ អ្នកវិទ្យាសាស្ត្របានរកឃើញពស់ពិសប្រភេទថ្មីមួយ ដែលមានឈ្មោះវិទ្យាសាស្ត្រ Protobothrops flavirostris រស់នៅក្នុងព្រៃភ្នំថ្មកំបោរ និងរូងភ្នំនៅវ៉ាងវៀង ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ ពស់នេះមានចុងច្រមុះពណ៌លឿង-ទឹកក្រូចខុសប្លែកពីប្រភេទដែលគេស្គាល់ពីមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។

ការសិក្សាដែលចុះផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ Herpetozoa បានពិពណ៌នាពីពស់ញីពេញវ័យមួយក្បាល ដែលអ្នកស្រាវជ្រាវប្រមូលបាននៅក្បែររូងភ្នំខាន់ខាំ កាលពីខែតុលា ឆ្នាំ២០២៤។ អ្នកស្រាវជ្រាវក៏បានថតរូបពស់ប្រភេទដូចគ្នាចំនួន ៣ក្បាលទៀតនៅរូងភ្នំក្បែរនោះផងដែរ។

ពស់នេះមានប្រវែងប្រហែល ៨៣សង់ទីម៉ែត្រ ក្បាលពណ៌ត្នោតចាស់ មានស្នាមធំៗពណ៌ត្នោតក្រហម និងចុងច្រមុះពណ៌លឿង។ តាមរយៈការពិនិត្យ DNA និងលក្ខណៈរូបរាង អ្នកវិទ្យាសាស្ត្របានរកឃើញថា វាមានភាពខុសគ្នាច្បាស់លាស់ពីពស់ប្រភេទផ្សេងៗដែលគេស្គាល់ រួមទាំងអំបូររបស់វាដែលត្រូវបានរកឃើញនៅភាគពាយ័ព្យប្រទេសថៃ។

ពស់ប្រភេទថ្មីនេះស្ថិតក្នុងក្រុមពស់ពិសមានក្បាលរាងស្រដៀងក្បាលលំពែងនៅអាស៊ី ដែលពិសរបស់វាអាចបង្កការឈឺចាប់ខ្លាំង ហូរឈាម និងខូចខាតជាលិកា។ ដូច្នេះ ប្រសិនបើត្រូវពស់នេះចឹក អ្នករងគ្រោះត្រូវស្វែងរកការព្យាបាលជាបន្ទាន់។ តាមការសិក្សា ប្រទេសឡាវមានពស់ក្នុងក្រុមនេះចំនួន ៣ប្រភេទ ខណៈទូទាំងពិភពលោកមាន ១៦ប្រភេទ។

គួរឱ្យចាប់អារម្មណ៍ ប្រជាពលរដ្ឋក្នុងតំបន់ ជាពិសេសអ្នកភូមិជនជាតិម៉ុង បានស្គាល់ពស់នេះរួចមកហើយ និងរាយការណ៍ថា តែងឃើញវានៅដើម និងចុងរដូវវស្សា។ ការរកឃើញនេះបង្ហាញថា សត្វពស់ប្រភេទថ្មីអាចរស់នៅក្បែរសហគមន៍មនុស្សជាយូរមកហើយ មុនពេលត្រូវបានអ្នកវិទ្យាសាស្ត្រកំណត់អត្តសញ្ញាណជាផ្លូវការ៕