ប្រទេសសិង្ហបុរី៖ សិង្ហបុរីបានប្រកាសដាក់ឱ្យដំណើរការកម្មវិធីថ្មីចំនួន ៣ ដើម្បីបណ្តុះបណ្តាលអ្នកជំនាញក្នុងវិស័យថាមពលនុយក្លេអ៊ែរ និងសិក្សាលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យានេះសម្រាប់ផលិតអគ្គិសនីនៅពេលអនាគត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។
កម្មវិធីទាំង ៣ រួមមាន កម្មវិធីអភិវឌ្ឍធនធានមនុស្សផ្នែកនុយក្លេអ៊ែរសម្រាប់មន្ត្រីរដ្ឋាភិបាល កម្មវិធីបណ្តុះបណ្តាលអ្នកជំនាញក្នុងវិស័យឧស្សាហកម្ម និងកម្មវិធីអាហារូបករណ៍សម្រាប់អ្នកដឹកនាំវិស័យថាមពលនាពេលអនាគត។ កម្មវិធីទាំងនេះនឹងជួយពង្រឹងចំណេះដឹង និងសមត្ថភាពរបស់សិង្ហបុរីក្នុងការវាយតម្លៃបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរទំនើប។
រដ្ឋមន្ត្រីទទួលបន្ទុកថាមពល និងឧស្សាហកម្ម លោក តាន់ ស៊ី ឡេង បានបញ្ជាក់ថា រដ្ឋាភិបាលនៅមិនទាន់សម្រេចចិត្តប្រើប្រាស់ថាមពលនុយក្លេអ៊ែរនៅឡើយទេ ប៉ុន្តែការកសាងជំនាញ និងចំណេះដឹងចាប់ពីពេលនេះ គឺមានសារៈសំខាន់សម្រាប់ការសម្រេចចិត្តនាពេលអនាគត។ លោកក៏បានបញ្ជាក់ពីការប្តេជ្ញារក្សាស្តង់ដារសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរខ្ពស់បំផុត ប្រសិនបើប្រទេសសម្រេចប្រើប្រាស់បច្ចេកវិទ្យានេះ។
ជាមួយគ្នានេះ សាកលវិទ្យាល័យជាតិសិង្ហបុរី និងសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង កំពុងត្រៀមបើកកម្មវិធីថ្នាក់អនុបណ្ឌិតរួមផ្នែកវិស្វកម្មនុយក្លេអ៊ែរ នៅឆ្នាំ២០២៧ ដើម្បីបណ្តុះបណ្តាលអ្នកជំនាញក្នុងស្រុក។ សិង្ហបុរីក៏នឹងសហការជាមួយអង្គការអន្តរជាតិ និងក្រុមហ៊ុននុយក្លេអ៊ែរឈានមុខ ដើម្បីពង្រឹងសមត្ថភាព និងត្រៀមទទួលការវាយតម្លៃពីអ្នកជំនាញអន្តរជាតិនៅឆ្នាំ២០២៧។
ទោះបីជាមិនទាន់សម្រេចប្រើប្រាស់ថាមពលនុយក្លេអ៊ែរក៏ដោយ សិង្ហបុរីបានចាត់ទុកការកសាងចំណេះដឹង និងជំនាញជាមូលដ្ឋានសំខាន់សម្រាប់ការរៀបចំផែនការថាមពលរយៈពេលវែង។ ប្រទេសនេះកំពុងសិក្សាជម្រើសបច្ចេកវិទ្យាថាមពលកាបូនទាប ដើម្បីត្រៀមឆ្លើយតបនឹងតម្រូវការអគ្គិសនី និងធានាសន្តិសុខថាមពលនាពេលអនាគត៕
ចែករំលែកព័តមាននេះ