ប្រទេសបារាំង៖ អាជ្ញាធរបារាំងបានចាប់ខ្លួនមនុស្សចំនួន ១.៣១៤នាក់ ក្នុងអំឡុងបាតុកម្មទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ ខណៈមន្ត្រីនគរបាល ៥៣នាក់បានរងរបួសក្នុងការប៉ះទង្គិចជាមួយបាតុករ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Le Monde ដោយយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។
ក្រសួងមហាផ្ទៃបារាំងបានឱ្យដឹងថា អាជ្ញាធរបានចាត់វិធានការពន្លត់ភ្លើងចំនួន ៧៥ករណី និងមានហាងចំនួន ២៤កន្លែងត្រូវបានលួចទ្រព្យសម្បត្តិ។ បាតុកម្មនេះបានកើតឡើងនៅតាមទីក្រុងធំៗ ដោយសារការមិនពេញចិត្តចំពោះការកើនឡើងនៃថ្លៃរស់នៅ ខណៈអំពើហិង្សាបានផ្ទុះឡើងនៅតំបន់មួយចំនួន។
ក្រៅពីមន្ត្រីនគរបាល បាតុករមួយចំនួនក៏បានរងរបួសដែរ។ អាជ្ញាធរនៅទីក្រុងទូលូស និងក្លែរម៉ុង-ហ្វែរ៉ង់ បានរាយការណ៍ពីបុរសពីរនាក់រងរបួសត្រង់ដៃ ក្នុងនោះម្នាក់អាយុ ២០ឆ្នាំរងរបួសធ្ងន់។ ករណីរបួសមួយចំនួនទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេត ដើម្បីកំណត់មូលហេតុ។
នេះជាចុងសប្តាហ៍ទីពីរជាប់ៗគ្នាដែលបារាំងជួបប្រទះភាពចលាចល ដោយអាជ្ញាធរបានបើកការស៊ើបអង្កេតលើហេតុការណ៍ពាក់ព័ន្ធនឹងអំពើហិង្សា និងការលួចទ្រព្យសម្បត្តិ។ ស្ថានការណ៍នេះកើតឡើងនៅមុនការបោះឆ្នោតប្រធានាធិបតីបារាំងនៅខែមេសា និងឧសភា ឆ្នាំ២០២៧ ខណៈរដ្ឋាភិបាលកំពុងប្រឈមនឹងសម្ពាធក្នុងការរក្សាសន្តិសុខសាធារណៈ និងឆ្លើយតបចំពោះកង្វល់របស់ប្រជាពលរដ្ឋ៕
ចែករំលែកព័តមាននេះ