ខេត្តស្វាយរៀង ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានចុះប្រតិបត្តិការបង្ក្រាបទីតាំងលួចលាក់ជួញដូរ និងរក្សាទុកសារធាតុញៀនដោយខុសច្បាប់ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។
ករណីនេះកើតឡើងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។
ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការចង្អុលបង្ហាញ និងបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង។
ជាលទ្ធផលក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ វង្ស សូបូរិន ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។
ដកហូតវត្ថុតាង ៖ សារធាតុញៀនសរុបចំនួន ០៧ កញ្ចប់ (កញ្ចប់ធំ ០៦ កញ្ចប់) ទូរសព្ទដៃចំនួន ០១គ្រឿង ។
ដោយមានការឯកភាព និងសម្របសម្រួលនីតិវិធីពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕




ចែករំលែកព័តមាននេះ