ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ូទីប្រកាស​ថា​ខ្លួន​ទើប​តែ​វា.យ​ប្រ.ហារ​ស្ថានីយ​បូម​ប្រេង​ និង​ព្រលាន​យន្ត​ហោះ​អារ៉ាប៊ី​សា​អូឌីត​

2 ថ្ងៃ មុន

ទី​ក្រុង​តេ​អេរ៉ង់៖ ក្រុម​ឧទ្ទាម​ហ៊ូទី​ប្រកាស​ទទួល​ស្គាល់​ត្រង់​ៗ​តែ​ម្ដង​ថា​ខ្លួន​ទើប​តែ​​​វាយ​ប្រហារ​ស្ថានីយ​បូម​ប្រេង​មួយ​កន្លែង​របស់​ប្រទេស​អារ៉ាប៊ី​សា​អូឌីត​ស្ថិត​នៅ​តំបន់​ខាង​កើត​ឆៀង​ខាង​លិច​ ហើយ​ក៏​វាយ​ប្រហារ​ផង​ដែរ​ព្រលាន​យន្ត​ហោះ​នៅ​ទី​ក្រុង​រីយ៉ាត​។ ព្រឹត្តិ​ការណ៍​នេះ​កើត​​ឡើង​ស្រប​ពេល​ដែល​ការ​ផ្គត់​ផ្គត់​ប្រេង​ឆៅ​ទៅ​កាន់​ទី​ផ្សារ​អន្តរ​ជាតិ​ជួប​ប្រទះ​នឹង​បញ្ហា​រអាក់​រអួល​យ៉ាង​ខ្លាំង​ និង​ម៉្យាង​ទៀត​ ស្រួល​មិន​​ស្រួល​​សង្គ្រាម​​អាច​នឹង​បែក​សា​យាមោ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ព្រោះ​ភាគី​ម្ខាង​ៗ​កំពុង​តែ​សង្គ្រឺត​ធ្មេញ​ដាក់​គ្នា​សម្បើម​ណាស់​។​​

ក្រុម​សម្ព័ន្ធ​មិត្ត​​នៅ​ប្រទេស​យេម៉េន​ដែល​ដឹក​នាំ​ដោយ​អារ៉ាប៊ី​សា​អូឌីត និង​ដែល​ប្រឆាំង​នឹង​ក្រុម​​ឧទ្ទាម​ហ៊ូទី​​ថ្លែង​ថា​ខ្លួន​បាន​បាញ់​កម្ទេច​ជើង​ទម្រ​បាញ់​មីស៊ីល​បាលីស្ទីក​២​គ្រឿង​នៅ​រដ្ឋ​ធានី​សាណា​។ ក្នុង​នោះ ជើង​ទម្រ​មួយ​គ្រឿង​ត្រូវ​ក្រុម​ហ៊ូទី​ប្រើ​ប្រាស់​សម្រាប់​បាញ់​មីស៊ីល​តម្រង់​ទៅ​រក​ទី​ក្រុង​រីយ៉ាត​។ ប៉ុន្តែមីស៊ីល​នោះ​ត្រូវ​ក្រុម​សម្ព័ន្ធ​មិត្ត​បាញ់​ទម្លាក់​ទាន់​ពេល​វេលា​។​ អារ៉ាប៊ី​សា​អូឌីត​រក្សា​ភាព​ស្ងៀម​ស្ងាត់​ មិន​បាន​ធ្វើ​អត្ថា​ធិប្បាយ​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហា​រ​ពី​សំណាក់​ក្រុម​ហ៊ូទី​ទេ​។

នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ ក្រុម​ហ៊ូទី​បាន​ដៃ​សម្បើម​ណាស់​។ ពួក​គេ​បន្ត​បាញ់​មីស៊ីល​បាលីស្ទីក និង​បញ្ជូន​ដ្រូន​ទៅវាយ​ប្រហារ​អាកាស​យាន​ដ្ឋាន​នានា​របស់​អារ៉ាប៊ី​សា​អូឌីត​ កំពង់​ផែ​ និង​ទី​តាំង​ស្តុក​ទុក​ប្រេង​ឆៅ​របស់​ប្រទេស​នេះ​ ជា​ហេតុ​ធ្វើ​ឱ្យ​អារ៉ាប៊ី​សា​អូឌីត​ដែល​ពី​ដំបូង​ដៃ​ហាក់​ដូច​ជា​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​អុីរ៉ង់​ទេ​​ បែរ​ជា​ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​សង្គ្រាម​។ ចំណែក​អុីស្រា​អែល​​ដែល​ជា​អ្នក​ប្រឡូក​យ៉ាង​សកម្ម​ពី​ដំបូង​ទី​ ហាក់​ដូច​ជា​រួច​ខ្លួន​ទៅ​វិញ​។ អុីស្រា​អែល​អាច​នឹង​រង់​ចាំ​អ៊ុត​លទ្ធ​ផល​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​តំណាង​រាស្ត្រ​ខាង​មុខ​នេះ​សិន។​​ ស្រួល​មិន​ស្រួល​​ អុីស្រា​អែល​អាច​នឹង​លេង​មួយ​ក្ឌាំង​ទៀត​ក៏​អាច​ថា​បាន​។ ក្រុម​ហ៊ូទី​គ្មាន​កោត​ក្រែង​ចិត្ត​អ្នក​ណា​ទាំង​អស់​។ ពួក​គេ​ប្រកាស​ក្ដែង​ៗ​តែ​ម្ដង​ថា​ខ្លួន​​​ទើប​តែ​វាយ​ប្រហារ​អាកាស​យាន​ដ្ឋាន​អន្ត​រជាតិ​ឃីង​ខាលីត (King Khalid) ​នៅ​​ទី​ក្រុង​រីយ៉ាត​។

កាល​ពី​ថ្ងៃ​អាទិត្យ​ អាកាស​យាន​ដ្ឋាន​នេះ​បើក​ដំណើរ​ការ​ឡើង​វិញ​នូវ​ចំណត​សម្រាប់​អ្នក​ដំណើរ​រង់​ចាំ​បន្ទាប់​ពី​មាន​ហេតុ​ការណ៍​វាយ​ប្រហារ​ដ៏​ខ្លាំង​ក្លា​មួយ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​១៣​នាក់​កាល​​ដើម​ខែ​តុលា​​​។ មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋ​ជា​សមាជិក​កតិកា​សញ្ញា​មិចកា​ (Mecca Pact) ដែល​មាន​អារ៉ាប៊ី​សា​អូ​ឌីត តួក​គី និង​ប៉ាគីស្ថាន​គ្រោង​ជួប​គ្នា​ជា​មួយ​មន្ត្រី​រដ្ឋាភិបាល​អុីរ៉ង់​នៅ​ទី​ក្រុង​តេ​អេរ៉ង់​ដើម្បី​ពិភាក្សា​គ្នា​​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​តំបន់​។ នេះ​ជា​លើក​ទី​១​ដែល​មាន​កិច្ច​ជំនួប​កម្រិត​ខ្ពស់​របៀប​នេះរវាង​អុីរ៉ង់​ និង​រដ្ឋ​ជា​សមាជិក​បី​ទៀត​ចាប់​តាំង​ពី​​អារ៉ាប៊ី​សាអូឌីត​ទទួល​រង​ការ​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ពី​សំណាក់​ក្រុម​ហ៊ូទី​៕​ ប្រភព៖ Reuters