ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខួប១​ឆ្នាំ កិច្ចព្រមព្រៀង​សន្តិភាព​កូ​ឡា​ឡាំ​ពួរ​៖ កម្ពុជា​ប្រកាន់​ជំហរ​ដោះស្រាយ​ទំនាស់​ព្រំដែន​ដោយ​សន្តិវិធី និង​ច្បាប់​អន្តរជាតិ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​លើក​ឡើង​ថា ថ្ងៃនេះ គឺ​គម្រប់​ខួប ១​ឆ្នាំ នៃ​សេចក្តី​ថ្លែង​ការ​រួម ទីក្រុង​កូ​ឡា​ឡាំ​ពួរ រវាង​កម្ពុជា​និង​ថៃ (​ឬ​ហៅ​ថា កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​កូ​ឡា​ឡាំ​ពួរ​) ២៦ តុលា ២០២៥ – ២៦ តុលា ២០២៦ ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា​៖ “​កម្ពុជា​នៅ​តែ​គោរព​ស្មារតី នៃ​សេចក្តី​ថ្លែង​ការ​រួម ទីក្រុង​កូ​ឡា​ឡាំ​ពួរ និង​សូម​បញ្ជាក់​ឡើង​វិញ នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទំនាស់​ព្រំដែន និង​ខណ្ឌសីមា​ព្រំដែន​តាម​សន្តិវិធី និង​ច្បាប់​អន្តរជាតិ ដោយ​ចៀសវាង​ការ​គំរាមកំហែង​ប្រើប្រាស់ ឬ​ការ​ប្រើប្រាស់​កម្លាំង ហើយ​ទទួលស្គាល់​ថា គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ គណៈកម្មាធិការ​ព្រំដែន​ទូទៅ និង​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) គឺជា​យន្តការ​ទ្វេភាគី​ដែល​មាន​អាណ​តិ្ត​ការងារ​រៀង​ៗ​ខ្លួន​សម្រាប់​ធ្វើការ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ព្រំដែន​តាម​សន្តិវិធី​” ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី គូសបញ្ជាក់​ថា ៖ “​ខ្ញុំ​ក៏​យក​ឱកាស​នេះ ដើម្បី​ធ្វើការ​ថ្លែង​នូវ​អំណរ​គុណ​សារ​ជា​ថ្មី ចំពោះ​ឯកឧត្តម​ប្រធានាធិបតី Donald Trump និង​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី Anwar Ibrahim ដែល​បាន​ចូលរួម​យ៉ាង​សកម្ម និង​លើកទឹកចិត្ត​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​នេះ​ឡើង ក៏​ដូច​ជា​បន្ត​គាំទ្រ​ដល់​ដំណើរការ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​រវាង​រវាង​កម្ពុជា​និង​ថៃ ដោយ​សន្តិវិធី ដើម្បី​ឈាន​ទៅ​រក​សន្តិភាព​មួយ​ដែល​មាន​ចិ​រ​ភាព​” ។

ចំពោះ​ខួប​មួយ​ឆ្នាំ នៃ​សេចក្តី​ថ្លែង​ការ​រួម ទីក្រុង​កូ​ឡា​ឡាំ​ពួរ រវាង​កម្ពុជា និង​ថៃ​នេះ​ដែរ ឯកឧត្តម ម៉ា​កូ រូ​ប៊ី​យ៉ូ (Marco Rubio) រដ្ឋមន្ត្រី​ការ​បរទេស បាន​អះអាង​ថា អា​មេ​រិ​ក​បន្ត​ធ្វើការ​ជាមួយ​ភាគី​ទាំង​ពីរ ដើម្បី​គាំទ្រ​ការ​អនុវត្ត​កិច្ចព្រមព្រៀង និង​ជួយ​ធ្វើ​ឱ្យ​ការ​សន្យា​ស្វែងរក​សន្តិភាព​យូរអង្វែង​ក្លាយជា​ការ​ពិត​សម្រាប់​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ ។

ឯកឧត្តម រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក បាន​បញ្ជាក់​បែប​នេះ ក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក ក្នុង​ថ្ងៃ​ខួប​មួយ​ឆ្នាំ នៃ​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​កូ​ឡា​ឡាំ​ពួរ នៅ​ថ្ងៃ​ទី​២៦ ខែតុលា​នេះ ។

ក្នុង​សេចក្តីថ្លែងការណ៍​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ដូច្នេះ «​មួយ​ឆ្នាំ​មុន​គត់​នៅ​ថ្ងៃនេះ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​នាំ​កម្ពុជា និង​ថៃ ចុះ​ហត្ថ លេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ដែល​ជា​សមិទ្ធផល​ការទូត​ដ៏​សំខាន់​មួយ អាច​សម្រេច​ទៅ​បាន​ដោយសារ ភាព​ជា​អ្នកដឹកនាំ​ដ៏​ម៉ឺងម៉ាត់ និង​ការ​ប្តេជ្ញា​ចិត្ត ដើម្បី​សន្តិភាព​របស់​លោក​» ។

ឯកឧត្តម​បាន​បន្ថែម​ថា «​កិច្ចព្រមព្រៀង​នេះ បាន​បង្ហាញ​ពី​អនុភាព នៃ​ការទូត​អា​មេ​រិ​ក​ក្នុង​ការ​ដោះស្រាយ​ជម្លោះ និង​បាន​ចាក់​គ្រឹះ​សម្រាប់​សន្តិភាព​រវាង​កម្ពុជា និង​ថៃ​។ សហរដ្ឋអាមេរិក បន្ត​ធ្វើការ​ជាមួយ​ភាគី​ទាំង​ពីរ ដើម្បី​គាំទ្រ​ការ​អនុវត្ត​កិច្ចព្រមព្រៀង និង​ជួយ​ធ្វើ​ឱ្យ​ការ​សន្យា​ស្វែងរក​សន្តិភាព​យូរអង្វែង​ក្លាយជា​ការ​ពិត​សម្រាប់​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​» ។

ក្នុង​ថ្ងៃ​ខួប​មួយ​ឆ្នាំ នៃ​សេចក្តីថ្លែងការណ៍​រួម​នេះ​ដែរ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​ជា​ថ្មី នូវ​ការ​គោរព​ស្មារតី នៃ​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​កូ​ឡា​ឡាំ​ពួរ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទំនាស់​ព្រំដែន និង​ខណ្ឌសីមា​ព្រំដែន​តាម​សន្តិវិធី និង​ច្បាប់​អន្តរជាតិ ។

សម្តេច​នាយក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​លើ​ការ​ចៀសវាង​ការ​គំរាមកំហែង​ប្រើប្រាស់ ឬ​ការ​ប្រើប្រាស់​កម្លាំង ហើយ​ទទួលស្គាល់​ថា គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ គណៈកម្មាធិការ​ព្រំដែន​ទូទៅ និង​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) គឺជា​យន្តការ​ទ្វេភាគី​ដែល​មាន​អាណ​តិ្ត​ការងារ​រៀង​ៗ​ខ្លួន​សម្រាប់​ធ្វើការ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ព្រំដែន​។

សូម​បញ្ជាក់​ថា កិច្ចព្រមព្រៀង​សន្តិភាព​ខាងលើ​នេះ​បាន​កើតឡើង បន្ទាប់​ពី​មានការ​ប៉ះទង្គិច​ដោយ​អាវុធ​រវាង​កម្ពុជា និង​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ដែល​បាន​បណ្តាល​ឱ្យ​មានការ​បាត់បង់​ជីវិត​ទាំង​យោធិន និង​ជន​ស៊ី​វិល​នៃ​ប្រទេស​ទាំង​ពីរ​។ កិច្ចព្រមព្រៀង​សន្តិភាព​នេះ គឺជា​ការ​ចាប់ផ្តើម​ដ៏​សំខាន់​មួយ ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង និង​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការ​បញ្ចប់​ជម្លោះ ព្រមទាំង​ការ​ស្តារ​ទំនាក់ទំនង​ឡើង​វិញ​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​។

បើ​ទោះជា​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ការ​ប៉ះទង្គិច​បាន​ផ្ទុះ​ឡើង​សារ​ជា​ថ្មី ដោយ​អូស​បន្លាយ​អស់​រយៈពេល​២១​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​។ នេះ​ជា​សង្គ្រាម​ឈ្លានពាន​សុទ្ធសាធ​របស់​ប្រទេស​ថៃ មក​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា​។ វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង និង​បាន​បណ្តាល​ឱ្យ​មាន​ជន​ស៊ី​វិល និង​វីរ​យោធិន​កម្ពុជា កាន់តែ​ច្រើន​បាន​បាត់បង់​ជីវិត ព្រមទាំង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល ជា​ច្រើន​កន្លែង​។

មិនតែប៉ុណ្ណោះ ថៃ​នៅ​តែ​បន្ត​អំពើ​រំលោភ​បំពាន​ដ៏​កម្រោល ដោយ​មិន​ខ្លាច​ច្បាប់​អន្តរជាតិ មក​លើក​ដែន​អធិបតេយ្យភាព​កម្ពុជា តាម​រយៈ​សកម្មភាព​ដ៏​គឃ្លើន ដូច​ជា​ការ​រាយ​បន្លា​លួស ដាក់​លូ​ជ្រុង ដាក់​ទូ​កុងតឺន័រ ជីក​លេណដ្ឋាន កម្ទេច​ផ្ទះ​ប្រជាជន សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​។​ល​។ នៅ​ក្នុង​តំបន់​ដែល​ពួក​គេ​បាន​កាន់កាប់​ដោយ​ខុសច្បាប់ បើ​ទោះជា​សេចក្តី​ប្រកាស​រួម នៃ​កិច្ចប្រជុំ​ពិសេស​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) លើក​ទី​៣ រវាង​កម្ពុជា និង​ថៃ ត្រូវ​បាន​ចុះហត្ថលេខា នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ក៏​ដោយ​។

ថៃ​បាន​និង​កំពុង​បង្កើត​ស្ថានភាព​ថ្មី​នៅ​លើ​ទីតាំង​ជាក់ស្តែង (fait accompli) ដែល​កម្ពុជា​មិន​អាច​ទទួលយក​បានជា​ដាច់ខាត​។ រាជរដ្ឋាភិបាល​កម្ពុជា ប្រកាន់​ជំហរ​ដាច់ខាត គឺ​មិន​ទទួលស្គាល់​ការ​កែប្រែ​ខ្សែបន្ទាត់​ព្រំដែន​ដោយ​កម្លាំង​នោះ​ឡើយ ៕