ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន ​ជំរុញ​ការ​ផ្សាយ​ព័ត៌មាន​ពិត ​ដើម្បី​ការពារ​អច្ឆរិយ​ធម្មជាតិ​ នៃ​កម្ពុជា

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖​ ក្នុង​ពិធី​បើក​យុទ្ធនាការ «​អច្ឆរិយ​ធម្មជាតិ ​នៃ​កម្ពុជា​» លោក ទេព អ​ស្នា​រិ​ទ្ធ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​ថ្លែង​សារ ដោយ​សង្កត់ធ្ងន់​លើ​តួនាទី​ នៃ​ព័ត៌មាន​ផ្អែក​លើ​អង្គហេតុ​ពិត មាន​ប្រភព​ច្បាស់លាស់ ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​របស់​សាធារណជន និង​បំប្លែង​ចំណេះដឹង​នោះ​ឱ្យទៅ​ជា​ចលនា​វិជ្ជមាន ​រួមចំណែក​ដល់​ការ​ការពារ​បេតិកភណ្ឌ​ធម្មជាតិ និង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ។

យុទ្ធនាការ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​កិច្ចសហការ​រវាង ក្រសួង​ព័ត៌មាន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រសួងទេសចរណ៍ ជាមួយ​បណ្តាញ​ដៃគូ​អភិវឌ្ឍន៍ អង្គការ​រួម​មាន CI, WCS, WEA, Wonders of the Mekong, WWF, NatureLife, Fauna&Flora, IUCN និង​មានការ​ចូលរួម​ពី​សហគមន៍ វិស័យ​ឯកជន សារព័ត៌មាន យុវជន និង​គ្រឹះស្ថានសិក្សា​ជា​ច្រើន​ ។

ព្រឹត្តិការណ៍​នេះ ​ធ្វើ​ឡើង​ក្នុង​គោល​បំ​ណង​ផ្សារ​ភ្ជាប់​សាធារណជន ជា​ពិសេស​យុវជន​នៅ​តំបន់​ទីក្រុង ទៅ​នឹង​តួនាទី​ និង​តម្លៃ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី ធម្មជាតិ និង​ជីវចម្រុះ​ក្នុង​រស់នៅ​របស់​មនុស្ស និង​ការ​អភិវឌ្ឍ​ក្នុង​សង្គម ​។

ថ្លែង​ក្នុង​ឱកាស​នោះ លោក ទេព អ​ស្នា​រិ​ទ្ធ បាន​អបអរសាទរ ជូន​ចំពោះ​ក្រសួង និង​ស្ថាប័ន​ជា​ដៃគូ​សហការ ដែល​បាន​ផ្តួចផ្តើម​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង និង​បាន​គូសបញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​បរិស្ថាន និង​ធនធានធម្មជាតិ ដោយ​ឈរ​លើ​មូលដ្ឋាន​ នៃ​អង្គហេតុ​ពិត ទិន្នន័យ​វិទ្យាសាស្ត្រ និង​ប្រភព​ច្បាស់លាស់ មិន​ត្រឹមតែ​អាច​កសាង​រក្សា​ទំនុកចិត្ត​ពី​សាធារណជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​កាតាលីករ​ដ៏​មាន​ឥទ្ធិពល ក្នុង​ការ​លើក​ស្ទួយ​កិច្ច​អភិរក្ស ជំរុញ​ទេសចរណ៍ធម្មជាតិ បង្កើន​ប្រាក់​ចំណូល​សហគមន៍ និង​លើកកម្ពស់​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ ​។

លោក​បាន​បញ្ជាក់​ថា ​៖ «​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន ​ប្រកបដោយ​វិជ្ជាជីវៈ និង​ការ​ទទួលខុសត្រូវ គឺជា​ស្ពាន​ចម្លងការ​យល់​ដឹង​ពី​តំបន់​អភិរក្ស​ធម្មជាតិ តំបន់​ព្រៃឈើ ជីវចម្រុះ និង​ពី​សហគមន៍​មូលដ្ឋាន ទៅ​កាន់​បេះដូង​របស់​ប្រជាពលរដ្ឋ​។ ព័ត៌មាន​ពិត នឹង​បំប្លែង​ការ​យល់​ដឹង​ឱ្យទៅ​ជា​សកម្មភាព​វិជ្ជមាន ដើម្បី​រួមចំណែក​ក្នុង​កិច្ច​ខិតខំ​អភិរក្ស និង​ការពារ​ធនធានធម្មជាតិ​របស់​កម្ពុជា​ដើម្បី​ការ​អភិវឌ្ឍ​ចីរភាព​» ។

លោក ទេព អ​ស្នា​រិ​ទ្ធ ​ដើម្បី​លើកកម្ពស់​តួនាទី និង​ការ​ចូលរួម​សង្គម​ក្នុង​ការ​ថែរក្សា​បរិស្ថាន និង​ការពារ​ធម្មជាតិ លោកអនុរដ្ឋលេខាធិការ បាន​មាន​ប្រសាសន៍​អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន និង​តួអង្គ​ពាក់ព័ន្ធ ឱ្យ​បង្កើន​ការ​ផ្សេ​ព្វ​ផ្សាយ និង​ផ្តល់​ព័ត៌មាន តាម​រយៈ​ការ​បន្ត​បើកចំហ និង​ចែករំលែក​ព័ត៌មាន ទិន្នន័យ​វិទ្យាសាស្ត្រ របកគំហើញ​ នៃ​ប្រភេទ​ជីវចម្រុះ​ថ្មី​ៗ និង​លទ្ធផល​ស្រាវជ្រាវ វិទ្យាសាស្ត្រ​អភិរក្ស ​និង​គ្រប់គ្រង​តំបន់​ការពារ គម្រោង​អភិវឌ្ឍ​ជីវភាព​សហគមន៍​មូលដ្ឋាន ​។
មិនតែប៉ុណ្ណោះ ​អនុរដ្ឋលេខាធិការ​បាន​ជម្រុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តី​ពី​ប្រធានបទ​អន្តរ​វិស័យ​ដូច​ជា​បរិស្ថាន​និង​ទេសចរណ៍​, បរិស្ថាន​និង​វប្បធម៌​, បរិស្ថាន​និង​សុខភាព និង​ការ​អប់រំ​ជាដើម ដើម្បី​បង្កើន​ការ​យល់​ដឹង និង​ការ​អប់រំ​សាធារណៈ ​ស្តី​ពី​សារៈសំខាន់ ​នៃ​ធនធានធម្មជាតិ និង​ជីវចម្រុះ​ដែល​កម្ពុជា​មាន ដើម្បី​ជម្រុញ​ការ​ចូលរួម​ថែរក្សា​ការពារ​ ។

ចំពោះ​អ្នក​សារព័ត៌មាន និង​អ្នក​បង្កើត​មាតិកា លោក ទេព អ​ស្នា​រិ​ទ្ធ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​ក្រើនរំលឹក​អំពី​ភាព​ចាំបាច់​ នៃ​ការ​ស្រាវជ្រាវ​ជា​មុន​អំពី​ប្រធានបទ និង​មុម​ព័ត៌មាន​ដែល​គ្រោង​ធ្វើ ឱ្យ​បាន​ច្បាស់លាស់ ដោយ​ផ្អែក​លើ​ព័ត៌មាន​ពី​ប្រភព​ផ្លូវការ​ជា​មូលដ្ឋាន និង​ត្រូវ​ផ្តល់​ឱកាស​ឱ្យ​មាន​សំឡេង​អ្នក​ពាក់ព័ន្ធ​ក្នុង​សាច់​រឿង​សម្រាប់​ការ​សរសេរ ផលិត និង​ផ្សាយ​ព័ត៌មាន​ ។

លោក​បាន​អំពាវនាវ​ដល់​អ្នក​សារ​ព័ត៌​មាន និង​អ្នករាយការណ៍​ព័ត៌មាន​មិន​មែន​អាជីព​ទាំងអស់ ឱ្យ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ ការ​គោរព​ច្បាប់​ និង​លិខិត​បទដ្ឋាន​ក្នុង​វិស័យ​ព័ត៌មាន ដើម្បី​ចូលរួម​ផលិត​មាតិកា​ស្រាវជ្រាវ អំពី​តំបន់​ធម្មជាតិ​ដែល​មាន​ភាព​ទាក់ទាញ​ទេសចរ និង​បង្កើត​សារ​វិជ្ជមាន ដែល​បង្ហាញ​ពី​តម្លៃពិត​ នៃ​ធម្មជាតិ ការ​ការពារ​សត្វព្រៃ​ប្រភេទ​កម្រ និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជួញដូរ​ធនធានធម្មជាតិ​ខុសច្បាប់​ ។

លោក​បញ្ជាក់​ថា ​៖ «​អ្នក​សារព័ត៌មាន និង​អ្នករាយការណ៍​មិនមែន​អាជីព​ជា​ភ្នាក់ងារ​ពាំនាំ​សារ និង​បទ​ពិសោធន៍​ជាក់ស្តែង​របស់​ប្រជាជន​សហគមន៍​មូលដ្ឋាន ទាក់ទង​នឹង​ការ​រស់នៅប្រកប​របរ​ចិញ្ចឹមជីវិត តម្លៃ ​នៃ​ទំនៀមទម្លាប់ វប្បធម៌​ប្រពៃណី​បុរាណ​របស់​ជនជាតិ​ដើម​ភាគតិច ជាមួយ​ការ​អនុវត្ត​គម្រោង​បង្កើន​ប្រាក់​ចំណូល​របស់​ពួក​គេ ដែល​បង្កើត​ជា​ប្រព័ន្ធ​ការពារ​ធម្មជាតិ​ដ៏​រឹង​មាំ​របស់​សហគមន៍​តំបន់​ធម្មជាតិ និង​ព្រៃ​ការពារ​ក្នុង​ប្រទេស​កម្ពុជា​» ។

លោក ទេព អ​ស្នា​រិ​ទ្ធ ​លើក​ឡើង​ថា ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​រួម​មាន ព្រៃឈើ ទន្លេ តំបន់ដីសើម និង​ឆ្នេរសមុទ្រ​មិន​ត្រឹមតែ​ជា​ប្រភព​ស្បៀង និង​ទឹក​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​ទៅ​នឹង​សុខភាព​សាធារណៈ វប្បធម៌ ជំនឿ​ប្រពៃណី និង​អត្តសញ្ញាណ​ជាតិខ្មែរ​តាំងពី​បុរាណកាល ​។

​អនុរដ្ឋលេខាធិការ បាន​មាន​លើក​ឡើង​ផង​ដែរ​ថា ព្រឹត្តិការណ៍​នេះ​បង្កើត​ឱកាស​សម្រាប់​ការ​បណ្តុះ​ស្មារតី​ស្រលាញ់​ធម្មជាតិ និង​ការ​ទទួលខុសត្រូវ​តាម​រយៈ​ការ​ប្រកាន់​ឥរិយាបថ​រស់នៅ​ល្អ​ប្រចាំ​ថ្ងៃ​របស់​យុវវ័យ និង​ប្រជាពលរដ្ឋ​ទូទៅ ដូច​ជា​ការ​កាត់​បន្ថយ​ប្លា​ស្ទិ​ក ការ​បដិសេធ​មិន​បរិភោគ​សាច់សត្វ​ព្រៃ និង​ការ​ចូលរួម​ថែរក្សា​បរិស្ថាន ព្រោះ​ការ​ការពារ​ធម្មជាតិ គឺជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​គ្រប់​រូប​ ។

លោក ទេព អ​ស្នា​រិ​ទ្ធ បាន​គូសបញ្ជាក់ ​នូវ​ការ​សហការ​របស់​ក្រសួង​ព័ត៌មាន ជាមួយ​ក្រសួង​-​ស្ថាប័ន អង្គការ ដៃគូ​ក្នុង​វិស័យ​ឯកជន ដើម្បី​បន្ត​លើកកម្ពស់​ព័ត៌មាន មាតិកា​អប់រំ​ប្រកបដោយ​គុណភាព ដើម្បី​បង្កើន​ការ​យល់​ដឹង​សាធារណៈ និង​ប្រែក្លាយ​សារ​អភិរក្ស​ឱ្យទៅ​ជា​ការ​ចូលរួម​វិជ្ជមាន​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការ​រក្សា​មរតក «​អច្ឆរិយ​ធម្មជាតិ​ នៃ​កម្ពុជា​» សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​៕