មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរី ចុះបង្ក្រា.បបទល្មើសធនធានធម្មជាតិជាបន្តបន្ទាប់ រយៈពេល ៤ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងជាច្រើន
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចណាស់ជនសង្ស័យម្នាក់ចំណោមចំនួនពីរនាក់ ត្រូវបានបញ្ជូនទៅពន្ធនាគារក្នុងបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ក្នុងប្រតិបត្តិការរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ របស់មន្ត្រីបរិស្ថាន។
លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការខិតខំល្បាតទាំងយប់ទាំងថ្ងៃរបស់មន្ត្រីឧទ្យានុក្សខេត្តមណ្ឌលគិរី បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ អនុវត្តតាមអនុសាសន៍ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន គឺ « អនុវត្តច្បាប់១០០%» ។
ជាក់ស្តែង ករណីទី១ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៦ និង១៥នាទី មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក បានល្បាតមកដល់ចំណុចផ្លូវបែកស្រែឡាយអូរច្បារ ស្ថិតនៅភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ប្រទះឃើញជនសង្ស័យម្នាក់ ឈ្មោះ រ៉ា រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិព្នង រស់នៅភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ កំពុងជិះម៉ូតូចំនួន០១គ្រឿង ចេញមកពីក្នុងព្រៃ។
ក្រុមការងារបានស្ទាក់ចាប់ឃាត់ត្រួតពិនិត្យ ឃើញក្នុងសាក់កាដូមាន អាវុធ វាំងដឺឡុង (បំពាក់ឧបករណ៍តម្រង់) ចំនួន០១ដើម គ្រាប់ចំនួន១៧គ្រាប់ និងទូរស័ព្ទដៃម៉ាក (itel A66L) ពណ៌ខ្មៅចំនួន០១គ្រឿង។ ករណីនេះស៊ីសង្វាក់គ្នានឹងករណីកាប់ព្រៃរំលំដើមឈើចាប់យកស្វាកាលពីថ្ងៃទី២០ តុលា ក្នុងរូបភាពទ្រង់ទ្រាយធំ។ ដោយមានការសម្របសម្រួលពីសំណាក់ព្រះរាជអាជ្ញា ជនសង្ស័យ និងវត្ថុតាងត្រូវបាននាំយកមកមន្ទីរបរិស្ថានដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។ លុះដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ជនត្រូវចោទខាងលើត្រូវបានតុលាការចេញដីកាបញ្ជាបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តមណ្ឌលគិរី។
សេចក្តីរាយការណ៍បន្តថា ករណីទី២ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៨ និង០៥នាទីយប់ មន្ត្រីឧទ្យានុរក្ស និងភ្នាក់ងារល្បាត ប្រចាំស្នាក់ការរងអូររាំង និងស្នាក់ការកណ្តាលកែវសីមា នៃដែនជម្រកសត្វព្រៃកែវ បានចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ត្រង់ចំណុចលោកតាក្រហមក ស្ថិតក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា ក្រុមការងារបានប្រទះឃើញរថយន្តម៉ាក CHEVROLET COLORADO ពណ៌ស ចង្កូតឆ្វេង ពាក់ស្លាកលេខ ភ្នំពេញ 2AW-1078 ចំនួន ០១គ្រឿង ធ្វើដំណើរពីស្រុកអូររាំងឆ្ពោះទៅស្រុកកែវសីមា ដោយក្រុមការងារសង្ស័យថាមានដឹកជញ្ជូនឈើ ក៏បានធ្វើការស្ទាក់ឃាត់រថយន្តខាងលើ។
ត្រួតពិនិត្យឃើញមានផ្ទុកឈើអារប្រភេទលេខ១ កែច្នៃជាទ្វារ ចំនួន ១៥សន្លឹក ស្មើនឹង ១,៣២០ ម៉ែត្រគូប គឺជាឈើខុសច្បាប់គ្មានលិខិតអនុញ្ញាត។ សមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យជាអ្នកបើកបរចំនួន ០១នាក់ ឈ្មោះ ធឿន តារា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ព្រមទាំងដកហូតវត្ថុតាងទាំងអស់ យកទៅរក្សាទុកជាបណ្ដោះអាសន្ននៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី(កំពុងរៀបចំនិតិវិធីបន្តបញ្ជូនទៅតុលាការនៅថ្ងៃទី២៦ តុលា ២០២៦)។
ករណីទី៣ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការកណ្តាលរយ៉ ចុះល្បាត បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ដល់ត្រង់ចំណុចអូរព្រះ (តំបន់ស្នូល) ដែនជម្រកសត្វព្រៃលំផាត់ ស្ថិតក្នុងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក បានប្រទះឃើញជនសង្ស័យចំនួន០៣នាក់ ជិះម៉ូតូចំនួន០៣គ្រឿង ដឹកការ៉ុងចំនួន០៣។ ពេលឃើញក្រុមមន្ត្រីជំនាញ ក្រុមជនសង្ស័យបានផ្តួលម៉ូតូចោលរួចរត់គេចខ្លួនចូលព្រៃបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន០២គ្រឿង និងម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខៀវ គ្មានស្លាកលេខ ចំនួន០១គ្រឿង។ ត្រួតពិនិត្យជាក់ស្តែងឃើញក្នុងការុងមាន អន្ទាក់ខ្សែគោ ចំនួន៦៣ខ្សែ និងបន្ទះក្តារសម្រាប់ដាក់អន្ទាក់ឱ្យសត្វព្រៃជាន់ ចំនួន១៤៤បន្ទះ។ វត្ថុតាងទាំងអស់ត្រូវបានដឹកជញ្ជូនយកមករក្សាទុកនៅទីស្នាក់ការកណ្តាលរយ៉លើ ដើម្បីបន្តតាមនីតិវិធីច្បាប់ ក្រមបរិស្ថាន។
ដោយឡែកករណីទី៤ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៦ កម្លាំងប្រចាំស្នាក់ការរងស្រែផ្លែង សហការជាកម្លាំងស្នាក់ការរងពូគង់ ទួលពង្រ និងភ្នាក់ងារល្បាត ចុះល្បាតត្រង់ចំណុច ត្រពាំងញៀត ស្ថិតក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា បានប្រទះឃើញជនមិនស្គាល់អត្តសញ្ញាណ ចំនួន ០៤នាក់ កំពុងធ្វើសកម្មភាពអារជ្រៀក និងដឹកជញ្ជូនឈើ។ ជនទាំងនោះបាននាំគ្នារត់គេចខ្លួនបាត់ បន្សល់ទុកនូវម៉ូតូកែច្នៃ ចំនួន ០១គ្រឿង រណារយន្តចំនួន ០២គ្រឿង និងឈើអារប្រភេទលេខ១ (សុក្រម) ចំនួន ០២ដុំ។
បន្ទាប់មក ក្រុមការងាររុករកជុំវិញបរិវេណអារឈើ បានឃើញម៉ូតូ ចំនួន ០២គ្រឿងទៀត (សរុបដកហូតបាន ម៉ូតូកែច្នៃ ចំនួន ០២គ្រឿង ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ចំនួន ០១គ្រឿង រណាយន្តចំនួន ០២គ្រឿង)។ វត្ថុតាងទាំងនេះត្រូវបានយកមករក្សាទុកនៅស្នាក់ការរងស្រែផ្លែង និងបន្តស្រាវជ្រាវរកអត្តសញ្ញាណជនល្មើសដើម្បីចាត់ការតាមនីតិវិធីច្បាប់៕












ចែករំលែកព័តមាននេះ