ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស៊ី​ជីន​ពីង​បើក​កិច្ច​ប្រជុំ​គណៈ​មជ្ឈិម​បក្ស​កុម្មុយ​និស្ត​​ចិន​ដោយ​​​​ផ្ដោត​សំខាន់​លើ​ការ​ពង្រឹង​​​អភិ​បាល​កិច្ច​

3 ថ្ងៃ មុន

ទី​ក្រុង​ប៉េកាំង៖ ​ថ្ងៃ​នេះ បក្ស​កុម្មុយ​និស្ត​ចិន​ចាប់​ផ្ដើម​បើក​មហា​សន្និ​បាត​រយៈ​ពេល​បួន​ថ្ងៃ​ដែល​ចូល​រួម​ដោយ​មន្ត្រី​កំពូល​ៗ​របស់​បក្ស​ សំដៅ​ដាក់​ចេញ​វិធាន​ការ​ដ៏​ម៉ឺង​ម៉ាត់​ក្នុង​ការ​​ពង្រឹង​ប្រព័ន្ធ​អភិ​បាល​កិច្ច​ផ្ទៃ​​ក្នុង​ឱ្យ​បាន​ពេញ​លេញ និង​ប្រកប​ដោយ​ជំហាន​ហ្មត់​ចត់​។ មហា​សន្និ​បាត​នេះ​រៀប​ចំ​ឡើង​ចំ​ពេល​ដែល​ប្រធានា​ធិបតី​ចិន​ លោក​ស៊ី​ជីន​ពីង​ កំពុង​ខិត​ខំ​ពង្រឹង​អំណាច​របស់​លោក​ និង​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​​ភាព​ចុះ​សម្រុង​គ្នា​ផ្នែក​មនោ​គមន៍​វិជ្ជា​​កុម្មុយ​និស្ត​។ លោក​ស៊ី​ជីន​ពីង​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដោយ​សង្ខេប​ជូន​​​​គណៈ​មជ្ឈិម​បក្ស​​​នៅ​លើ​សំណុំ​ឯក​សារ​ព្រាង​​​ដែល​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ស៊ីន​ហួ​​ចាត់​ទុក​ថា​​ជា​បញ្ហាធំៗ​ដែល​បក្ស​កំពុង​តែ​ប្រឈម​ដោះ​ស្រាយ​​។ ឧទាហរណ៍ ដូច​ជា​​ការ​រ៉ាប់​រង​ធ្វើ​កិច្ច​​ការ​នៅ​ក្នុង​អភិបាល​កិច្ច​កាន់​តែ​ច្រើន​ឡើង​ៗ, ​ការ​មិន​ត្រូវ​មាន​មោទក​ភាព​ហួស​ហេតុ​រហូត​ដល់​ភ្លេច​​​ខ្លួន, និង​ជា​ពិសេស​ ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​​ជា​មូល​ដ្ឋាន​គ្រឹះ​នៅ​ក្នុង​កម្ម​វិធី​នយោបាយ​របស់​លោក​ស៊ី​ជីន​ពីង​តាំងតែ​​ពី​ដើម​រៀង​មក​។

បទ​អត្ថា​ធិប្បាយ​នោះ​សរ​សេរ​រៀប​រាប់​ថា​​គេ​ត្រូវ​តែ​អនុ​វត្ត​ឱ្យ​ចេញ​ជា​សាច់​ការ​ពិត​ប្រាកដ​​នូវ​សេចក្ដី​សម្រេច​ចិត្ត​ និង​ផែន​ការ​នានា​ដែល​ដាក់​ចេញ​ដោយ​គណៈ​មជ្ឈិម​បក្ស​ជា​ជាង​បាន​ត្រឹម​តែ​បំផ្លោង​វោហារ​សាស្ត្រ​ឥត​ប្រយោជន៍​​។ វា​ជា​រឿង​ចាំ​បាច់​ណាស់​ដែល​ត្រូវ​តែ​ពិនិត្យ​​សើរើ​ឡើង​វិញ​នូវ​វិធាន​ផ្ទៃ​ក្នុង និង​បទ​បញ្ញត្តិ​នានា​ដើម្បី​បិទ​ភ្ជិត​ចំណុច​ចន្លោះ​ប្រហោង​ ក៏​ដូច​ជា​​​​​ពង្រឹង​ការ​ឃ្លាំ​មើល​​ និង​ធានា​ការ​អនុ​វត្ត​វិធាន​ និង​បទ​បញ្ញត្តិ​ទាំង​នោះប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​។ តាម​គម្រោង គណៈ​មជ្ឈិម​បក្ស​កុម្មុយ​និស្ត​ចិន​នឹង​រៀប​ចំ​មហា​សន្និបាត​បក្ស​ជា​អសា​ធារណៈ (ប្រជុំ​បិទ​ទ្វារ​​) ចាប់​ពី​ថ្ងៃ​ចន្ទ​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​​​។

នេះ​ជា​កិច្ច​ប្រជុំ​លើក​ទី​ប្រាំ​ចាប់​តាំង​ពី​គណៈ​មជ្ឈិម​បក្ស​បច្ចុប្បន្ន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០២២​។ ហេតុ​នេះ កិច្ច​ប្រជុំ​លើក​នេះ​ត្រូវ​គេ​ស្គាល់​ថា​​ជា​មហា​សន្និបាត​បក្ស​លើក​ទី​៥​។ ក្រុម​អ្នក​វិភាគ​យល់​ថា​ការ​ជួប​គ្នា​លើក​នេះ​ប្រហែល​ជា​លើក​ចុង​ក្រោយ​បង្អស់​មុន​ពេល​មាន​ការ​រុះ​រើ​ថ្នាក់​ដឹក​នាំ​កំពូល​ៗ​នា​ឆ្នាំ​២០២៧​​​។ គេ​រំពឹង​ថា​លោក​ស៊ី​ជីន​ពីង​នឹង​ជាប់​ឆ្នោត​ក្លាយ​ជា​​ប្រធានា​ធិបតី​នៅ​អាណត្តិ​ទី​បួន​។ គួរ​កត់​សម្គាល់​ថា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​ស៊ី​ជីន​ពីង​បាន​ដឹក​​នាំ​យុទ្ធ​នា​ការ​ប្រយុទ្ធ​​ប្រឆាំង​អំពើ​ពុក​រលួយ​យ៉ាង​ខ្លាំង​ក្លា​។ ​​មន្ត្រី​ជាន់​ខ្ពស់​រាប់​រយ​នាក់​ មិន​ថា​នៅ​ក្នុង​ស្ថាប័ន​ស៊ីវិល និង​យោធា​នោះ​ទេ​ ត្រូវ​បាន​ដក​​ចេញ​ពី​តំណែង​។

សូម្បី​តែ​សម្ព័ន្ធ​មិត្ត​ចិត្ត​មួយ​ថ្លើម​មួយ​ដែល​ស្គាល់​រាប់​អាន​គ្នា​រាប់​សិប​ឆ្នាំ​មក​ហើយ​ ហើយ​ជា​មនុស្ស​ជិត​ស្និទ្ធ​ខ្លាំង​​ជា​មួយ​នឹង​លោក​​ស៊ី​ជីន​ពីង​ក៏​ត្រូវ​អស់​តំណែង​ផង​ដែរ​​។ ក្រុម​អ្នក​​រិះ​គន់​បាន​លើក​ជា​ទឡ្ហី​ករណ៍​ថា​​​យុទ្ធ​នា​ការ​បោស​សម្អាត​នេះ​​ អាច​បង្ក​អស្ថិរ​ភាព​ និង​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​កម្លាំង​ប្រយុទ្ធ​ ជា​ពិសេស​ ការ​បោស​សម្អាត​មន្ត្រី​យោធា​កំពូល​ៗ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី បក្ស​កុម្មុយ​និស្ត​ចិន​​មិន​គិត​ដូច្នេះ​ទេ​។ បក្ស​ចាត់​ទុក​យុទ្ធ​នា​ការ​នេះ​ជា​ការ​ចាំ​បាច់​ដែល​ត្រូវ​តែ​ធ្វើ​ដោយ​ខាន​ពុំ​បាន​ ហើយ​ត្រូវ​តែ​ធ្វើ​ឡើង​ជា​លក្ខណៈ​អ្នក​ជំនាន់​ថ្មី​ស្នង​អ្នក​ជំ​នាន់​ចាស់​។ កង​ទ័ព​ត្រូវ​តែ​ធ្វើ​ខ្លួន​ឱ្យ​ដូច​​ជា​ដែក​ដែល​ត្រូវ​គេ​យក​ទៅ​លត់​ហើយ​ដំ​ ដំ​ហើយ​លត់​ជា​ច្រើន​លើក​ច្រើន​សា​។​

បទ​អត្ថា​ធិប្បាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ស៊ីន​ហួ​បាន​ជួយ​បន្ទរ​យុទ្ធ​នា​ការប្រយុទ្ធ​ប្រឆាំង​​​​​អំពើ​ពុក​រលួយ​ នេះ ហើយ​​​​ចាត់​ទុក​ថានេះ​​ជា​ការ​បង្ហាញ​នូវ​ប្រព័ន្ធ​អភិ​បាល​កិច្ច​ដែល​​ប្រកប​ដោយ​ចីរ​ភាព និង​ជា​ខ្សែ​សង្វាក់​ ​សំដៅ​ធានា​ថា​មន្ត្រី​ទាំង​នោះ​មិន​ហ៊ាន​, មិន​អាច​ និង​មិន​ចង់​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។ ស៊ីន​ហួ​ចុះ​ផ្សាយ​បន្ត​ទៀត​ថា​សម្រាប់​ក្រុម​អ្នក​វិនិយោគ​អន្តរ​ជាតិ​ និង​អ្នក​តាក់​តែង​គោល​នយោ​បាយ​សា​ធារណៈ ទិដ្ឋ​ភាព​​បែប​នេះ​ជួយ​ឱ្យ​គេ​អាច​ព្យាករ​ដឹង​អំពី​អនាគត​នា​ពេល​ខាង​មុខ​​​កាន់​តែ​ច្បាស់​លាស់​​​។ ស៊ីន​ហួ​អះ​អាង​ថា​ប្រទេស​ចិន​ក៏​កំពុង​បង្កើត​​បរិយាកាស​វិនិយោគ​​កាន់​តែ​មាន​តម្លា​ភាព​​សម្រាប់​ជួយ​សម្រួល​ដល់​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​អន្តរ​ជាតិ។ នីតិ​រដ្ឋ​ត្រូវ​តែ​មាន​ជ័យ​ជម្នះ​នៅ​ទី​បំផុត​លើ​ការ​អាង​ខ្សែ អាង​ខ្នង​​ និង​ការ​ផ្ដល់​សំណូក​៕ ប្រភព៖ AP