នគរបាលខេត្តមណ្ឌលគិរីបង្ក្រាបករណីសញ្ចារកម្ម ឃាត់ខ្លួនជនសង្ស័យម្នាក់ និងជួយសង្គ្រោះជនរងគ្រោះ៥នាក់
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេ នីយ៍ អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី ជាចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី កម្លាំងជំនាញបានចុះប្រតិបត្តិការបង្ក្រាបករណីសញ្ចារកម្ម (ការទាញយកផលប្រយោជន៍ពីការប្រព្រឹត្តអំពើអាសអាភាស) ១ករណី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងសង្គ្រោះជនរងគ្រោះបានចំនួន៥នាក់ ។

សេចក្តីរាយការណ៍បានឱ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៩:៣០នាទី យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ត្រី ហួន គឹមហេង ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយមានការសហការរវាងកម្លាំងការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ។ ទីតាំងចុះបង្ក្រាបស្ថិតនៅចំណុចភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ ស ន ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាជនបម្រើសេវាកម្មចាក់ស្រាបៀរ និងមានទីលំនៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានរំដោះ និងសង្គ្រោះជនរងគ្រោះចំនួន៥នាក់ (ក្នុងនោះ មានអនីតិជនចំនួន ៤នាក់) រួមមាន៖

១. ឈ្មោះ ហ រ វ ស ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ
២. ឈ្មោះ ធ ស យ ភេទស្រី អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ
៣. ឈ្មោះ ថ ស ម ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ
៤. ឈ្មោះ ល ស ល ហ ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ
៥. ឈ្មោះ ច ធ ដ វ ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ

បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការបន្តតាមនីតិវិធីច្បាប់៕



ចែករំលែកព័តមាននេះ