សិង្ហបុរី ៖ នៅថ្ងៃទី ១ នៃការបើកឆាកព្រឹត្តិការណ៍សប្តាហ៍ថាមពលអន្តរជាតិសិង្ហបុរី ឆ្នាំ ២០២៦ Singapore International Energy Week 2026 រដ្ឋមន្ត្រីថាមពលសិង្ហបុរី លើកឡើងពីផែនការអភិវឌ្ឍន៍ថាមពលរយៈពេល ៥ឆ្នាំ ដើម្បីឆ្លើយតបតម្រូវការកើនឡើងខ្ពស់នៃការប្រើប្រាស់ថាមពលលើគ្រប់វិស័យ ។ ក្នុងផែនការអភិវឌ្ឍន៍ថាមពលរយៈពេលវែងនេះផងដែរ នឹងមានការសាងសង់រោងចក្រថាមពលដើរដោយឧស្ម័នធម្មជាតិថ្មីចំនួន ៥ ការពង្រីកបណ្តាញអគ្គិសនី និងការបង្កើនសមត្ថភាពស្តុកថាមពល គឺជាផ្នែកសំខាន់ៗមួយចំនួននៃការអភិវឌ្ឍថាមពលរបស់ប្រទេសសិង្ហបុរី ។

ផែនការនេះបង្ហាញអំពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនាពេលខាងមុខរបស់ប្រទេសសិង្ហបុរី ដែលគ្របដណ្តប់លើការផលិតថាមពល ឧស្ម័នធម្មជាតិ បណ្តាញអគ្គិសនី ការដាក់ឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ការស្តុកថាមពល និងការនាំចូលអគ្គិសនីដែលមានកម្រិតកាបូនទាប ។
ថ្លែងនៅក្នុងសុន្ទរកថាបើកព្រឹត្តិការណ៍សប្តាហ៍ថាមពលអន្តរជាតិសិង្ហបុរី ឆ្នាំ ២០២៦ (Singapore International Energy Week 2026) កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦ លោកបណ្ឌិត Tan See Leng រដ្ឋមន្ត្រីក្រសួងថាមពល ពាណិជ្ជកម្ម និងឧស្សាហកម្ម (ទទួលបន្ទុកផ្នែកថាមពល និងឧស្សាហកម្ម) របស់ប្រទេសសិង្ហបុរី បានលើកឡើងថា ផែនការរយៈពេល ៥ ឆ្នាំនេះ នឹងក្លាយជា «ការកសាងហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ» ។

លោកបានកត់សម្គាល់ថា នៅចុងសប្តាហ៍កន្លងទៅនេះ ប្រទេសឥណ្ឌូនេស៊ីបានចាប់ផ្តើមកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសសិង្ហបុរី ។ ការកាត់បន្ថយនេះមានចំនួនតិចជាង ២ ភាគរយនៃតម្រូវការឧស្ម័នសរុបប្រចាំថ្ងៃរបស់ប្រទេសសិង្ហបុរី ។
សូមរម្លឹកថា ឥណ្ឌណេស៊ីបានសម្រេចកាត់បន្ថយបរិមាណនាំចេញឧស្ម័នធម្មជាតិ ទៅកាន់ប្រទេសសិង្ហបុរី ដើម្បីផ្តល់អាទិភាពដល់សេចក្តីត្រូវការក្នុងស្រុក ។ សេចក្តីសម្រេចនេះធ្វើឡើងក្នុងពេលដែលឥណ្ឌូណេស៊ី កំពុងមានទំនាក់ទំនងការទូតល្អក់កករនឹងគ្នា ដោយហេតុផ្សែងភ្លើងឆេះព្រៃ ហុយបំពុលបរិយាកាសក្នុងតំបន់ ។ ប៉ុន្តែវិធានការកំហិតនាំចេញឧស្ម័នមានពាក់ព័ន្ធតែនឹងប្រទេសសិង្ហបុរីមួយប៉ុណ្ណោះ សម្រាប់ពេលនេះ ។

ការកាត់បន្ថយនាំចេញឧស្ម័នទៅកាន់ប្រទេសសិង្ហបុរី កើតឡើងក្រោយមេដឹកនាំសិង្ហបុរីបោះពាក្យសម្តីធ្ងន់ៗថា គុណភាពខ្យល់នៅសិង្ហបុរីធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់ ដោយសារភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ី ទើបធ្វើអោយប្រទេសសិង្ហបុរីបានគ្របដណ្តប់ដោយអ័ព្ទផ្សែងយ៉ាងក្រាស់នៅលើផ្ទៃមេឃ ។ ផ្សែងពុលដែលភាយចេញពីភ្លើងឆេះព្រៃនៅក្នុងប្រទេសជិតខាង គឺឥណ្ឌូណេស៊ី បានធ្វើឱ្យកម្រិតបំពុលខ្យល់នៅទូទាំងកោះនេះកើនឡើងដល់កម្រិតដែលប្រឈមនឹងហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ។
អាចចាត់ទុកជាការសងសឹកឥណ្ឌូណេស៊ី កាលពីថ្ងៃទី ២៤ តុលា បានប្រកាសថា នឹងកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិ ទៅឱ្យសិង្ហបុរី ក្នុងមួយថ្ងៃៗ ៣១លានធុង (១ធុងស្តង់ដារហ្កាស=ប្រមាណ ២៨លីត្រ) ឬត្រូវជាប្រមាណ ៨% នៃសេចក្តីត្រូវការរបស់សិង្ហបុរី ។
យ៉ាងណាមិញ នៅក្នុងថ្ងៃទី ១ នៃព្រឹត្តិការណ៍សប្តាហ៍ថាមពលអន្តរជាតិសិង្ហបុរីឆ្នាំ ២០២៦ លោកបណ្ឌិត Tan See Leng រដ្ឋមន្ត្រីក្រសួងថាមពល ពាណិជ្ជកម្ម និងឧស្សាហកម្មបានមានប្រសាសន៍ថា ប្រទេសសិង្ហបុរី ធ្លាប់បានដោះស្រាយបញ្ហានានាដែលបង្កឱ្យមានការរំខានស្រដៀងគ្នានេះកាលពីអតីតកាល និងចាត់ទុកថា វានឹងមិនមានបញ្ហាធ្ងន់ធ្ងរកើតឡើងឡើយ ។ នេះគឺដោយសារតែវិធានការនានាដែលប្រទេសសិង្ហបុរី បានវិនិយោគលើអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
ជុំវិញបញ្ហារឿងឥណ្ឌូនេស៊ី បានចាប់ផ្តើមកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសសិង្ហបុរី នេះលោកបានគូសបញ្ជាក់បន្ថែមថា៖ «ដូច្នេះ សម្រាប់ប្រទេសសិង្ហបុរី… យើងអាចរក្សាភាពស្ងប់ស្ងាត់ភាពនឹងនរ ហើយបន្តដំណើរការទៅមុខទៀតបានជាធម្មតា»។ លោកបណ្ឌិតលោកបណ្ឌិត Tan See Leng បានបន្តថា៖ «គ្រួសារ និងអាជីវកម្មនានានៅក្នុងប្រទេសរបស់យើង អាចមានទំនុកចិត្តថា សន្តិសុខថាមពលគឺជាអាទិភាពចម្បងបំផុតមួយដែលយើងតែងតែយកចិត្តទុកដាក់ ។ យើងនឹងបន្តថែរក្សា និងពង្រីកជម្រើសថាមពលរបស់យើង ព្រមទាំងពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោក ដើម្បីកសាងភាពធន់ឱ្យកាន់តែរឹងមាំថែមទៀត» ។ លោករដ្ឋមន្ត្រីថាមពលបានបញ្ជាក់ថា ក្នុងអំឡុងពេលដែលមានការខ្វះខាតការផ្គត់ផ្គង់ ប្រទេសនានាអាចនឹងផ្តល់អាទិភាពទៅលើតម្រូវការនៅក្នុងស្រុករបស់ពួកគេជាមុនសិន ៕
ចែករំលែកព័តមាននេះ