ឯកឧត្តមហ៊ុន ម៉ានី ៖ ស្ពានចំនួន២ ក្នុងស្រុកគងពិសី នឹងរៀបចំពិធីក្រុងពាលីបុ.កគ្រឹះឆាប់ៗនេះ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ដោយមើលឃើញពីទុក្ខលំបាក ក្នុងការធ្វើដំណើរឆ្លងកាត់ទៅមករបស់ប្រជាពលរដ្ឋ កម្មករ កម្មការនីរោងចក្រ និងជាពិសេស សិស្សានុសិស្ស នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តមហ៊ុនម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អមដំណើរដោយលោកអភិបាលរងខេត្ត មន្ត្រីរាជការនិងកងកម្លាំង ចុះពិនិត្យស្ថានភាពស្ពានឆ្លងកាត់ស្ទឹងចំនួន២ដែលរងការខូចខាត ដោយសារតែជំនន់ទឹកភ្លៀងកាលពីពេលកន្លងទៅថ្មីៗនេះ។
យោងតាមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានសរសេរថា មួយរយៈចុងក្រោយនេះ យើងបានតាមដាននិងឃើញព័ត៌មានពាក់ព័ន្ធទៅនឹងស្ថានភាពទឹកជំនន់ដែលបានកើតឡើងនៅបណ្តាប្រទេសនៅពិភពលោកតំបន់ និងព្រះរាជាណាចក្រកម្ពុជាផងដែរ។
សម្រាប់កម្ពុជាក៏បានរងគ្រោះដោយទឹកជំនន់ផងដែរ ក្នុងនោះខេត្តចំនួន៩គឺ ខេត្តប៉ៃលិន ខេត្តក្រចេះ ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និង បណ្តាខេត្តមួយចំនួនទៀត ទោះកម្រិតនៃភាពធ្ងន់ធ្ងរមិនដូចគ្នាក្តី។ ក្នុងនេះ ខ្ញុំសូមកោតសរសើរចំពោះការយកចិត្តទុកដាក់ និងរាល់វិធានការរបស់សម្តេចធិបតីការអនុវត្តដោយទទួលខុសត្រូវរបស់អាជ្ញាធរ អង្គភាពពាក់ព័ន្ធក៏ដូចជាកងកម្លាំងប្រដាប់អាវុធដែលបានខំប្រឹងប្រែងធានាអាយុជីវិតនិងជួយដោះស្រាយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នាពេលកន្លងនេះ។
សម្រាប់ខេត្តកំពង់ស្ពឺ ក្រោយពីបានស្ថាបនាប្រឡាយមេរលាំងជ្រៃខាងត្បូង-ស្លាគូ ដែលបានជួយដោះស្រាយបញ្ហាលិចទឹកកន្លងមកនៅតាមផ្លូវជាតិលេខ៣ គួបផ្សំទៅនឹងភ្លៀងខ្លាំងដែលនាំឱ្យចរន្តទឹក បានបំបែកបាក់ស្ពានមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងនោះការធ្វើដំណើររបស់មន្ត្រីរាជការ បងប្អូនកម្មករ កម្មការិនី និងក្មួយៗសិស្សសាលារៀនផងដែរ។ ព្រឹកនេះថ្ងៃច័ន្ទទី២៦តុលា ខ្ញុំបានចុះមកជួបជាមួយលោកអភិបាលស្រុក មេឃុំ ដោយមានការចូលរួមពី អភិបាលរងខេត្ត ប្រធានមន្ទីរធនធានទឹកនិងជំនាញ ដើម្បីពិនិត្យនិងកំណត់ទីតាំង ដើម្បីកសាងស្ពានដើម្បីដោះស្រាយបញ្ហា និងសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានពាក់ព័ន្ធ។
ក្រោយពីបានជួបជុំគ្នារួចមក និង ដោយផ្អែកលើភាពចាំបាច់ខ្លាំង (ចំនួនប្រជាពលរដ្ឋ ចរន្តចរាចរណ៍ តម្រូវការនិងភាពប្រទាក់ក្រឡាជាប្រព័ន្ធតភ្ជាប់ពីឃុំនិងស្រុកមួយទៅឃុំនិងស្រុកមួយទៀត) ខ្ញុំបានសម្រេចកសាងស្ពានចំនួនពីរ៖
ទី១- ស្ពានអង្គដូនទេព ស្ថិតនៅភូមិកាភោគ ឃុំព្រៃវិហារ ស្រុកគងពិសី
ទី២- ស្ពានមរតកកូនខ្ញុំ ស្ថិតនៅភូមិព្រៃតាមួច ឃុំស្នំក្រពើ ស្រុកគងពិសី
សម្រាប់ឃុំទាំងពីរនេះ ពិធីក្រុងពាលីនឹងរៀបចំដំណើរការបុកគ្រឹះគឺពេលដែលស្ថានភាពទឹកថមថយ ដែលនឹងអនុញ្ញាតដំណើរការនៃការសាងសង់។
ខ្ញុំបានដឹងច្បាស់ថាតម្រូវការហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទគឺមានលើសពីនេះ ប៉ុន្តែសម្រាប់ចំពោះមុខគឺនឹងដោះស្រាយមួយជំហានសិន៕










ចែករំលែកព័តមាននេះ