ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ស.ង្ស័.យ​បា.ញ់​ប្រ.ហារ​នៅ​វិហារ​គ្រិស្ត​សាសនា​នៃ​ប្រទេស​ហ្សក​ដង់​​​ត្រូវ​​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន​ហើយ

3 ថ្ងៃ មុន

ទី​ក្រុង​អាម៉ាន៖ ថ្ងៃ​នេះ សមត្ថ​កិច្ច​​នៅ​​ប្រទេស​ហ្សក​ដង់​ប្រកាស​ថាពួក​គេ​ចាប់​បាន​​​​បុរស​បី​នាក់​ដែល​ជាប់​សង្ស័យ​ពី​បទ​សង្ស័យ​បាញ់​ប្រហារ​នៅ​ព្រះ​វិហារ​គ្រិស្ត​សាសនា​និកាយ​អ័រ​តូដុក (Orthodox) ដែល​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៩​នាក់​ និង​របួស​រាប់​សិប​នាក់​។ អគ្គ​នាយក​ដ្ឋាន​ផ្នែក​សន្តិ​សុខ​សា​ធារណៈ​ប្រកាស​ថា​​ជន​សង្ស័យ​ទាំង​បី​នាក់​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​ការ​បាញ់​ប្រហារ​​នៅ​ព្រះ​វិហារ​ និង​ថា​បុរស​ទាំង​បី​នាក់​ក៏​ត្រូ​វ​របួស​ផង​ដែរ​។ មិន​មាន​កង​សន្តិ​សុខ​ណា​ម្នាក់​រង​របួស​ ឬ​ស្លាប់​ទេ​នៅ​ក្នុង​ប្រតិ​បត្តិ​ការ​តាម​ប្រមាញ់​អ្នក​ទាំង​នេះ​នៅ​ទី​ក្រុង​ខា​រ៉ាក់ (Karak) ភាគ​ខាង​ត្បូង​រាជ​ធានី​អាម៉ាន (Amman)។ ខា​រ៉ាក់​ជា​ទី​ប្រមូល​ផ្ដុំ​នៃ​សហ​គមន៍​អ្នក​កាន់​សាសនា​គ្រិស្ត​និកាយ​អ័រតូដុក​។ ​ការ​បាញ់​ប្រហារ​ទៅ​លើ​ហ្វូង​មនុស្ស​នៅ​ព្រះ​វិហារ​អ័រ​តូដុក​នៅ​ខារ៉ាក់​នោះ​កើត​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ពេល​​គ្រិស្ត​បរិស័ទ​​កំពុង​​រៀប​ចំ​ពិធី​បុណ្យ​សព​។

មាន​សេចក្ដី​រាយ​ការណ៍​ថា​​បុរស​​ទាំង​បី​នាក់​​នោះ​នៅ​សុខ​ៗ​ស្រាប់​តែ​លើក​កាំ​ភ្លើង​បាញ់​ប្រហារ​យក​មួយ​ឈ្នះ​ដៃ​តែ​ម្ដង​​។ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ក្រុម​ណា​មួយ​ប្រកាស​ថា​នេះ​ជា​ស្នា​ដៃ​របស់​ខ្លួន​នៅ​ឡើយ​ទេ​ ហើយ​រដ្ឋាភិបាល​ហ្សក​ដង់​ក៏​មិន​ទាន់​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ទៅ​លើ​ចលនា​ប្រដាប់​អាវុធ​ណា​មួយ​នៅ​ឡើយ​ដែរ​។ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ហ្សក​ដង់​ លោក​ម៉ា​ហ្សេន​ អាល់​ហ្វា​រ៉ាយ៉ា​ (Mazen Al-Faraya) បាន​កំណត់​មុខ​សញ្ញា​ថា​គឺអ្នក​ទាំង​បី​នេះ​ហើយ​ដែល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​អំពើ​បាញ់​ប្រហារ​។

លោក​ថ្លែង​នៅ​ក្នុង​បទ​សម្ភាស​តាម​ទូរ​ស័ព្ទ​ជា​មួយ​ទូរ​ទស្សន៍​រដ្ឋ​ហ្សក​ដង់​ថា​សេវា​សន្តិ​សុខ​​​បំពេញ​ភារ​កិច្ច​របស់​ខ្លួន​​បាន​យ៉ាង​ល្អ និង​​​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ភេរវ​កម្ម​នេះ​។ ពួក​គេ (ជន​សង្ស័យ​) ខំ​ប្រឹង​តស៊ូ​យ៉ាង​ក្រាញ​ននាល​ដើម្បី​តតាំង​ជា​មួយ​​សមត្ថ​កិច្ច​​របស់​យើង,​ ប៉ុន្តែ​ទៅ​មិន​រួច​ទេ​, នៅ​ទី​បញ្ចប់​ យើង​សង្កត់​ពួក​គេ​ជាប់​ ហើយ​ចាប់​ខ្លួន​បាន​ទាំង​រស់​យក​ទៅ​ដាក់​ឃុំ​។ ពួក​គេ​ក៏​រង​របួស​ធ្ងន់​គួរ​សម​ផង​ដែរ​។ លោក​បញ្ជាក់​ថា​​​មនុស្ស​សរុប​​បី​នាក់​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​នេះ​។

បន្ទាប់​​ពី​អំពើ​ភេរវ​កម្ម​នោះ​បញ្ចប់​ទៅមិន​យូរ​ប៉ុន្មាន យើង​អាច​កំណត់​មុខ​សញ្ញា​របស់​ពួក​គេ​បាន​ជា​បណ្ដើរ​ៗ។ ​សមត្ថ​កិច្ច​របស់​យើង​​បាន​​ប្រើ​ប្រាស់​វិធាន​ការ​សរុប​​​ដើម្បី​ធ្វើ​យ៉ាង​ណា​ត្រូវ​តែ​ចាប់​ពួក​គេ​ឱ្យ​​បាន​។ ដំណឹង​នេះបាន​លេច​ឮ​ដល់​ព្រះ​មហា​ក្សត្រ​ហ្សក​ដង់ ព្រះ​ចៅ​អាប់​ឌុល​ឡា​។ ព្រះ​អង្គ​​ណែ​នាំ​ឱ្យ​អាជ្ញា​ធរ​ចាត់​វិធាន​ការ​ឆ្លើយ​តប​ដោយ​កណ្ដាប់​ដៃ​ដែក​ មាន​ន័យ​ថា​កុំ​បន្ធូរ​ដៃ​ឱ្យ​សោះ​ ចំពោះ​សកម្ម​ភាព​ដែល​​​​ខុស​នឹង​​ជំនឿ​របស់​សាសនា​​ឥស្លាម​ និង​ចំពោះ​អ្នក​ដែល​ធ្វើ​ឱ្យ​បែក​បាក់​សាមគ្គី​ភាព​នៅ​ក្នុង​ចំណោម​ប្រជា​រាស្ត្រ​ហ្សក​ដង់​៕ ប្រភព៖ AP​