ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាតត្រដាងចារឹកប្រវត្តិសាស្ត្រ ! ភាពស្កឹមស្កៃនៃប្រាសាទ តាព្រហ្ម ដែលធ្វើឱ្យពិភពលោកកោតសរសើរ!

3 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​ថា ៖ ប្រាសាទតាព្រហ្ម គឺជា​បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដ៏​មាន​ប្រជាប្រិយភាព និង​ល្បីល្បាញ​មួយ ស្ថិត​ក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក​អង្គរ ។ ប្រាសាទ​នេះ​បង្ហាញ​ពី​អច្ឆរិយ​ភាព​ប្លែក​ពី​គេ តាម​រយៈ​ការ​រួម​ផ្សំ​យ៉ាង​ល្អ​ឥត​ខ្ចោះ​រវាង​ប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម ធម្មជាតិ និង​មុខងារ​យ៉ាង​សំខាន់​មួយ​ក្នុង​សម័យ​អង្គរ ។

ក្នុង​នោះ​ដែរ​អាជ្ញាធរ​ជាតិ​អប្សរា ស្ថិត​នៅ​លើ​ផ្លូវ​វង់​តូច តាម​ទិស​ដៅ​ផ្លូវ​ទ្វារ​ជ័យ បន្ទាប់​ពី​ប្រាសាទតាកែវ​ប្រហែល​១​គីឡូម៉ែត្រ និង​មាន​កំពែង​ជាប់​នឹង​កំពែង​ប្រាសាទបន្ទាយក្តី​នៅ​ទិសពាយ័ព្យ ។ ប្រាសាទ​នេះ បាន​ទាក់ទាញ​ចិត្ត​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​ទិស​ទី​តាម​រយៈ​ការ​ថែរក្សា​គាំពារ​ទុក​ទម្រង់​ដើម ដូច​រូបភាព​ដែល​គេ​បានឃើញ កាលពី​ជាង​១០០​ឆ្នាំ​មុន ដោយ​មាន​ដើមឈើ​ចាស់​ធំ​ៗ​ដូច​ជា ដើម​ស្ពង់ និង​ដើម​ជ្រៃ ដុះ​ព័ទ្ធ​រុំ​ស្ទើរតែ​ជា​សាច់​មួយ​ជាមួយ​តួ​ប្រាសាទ​ដែល​បង្កើត​បានជា​ទេសភាព​ចម្រុះ​ដ៏​អស្ចារ្យ​រវាង​ធម្មជាតិ និង​សំណង់​ប្រវត្តិសាស្ត្រ ។

ប្រាសាទ​នេះ​មានឈ្មោះ​ដើម​ថា «​រាជ​វិហារ​» បាន​កសាង​ឡើង​ក្នុង​ឆ្នាំ​១១៨៦ នៃ​គ្រិស្តសករាជ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វ​ម៌​ទី​៧ តាម​រចនាបថ​បាយ័ន ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​មាតា​របស់​ព្រះ​អង្គ ក្រោម​រូបភាព​ជា​ព្រះ​ពោធិសត្វ​ប្រាជ្ញា​បារមី (Prajnaparamita) ដែល​ជា​ព្រះ​តំណាង​ឱ្យ​ប្រាជ្ញាញាណ និង​គតិបណ្ឌិត​នៃ​ពុទ្ធសាសនា​មហាយាន ដោយ​មាន​រូប​ព្រះ​បដិមា បាន​តម្កល់​នៅ​ក្តី​កណ្តាល ។ ក្រៅពី​មាន​តួនាទី​ជា​សំណង់​សាសនា​ដ៏​ធំ​មហិមា ប្រាសាទ​នេះ បើ​តាម​អ្នក​ស្រាវជ្រាវ​យល់​ថា​ក៏​ជា​មណ្ឌល​អប់រំ​បណ្តុះបណ្តាល ដែល​មាន​វិសាលភាព​ប្រៀប​បាន​នឹង​សាកលវិទ្យាល័យ​ដ៏​ធំ​សម្បើម​មួយ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​របស់​ព្រះ​មហាក្សត្រី​ឥន្ទ្រ​ទេវី ។
ផ្នែក​ស្ថាបត្យកម្ម ប្រាសាទតាព្រហ្ម​ត្រូវ​បាន​កសាង​ឡើង​ពី​ថ្មភក់ និង​ថ្មបាយក្រៀម មាន​កំពែង​៥​ជាន់ និង​ប្រាសាទ​រណប​ចំនួន​៣៩ នៅ​លើ​ផ្ទៃដី​ប្រមាណ​៦០​ហិ​កតា ដោយ​កំពែង​ខាងក្រៅ​មាន​ទំហំ ៧០០ × ១០០០ ម៉ែត្រ ។

ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​លោក​បណ្ឌិត​ស្ថា​ប​ត្យ​ជនជាតិ​បារាំង លោក Olivier CUNIN យល់​ថា​ប្រាសាទ​នេះ​បាន​សាងសង់​ឡើង​ចំនួន​៦ ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ គឺជា​ការ​កសាង​ក្តី​កណ្តាល និង​រោងទង​ទី​១ ខាងក្នុង ហើយ​ដំណាក់កាល​បន្តបន្ទាប់​ត្រូវ​បាន​បន្ថែម និង​កែប្រែ​ដោយ​ព្រះមហាក្សត្រ​ជំនាន់​ក្រោយ​ៗ រហូត​មាន​រចនាសម្ព័ន្ធ​ធំ​ទូលាយ និង​ធំធេង ។ ក្នុង​នោះ នៅ​បន្ត​ចំ​ពី​ខ្លោងទ្វារ​ខាងកើត​នៃ​កំពែង​ទី​៣ មាន​អគារ​ខ្វែង​ស្ថាន ដែល​គេ​ហៅ​ថា​«​សាល​របាំ​» ។ នៅ​ផ្នែក​ខាងជើង និង​ភាគ​ខាងត្បូង​នៅ​ក្នុង​កំពែង​ទី​៣​នេះ មាន​សំណង់​អគារ ជា​ច្រើន​បាន​កសាង​សម្រាប់​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​គ្រូ និង​ព្រះ​រាម​របស់​ព្រះរាជា​។

បន្ថែម​លើ​នេះ ផ្អែក​តាម​ភស្តុ​តាង​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់ គឺ​សិលាចារឹក​តា​ព្រហ្ម លេខ​បញ្ជី K. 273 (​ចារ​ជា​ភាសាសំស្ក្រឹត មាន​ចំនួន​១៤៧​ស្លោក ចារ​ក្នុង​ឆ្នាំ​១១៨៦) ដែល​ត្រូវ​បាន​សិក្សា និង​ប្រែ​សម្រួល​ដោយ​អ្នកប្រាជ្ញ​ជនជាតិ​បារាំង​លោក George Cœdès បាន​បញ្ជាក់​ថា តំបន់​ប្រាសាទ​នេះ ប្រៀប​ដូច​ជា មណ្ឌល​ធំ​មួយ ដែល​មាន​សកម្មភាព​សេដ្ឋកិច្ច និង​រដ្ឋបាល​ដ៏​មាន​សារសំខាន់​នា​សម័យ​អង្គរ ។ សិលាចារឹក​នេះ បាន​កត់ត្រា​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​ដែនដី ដែល​មាន​អ្នកបម្រើ​ការ​ក្នុង​ប្រាសាទ​ចំនួន​៣,១៤០​ភូមិ និង​ប្រជាជន​ទទួល​បន្ទុក​ថែទាំ​ប្រាសាទ​រហូត​ដល់​៧៩,៣៦៥ នាក់ (​រួម​មាន​គ្រូ​ចំនួន​១៨​នាក់ មន្ត្រី​ចំនួន​២,៧៤០ នាក់ ជំនួយការ​២,២០២​នាក់ និង​អ្នក​រាំ​របាំ​ថ្វាយ​ព្រះ​ចំនួន​៦១៥​នាក់​) ព្រមទាំង​មាន​ប្រជាជន​រស់នៅ​ក្នុង​តំបន់ និង​ភូមិ​ជុំវិញ​ប្រមាណ​៨០,០០០​នាក់ ដែល​ធ្វើការ​ផ្គត់ផ្គង់ និង​ផ្តល់​សេវាកម្ម​ផ្សេង​ៗ​ដល់​ប្រាសាទ ។

លើស​ពី​នេះ នៅ​ក្នុង​ប្រាសាទ​ក៏​មាន​រក្សា​ទុក​នូវ​ទេវ​ទ្រព្យ​មហាសាល រួម​មាន​ចាន​មាស​សរុប​ទម្ងន់​ជាង​៥០០​គីឡូក្រាម ត្បូង​ពេជ្រ​ចំនួន​៣,៥៣៥ គ្រាប់ គុ​ជ​ខ្យង​ចំនួន​៤០,៦២០​គ្រាប់ ត្បូង​មាន​តម្លៃ​ចំនួន​៤,៥៤០​គ្រាប់ កំណាត់​សូត្រ​ចំនួន​៥១២​ផ្ទាំង ក្លស់​៥២៣ ព្រមទាំង​ស្បៃ​ដែល​ធ្វើ​ពី​កំណាត់​នាំ​ចូល​ពី​ប្រទេស​ចិន​៨៧៦​ផ្ទាំង​។

ផ្អែក​លើ​ការងារ​អភិរក្ស​ជា​បន្តបន្ទាប់ ប្រាសាទតាព្រហ្ម​ទទួល​បានការ​គាំទ្រ និង​សហការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​អង្គការ​នៃ​ស្ថាប័ន​បុរាណវិទ្យា​ឥណ្ឌា (ASI – Archaeological Survey of India) ចាប់តាំងពី​ទស​វត្ស​ឆ្នាំ​២០០០​មក​ម្ល៉េះ​។ ក្រុមការងារ​រួម​អន្តរជាតិ​នេះ បាន​អនុវត្ត​គម្រោង​អភិរក្ស និង​ជួសជុល​ជា​ច្រើន​ដំណាក់កាល ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អភិរក្ស​បែប​បច្ចេកទេស និង​វិទ្យាសាស្ត្រ តាម​រយៈ​ការ​ទល់​ទ្រ​សំណង់​ស្ថាបត្យកម្ម និង​ពង្រឹង​គ្រឹះ​ប្រាសាទ ដូច​ជា​ការ​រៀបចំ​ជួសជុល​សាល​របាំ (Hall of Dancers) ខ្លោងទ្វារ​ខាងកើត ខ្លោងទ្វារ​ខាងលិច និង​រោងទង​ជុំវិញ​ក្តី​កណ្តាល ព្រមទាំង​ការ​រៀបចំ​ផ្គុំ​ថ្ម​ឡើង​វិញ​តាម​ផ្នែក​ខ្លះ​នៃ​សំណង់ ដែល​ដួល​រលំ​ជាដើម ៕