ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺពោះ​គ្រប់​ខែ! ប្តី​ជូន​មិន​ទាន់​ដល់​ពេទ្យ​ផង ​​សម្រាល​កូន​តាម​ផ្លូវ ក្នុងបរិវេណក្រុងអង្គរធំ​

3 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ស្ត្រី​ម្នាក់​បាន​ឈឺពោះ​សម្រាល​បាន​ទារក​មួយ​នៅ​តាម​ផ្លូវ​ខាងជើង​ខ្លោងទ្វារ​ទន្លេ​អុំ ក្នុង​បរិវេណ​ក្រុង​អង្គរធំ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​សម្ភព​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប មក​ជួយ​សម្រាល​បាន​ទាន់​ពេលវេលា នៅ​តាម​ផ្លូវ​ធ្វើ​ឱ្យ​ម្តាយ​និង​កូន​មាន​សុវត្ថិភាព​ទាំង​២​នាក់ ។

ហេតុការណ៍​ស្ត្រី​ឆ្លងទន្លេ​តាម​ផ្លូវ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៣ តុលា ២០២៦ ក្នុងភូមិ​គោក​តា​ចាន់ សង្កាត់​គោក​ចក ក្រុង​សៀមរាប ។

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​សង្កាត់​គោក​ចក បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៦​ថា ក្រោយ​ទទួល​បាន​ដំណឹង​ថា មាន​ស្ត្រី​ឈឺពោះ​សម្រាលកូន​តាម​ផ្លូវ​នៅ​ខាងជើង​ខ្លោងទ្វារ​ទន្លេ​អុំ ក្នុង​បរិវេណ​ក្រុង​អង្គរធំ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប បាន​ចេញ​ទៅ​ជួយ​សង្គ្រោះ និង​ជួយ​សម្រាល​បាន​ទារក ទម្ងន់​៣​គីឡូក្រាម ដែល​ការ​សម្រាល​នោះ​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៦ ដោយ​សុវត្ថិភាព​ទាំង​ម្តាយ និង​កូន ។ ម្តាយ​រូប​នេះ​មាន​អាយុ​៣១​ឆ្នាំ និង​ឪពុក​អាយុ​៤០​ឆ្នាំ ។

បច្ចុប្បន្ន​ស្ត្រី​ជា​ម្តាយ​និង​កូនប្រុស​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ។

សូម​បញ្ជាក់​ថា ស្ត្រី​ដែល​សម្រាលកូន​នេះ​ជា​អ្នក​ភូមិ​អង្គរ​ក្រៅ ក្នុង​សង្កាត់​គោក​ចក ក្រុង​សៀមរាប​បាន​ព្យាយាម​ជិះ​ម៉ូតូ​ជាមួយ​ប្តី​មក​កាន់​មន្ទីរពេទ្យ​ព្រោះ​ឈឺពោះ​គ្រប់​ខែ ។ ប៉ុន្តែ​ពេល​ប្តី​ជូន​តាម​ម៉ូតូ​មក​មិន​ទាន់​បាន​ដល់​ពេទ្យ​ទេ ដោយសារ​ឈឺពោះ​ខ្លាំ​ក៏​ឈប់​ម៉ូតូ​នៅ​ក្បែរ​ខ្លោងទ្វារ​អង្គរធំ​សម្រាលកូន​តែ​ម្តង ។ គាត់​ឱ្យ​ដឹង​ថា នេះ​ជា​កូន​ទី​២​ដែល​គាត់​បាន​សម្រាល តែ​កូន​ទី​១ បាន​ស្លាប់​ទៅ​ហើយ ៕