ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មិន​ស្ថិត​ចំ​គន្លង​ផ្លូវ​ព្យុះ​ធំ​ៗ​ទាំង​២ មែន តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​ភ្លៀង និង​ខ្យល់​កន្ត្រាក់​នៅ​តំបន់​មួយ​ចំនួន

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​ព្រះរាជាណាចក្រ​កម្ពុជា មិន​ស្ថិត​នៅ​ក្នុង​គន្លង​ផ្លូវ​ដើរ​ផ្ទាល់​របស់ ព្យុះ​ទី​៣០ «​ច​ម្ពី (Champi)» និង ព្យុះ​ទី​៣១ «​អ៊ី​ន​ហ្វា (In-fa)» ក៏​ដោយ ប៉ុន្តែ​ឥទ្ធិពល​រួម​គ្នា​នៃ​ព្យុះ​ទាំង​ពីរ​នេះ កំពុង​ជំរុញ​ឱ្យ​របប​ខ្យល់មូសុង​ឦសាន​បក់​បោក​គ្របដណ្តប់​លើ​ផ្ទៃ​ប្រទេស ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៦ នេះ ។

ក្នុង​នោះ​ដែរ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា​នេះ​ថា ៖ ព្យុះ​ទី​៣១ ឈ្មោះ អ៊ី​ន​ហ្វា (In-fa)T2631 រួម​ជាមួយនឹង​ព្យុះ​ទី​៣០ ឈ្មោះ ច​ម្ពី (Champi)T2630 មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​ឦសាន​ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។ ព្រះរាជាណាចក្រ​កម្ពុជា​ពុំ​ស្ថិត​នៅ​ក្នុង​គន្លង​ផ្លូវ​ដើរ​របស់​ព្យុះ អ៊ី​ន​ហ្វា និង​ព្យុះ ច​ម្ពី នេះ​ទេ ។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៦ ៖
១- តំបន់​វាលទំនាប ៖ សីតុណ្ហភាព​មធ្យម​អប្បបរមា ២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣២°C​។ ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិសបូព៌​មាន​ល្បឿន​មធ្យម ៤​ម៉ែត្រ​/​វិនាទី ។ ខេត្តតាកែវ កណ្តាល និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ១៥% ។ ចំណែក​ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និង​ស្វាយ​រៀង ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ ។

២- តំបន់​ខ្ពង់រាប ៖ សីតុណ្ហភាព​មធ្យម​អប្បបរមា ២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣១°C​។ ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម ៥​ម៉ែត្រ​/​វិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ព្រះ​វិហារ ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ១៥% ។ ចំណែក​ខេត្តឧត្តរមានជ័យ ក្រចេះ ស្ទឹង​ត្រែង រតនគិរី និង​មណ្ឌលគិរី ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ​។

៣- តំបន់​មាត់សមុទ្រ ៖ សីតុណ្ហភាព​មធ្យម​អប្បបរមា ២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៣°C​។ ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម ៤​ម៉ែត្រ​/​វិនាទី ។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ២០% ។ ដោយឡែក​ចំពោះ​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០ ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,៥០ ម៉ែត្រ ៕