ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាយ​ផូស៊ីល​ឈើ​លើក​ទី​២ រំពឹង​រក​ឃើញស្លាកស្នាម​បេតិកភណ្ឌ​ធម្មជាតិ​ដ៏​មាន​តម្លៃ

3 ថ្ងៃ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ ក្រុម​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន បាន​ចាប់ផ្តើម​បេសកកម្ម​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​កំណាយ​ផូស៊ីល​ឈើ​ជា​លើក​ទី​២ នៅ​តំបន់​ភ្នំ​ភូ​ង៉​យ ស្ថិត​ក្នុងភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៦ ។ ការ​ស្រាវជ្រាវ​នេះ​ក្នុង​គោលបំណង​ស្វែងរក​ភស្តុ​តាង​វិទ្យាសាស្ត្រ​បន្ថែម ព្រមទាំង​រៀបចំ​វិធានការ​ការពារ និង​អភិរក្ស​ធនធាន​បេតិកភណ្ឌ​ធម្មជាតិ​ឱ្យ​បាន​គង់វង្ស ។

ប្រធាន​ការិយាល័យ​នៃ​នាយកដ្ឋាន​បេតិកភណ្ឌ​ធម្មជាតិ ចំណុះ​អគ្គនាយកដ្ឋាន​សហគមន​ន៍​មូលដ្ឋាន​នៃ​ក្រសួងបរិស្ថាន លោក​លឹ​ម វណ្ណ​ច័ន្ទ បញ្ជាក់​ថា ការ​ធ្វើ​កំណាយ​លើក​ទី​១ នៅ​តំបន់​ភ្នំ​ភូ​ង៉​យ កាលពី​ខែកក្កដា ឆ្នាំ​២០២៥ បាន​ផ្តល់​លទ្ធផល​គួរ​ឱ្យ​ចាប់អារម្មណ៍ ដោយ​ក្រុមការងារ​បាន​រក​ឃើញ​សំណល់​ផូស៊ីល​ឈើ​ដែល​មាន​អង្កត់ផ្ចិត​ប្រមាណ​១​ម៉ែត្រ និង​ប្រវែង​ប្រហែល​១៧​ម៉ែត្រ ។ តាម​ការ​សិក្សា​វាយតម្លៃ​ជាបឋម សំណល់​ផូស៊ីល​ឈើ​នេះ​អាច​មាន​អាយុកាល​ចាប់ពី​១០០.០០០​ឆ្នាំ រហូត​ដល់​២​លាន​ឆ្នាំ និង​ត្រូវ​បាន​សន្និដ្ឋាន​ថា មាន​ប្រភព​ពី​រុក្ខជាតិ​មាន​ផ្កា និង​ផ្លែ ក្នុង​ក្រុម Dicot ដែល​ជា​ក្រុម​រុក្ខជាតិ​មាន​វត្តមាន​ទូលំទូលាយ​រហូត​មក​ដល់​សម័យ​បច្ចុប្បន្ន ។

ក្នុង​ដំណើរការ​កំណាយ​កាលពី​ឆ្នាំ​២០២៥ ក្រុម​អ្នកជំនាញ​បាន​រក​ឃើញ​សំណល់​ដើមឈើ​ដែល​មាន​ប្រវែង​រហូត​ដល់​ប្រមាណ​៤០​ម៉ែត្រ និង​អង្កត់ផ្ចិត​ប្រហែល​១​ម៉ែត្រ ព្រមទាំង​បាន​ប្រទះ​ឃើញ​ផូស៊ីល​ដើមឈើ​មួយទៀត​នៅ​ក្បែរ​នោះ ដែល​មាន​ប្រវែង​ប្រមាណ​១០​ម៉ែត្រ ។ ការ​រក​ឃើញ​ទាំងនេះ​បាន​បង្ហាញ​ពី​សក្តានុពល​នៃ​តំបន់​នេះ ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិ​នៃ​ធនធានធម្មជាតិ និង​កា​រវិ​វត្ត​របស់​រុក្ខជាតិ​នៅ​អតីតកាល ។

ដោយសារ​កំណាយ​លើក​មុន​ទទួល​បាន​លទ្ធផល​វិជ្ជមាន ក្រសួងបរិស្ថាន​បាន​បន្ត​អនុវត្ត​ការ​សិក្សា និង​កំណាយ​លើក​ទី​២​ក្នុង​ឆ្នាំ​២០២៦ ដោយ​រំពឹង​ថា​នឹង​អាច​កំណត់​អត្តសញ្ញាណ និង​សិក្សា​លម្អិត​លើ​សំណល់​ផូស៊ីល​ដើមឈើ​ដែល​មាន​ប្រវែង​លើស​ពី​៤០​ម៉ែត្រ នៅ​ក្នុង​តំបន់​តែ​មួយ ។

ក្រុម​អ្នកជំនាញ​នឹង​បន្ត​ប្រមូល និង​ចងក្រង​ទិន្នន័យ​វិទ្យាសាស្ត្រ ពិនិត្យ​លក្ខណៈ​ភូគព្ភសាស្ត្រ និង​សិក្សា​ពី​ស្រទាប់ដី​ថ្ម​ដែល​ផ្ទុក​ផូស៊ីល ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​រៀបចំ​ផែនការ​គ្រប់គ្រង និង​ការពារ​ទីតាំង​បេតិកភណ្ឌ​ធម្មជាតិ​ដ៏​មាន​តម្លៃ​នេះ ។ ការងារ​នេះ​ក៏​មាន​សារសំខាន់​ក្នុង​ការ​ទប់ស្កាត់​ការ​ខូចខាត ឬ​ការ​បំផ្លាញ​ទីតាំង​ផូស៊ីល និង​ធានា​ឱ្យ​ធនធាន​ទាំងនេះ​អាច​បន្ត​បម្រើ​ដល់​ការ​សិក្សា​ស្រាវជ្រាវ និង​ការ​អប់រំ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ។

យោង​តាម​ទិន្នន័យ​ក្រសួងបរិស្ថាន ដែល​បាន​ចងក្រង គិត​ត្រឹម​ឆ្នាំ​២០២៦ ក្រុមការងារ​ជំនាញ​បាន​កំណត់ និង​ចុះបញ្ជី​ទីតាំង​ស្ថានីយ​ផូស៊ីល​ចំនួន​៧៨​កន្លែង នៅ​តាម​បណ្តា​ខេត្ត​ចំនួន​១៣ រួម​មាន ព្រះ​វិហារ បន្ទាយ​មាន​ជ័យ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ ប៉ៃលិន ឧត្តរមានជ័យ កំពត កោះកុង កំពង់ធំ ពោធិ៍សាត់ និង​ស្ទឹង​ត្រែង ។ ទិន្នន័យ​នេះ​ជា​ផ្នែក​សំខាន់​មួយ​សម្រាប់​ការ​គ្រប់គ្រង និង​រៀបចំ​ផែនការ​អភិរក្ស​ស្ថានីយ​ផូស៊ីល​នៅ​ទូ​ទាំង​ប្រទេស ។

កន្លង​មក​ក្រសួងបរិស្ថាន​ក៏​បាន​អនុវត្ត​គម្រោង​សិក្សា និង​ធ្វើ​កំណាយ​ផូស៊ីល​នៅ​តាម​តំបន់​មួយ​ចំនួន​ផង​ដែរ ក្នុង​នោះ​មានការ​កំណាយ​ផូស៊ីល​ឈើ​នៅ​ស្រុក​លំ​ផាត់ ក្នុង​ឆ្នាំ​២០១៩-២០២០ ការ​រក​ឃើញ​ផូស៊ីល​ឆ្អឹង​ដាយ​ណូ​ស័​រ​ដំបូង​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២២ ការ​កំណាយ​ផូស៊ីល​ឈើ​នៅ​តំបន់​ភ្នំ​ត្បែង ខេត្តព្រះវិហារ ក្នុង​ឆ្នាំ​២០២៤ និង​ការ​ធ្វើ​កំណាយ​ផូស៊ីល​ឈើ​នៅ​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ជា​លើក​ទី​១ ក្នុង​ឆ្នាំ​២០២៥ ដែល​បាន​បន្ត​មក​ដល់​ការ​សិក្សា​លើក​ទី​២ នៅ​ឆ្នាំ​២០២៦ ។

កិច្ចការ​ស្រាវជ្រាវ និង​កំណាយ​ទាំងនេះ​ផ្តោត​លើ​ការ​ឈ្វេងយល់​ពី​លក្ខណៈ​រូបសាស្ត្រ​របស់​ផូស៊ីល ប្រភេទ​ស្រទាប់​ភូគព្ភសាស្ត្រ​ដែល​ផ្ទុក​សំណល់​បុរាណ ការ​ប្រមូល​ភស្តុ​តាង​វិទ្យាសាស្ត្រ និង​ការ​វាយតម្លៃ​លើ​វិធានការ​ការពារ​ឱ្យ​សម​ស្រប​តាម​ស្ថានភាព​ជាក់ស្តែង ។ លទ្ធ​ផល​ដែល​ទទួល​បាន​នឹង​ជួយ​ពង្រឹង​ចំណេះដឹង​អំពី​ប្រវត្តិ​ធម្មជាតិ​របស់​កម្ពុជា និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​អភិរក្ស​បេតិកភណ្ឌ​ធម្មជាតិ​ឱ្យ​មាន​និរន្តរភាព សម្រាប់​ប្រជាពលរដ្ឋ​បច្ចុប្បន្ន និង​មនុស្ស​ជំនាន់​ក្រោយ ៕