ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចកាត់ខ្សែភ្លើងផ្លូវល្បឿនលឿនកាមេរ៉ាចាប់បាន ! ជនសង្ស័យលួចកាត់ខ្សែភ្លើង ត្រូវប៉ូលិសភ្នំស្រួចឃាត់ខ្លួនបានសម្រេច

3 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ខ្សែភ្លើង និង​ម៉ូ​ទ័​រ​បូមទឹក នៅ​លើ​ផ្លូវ​ល្បឿន​លឿន​បាន​សម្រេច​យក​ទៅ​លាក់​ទុក នៅ​ក្នុង​ចំការ​ស្វាយ​មួយ​កន្លែង ។ ហើយ​ត្រូវ​បាន​តំណាង​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ប្តឹង​ឱ្យ​នគរបាល​អន្តរាគមន៍​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៦ នៅ​ក្នុង​ចំការ​ស្វាយ​មួយ​កន្លែង​ក្នុងភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ភ្នំស្រួច បាន​និយាយ​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ រិ​ន តារា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​ក្នុង​ចំការ​ស្វាយ ស្ថិត​ក្នុងភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ភ្នំស្រួច បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ គឺ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៦ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​យាយ​ម៉ៅ​ពេជ្រនិល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​បាន​ទទួល​ពាក្យបណ្តឹង​តាម​ទូរស័ព្ទ​ពី​ឈ្មោះ សេង គឹ​ម​ផេង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​២ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បាន​ប្តឹង​ជនសង្ស័យ​ចំនួន​១​នាក់ ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ បាន​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង ប្រវែង​៤០​ម៉ែត្រ និង​ម៉ូ​ទ័​រ​បូមទឹក​របស់​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​(​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​) ភ្នំពេញ​- ព្រះ​សីហ​នុ ចំនុច K87+400 ស្ថិត​ក្នុងភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ក្រោយ​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​គេចខ្លួន​ចូល​ព្រៃ​ចម្ការ​បាត់ ។

នគរបាល​ស្រុក​ភ្នំស្រួច បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​រួច​មក នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៦ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​យាយ​ម៉ៅ​ពេជ្រនិល បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់​ជនសង្ស័យ​ចំនួន​១​នាក់ មានឈ្មោះ រិ​ន តារា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុង​ចំការ​ស្វាយ ស្ថិត​ក្នុងភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល យក​មក​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្ម​ដូច​បាន​រៀបរាប់​ខាងលើ​ពិតប្រាកដ​មែន ។

ក្រោយ​ឃាត់ខ្លួន​នគរបាល​ធ្វើការ​ដកហូត​វត្ថុ​តាង​៖
-​កាំបិត​ផ្គាក់​ចំនួន​២​ដើម
-​កាំបិតប៉័ងតោ​ចំនួន​២​ដើម
-​ពូថៅ​ចំនួន​១​ដើម
-​ជំ​ពាម​កៅស៊ូ​ចំនួន​១
-​ភ្លើង​កែវ​ចំនួន​១​។

ជាមួយ​គ្នា​នោះ​ដែរ ចំពោះ​ខ្សែភ្លើង ដែល​ជនសង្ស័យ​លួច​កាត់​នោះ បាន​ប្រគល់​ជូន​តំណាង​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​វិញ​ហើយ ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕