ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី​ ត្រៀម​ចាយ​ជាង​១១​ពាន់​លាន​ដុល្លារ ​ក្នុង​១​ឆ្នាំ ឧបត្ថម្ភ​ថ្លៃ​ប្រេងសាំង ជួយ​ដោះ​បន្ទុក​ពលរដ្ឋ

3 ថ្ងៃ មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ម៉ា​ឡេ​ស៊ី BusinessToday កាលពី​ថ្ងៃ​ទី​២៤ ខែតុលា បាន​រាយការណ៍​ថា នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក Anwar Ibrahim បាន​ថ្លែង​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ចំណាយ​ថវិកា​រហូត​ដល់ ៤៥ ពាន់​លាន​រីង​ហ្គី​ត ឬ​ជាង ១១ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​មួយ​ឆ្នាំ សម្រាប់​ការ​ឧបត្ថម្ភ​លើ​តម្លៃ​ប្រេងឥន្ធនៈ ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ពី​ផល​ប៉ះពាល់​នៃ​ការ​កើនឡើង​តម្លៃ​ថាមពល​សកល​។

លោក Anwar បាន​លើក​ឡើង​ថា រដ្ឋបាល​របស់​លោក​នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​រក្សា​ថ្លៃ​ប្រេងសាំង​ធម្មតា RON95 (​ម៉ា​ឡេ​ស៊ី RON95 ជា​សាំង​ធម្មតា​) នៅ​ក្នុង​តម្លៃ ១,៩៩ រីង​ហ្គី​ត ឬ​ស្មើ​ប្រហែល ២ ០០០​រៀល​ក្នុង​មួយ​លី​ត្រ បើ​ទោះបីជា​តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ហក់​ឡើង​ដល់​ពី ១២០ ដល់ ១៣០ ដុល្លារ​អា​មេ​រិ​ក ​ក្នុង​មួយ​បារ៉ែល​ ក៏​ដោយ​។

ការ​ឧបត្ថម្ភ​នេះ នឹង​ជួយ​ការពារ​ប្រជាពលរដ្ឋ ជា​ពិសេស​គ្រួសារ​ចំណូល​ទាប និង​មធ្យម​ពី​ការ​កើនឡើង​ថ្លៃដើម​ឥន្ធនៈ និង​សម្ពាធ​កើនឡើង​លើ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​។ នេះ​បើ​តាម​លោក Anwar ថ្លែង​នៅ​ក្នុង​កម្មវិធី Sentuhan Kasih MADANI និង​ពិធី​បើក​ផែនការ​សកម្មភាព​ចំណាយ​ជីវភាព​រស់នៅ​ជាតិ​ឆ្នាំ ២០៣០ នៅ​ឯ​ពហុ​កីឡដ្ឋាន Hang Jebat ក្នុង​តំបន់​គ្រូ​បុ​ង (Krubong) កាលពី​ថ្ងៃ​ទី​២៤ ខែតុលា​។

លោក​បាន​បន្ត​ថា ការ​ដំឡើង​ថ្លៃ​ឥន្ធនៈ ស្រប​ទៅ​តាម​អត្រា​ទីផ្សារ​អាច​ធ្វើ​ឱ្យ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ប្រើប្រាស់​កើនឡើង​ពី ២ ទៅ ៥ រីង​ហ្គី​ត ឬ​ច្រើន​ជាង​នេះ​។ សម្រាប់​ឪពុក​ម្តាយ​ប្រើប្រាស់​រថយន្ត​ជូន​កូន​ទៅ​សាលារៀន មុន​នឹង​បន្តដំណើរ​ទៅ​កន្លែងធ្វើការ​នោះ ការ​ចំណាយ​បន្ថែម​អាច​ឡើង​ដល់ ១០ រីង​ហ្គី​ត​ក្នុង​មួយ​ថ្ងៃ​។ លោកនាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​បាន​បន្ថែម​ដូច្នេះ​ថា «​វា​ប្រសើរ​ជាង​ដែល​រដ្ឋាភិបាល​ជា​អ្នក​ទ្រាំទ្រ​បន្ទុក​នេះ ជា​ជាង​ការ​ទម្លាក់​បន្ទុក​ទៅ​លើ​ប្រជាពលរដ្ឋ​»៕