ឃាត់ខ្លួនជនជាតិចិន២នាក់ ចាប់បង្ខាំ.ងមនុស្សនៅផ្ទះសំណាក់ ជឺជាំង ក្នុងខណ្ឌដង្កោ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនជាតិចិនចំនួនពីរនាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិត ស្រាលនិងកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល ស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពចាប់ឃុំឃាំង-បង្ខាំងមនុស្សដោយខុសច្បាប់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតនៅចំណុចផ្ទះសំណាក់ យីហោ «ជឺជាំង» ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៦។
ជនសង្ស័យទាំង២នាក់ខាងលើនោះ រួមមាន ១-ឈ្មោះ HUANG HUABING ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ចិន មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) និង២-ឈ្មោះ HUANG HUI ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ចិន មុខរបរមិនពិតប្រាដក (មានសារធាតុញៀន)។
តាមនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញបានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល, អធិកាដ្ឋាននគរបាលខណ្ឌដង្កោ និងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ០២នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំង-បង្ខាំងមនុស្សដោយខុសច្បាប់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះសំណាក់ យីហោ ជឺជាំង ភូមិព្រែករទាំងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៦។ទោះបីជាយ៉ាងណាគេពុំដឹងថា ការចាប់ឃុំឃាំងមនុស្សដោយ ខុសច្បាប់ជាករណីចាប់ជំរិតឬយ៉ាងណានោះឡើយ? សមត្ថកិច្ចពុំបានបញ្ជាក់ឲ្យដឹងច្បាស់នោះឡើយ។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ទូរស័ព្ទចំនួន២គ្រឿង, លិខិតឆ្លងដែន ២ច្បាប់, រថយន្តAlphard ១គ្រឿង, រថយន្ត Prius ១គ្រឿង, កាំបិតខ្លី ចំនួន១ដើម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យ កសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកសេសសល់ សមត្ថកិច្ចកំពុងតាមរកចាប់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ