ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាចាប់ផ្តើមកម្មវិធីហ្វឹកហ្វឺននៃកាតព្វកិច្ចយោធា នៅថ្ងៃទី៩ វិច្ឆិកាខាងមុខ

4 ថ្ងៃ មុន
  • ភ្នំពេញ

នាយក​រដ្ឋមន្ត្រី សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស កាលពី​ថ្ងៃ​សៅរ៍​ថា កម្ពុជា​នឹង​ចាប់ផ្តើម​កម្មវិធី​ហ្វឹកហ្វឺន​យុវជន​ដែល​បាន​ស្ម័គ្រចិត្ត​ចូល​បម្រើ​កាតព្វកិច្ច​កងទ័ព​របស់​ប្រទេស នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៦ ដែល​ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ។

នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ការ​ចូលរួម​របស់​កម្ពុជា​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ និង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​រក្សា​សន្តិភាព​ពហុ​ជាតិ​សាសន៍ ក្នុង​ខេត្តកំពង់ស្ពឺ ។

សម្តេច​ធិ​បតី បាន​មាន​ប្រសាសន៍​ថា ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៦ គឺជា​កាលបរិច្ឆេទ​ដែល​បាន​កំណត់​សម្រាប់​ការ​បង្កើត​កងទ័ព ហើយ​ក៏​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ផង​ដែរ ។ ថ្ងៃនេះ​នឹង​ក្លាយជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​កាតព្វកិច្ច​យោធា ដើម្បី​ជួយ​ពង្រឹង​កងកម្លាំងប្រដាប់អាវុធ​របស់​យើង​» ។

សម្តេច​ធិ​បតី​បាន​សង្កត់ធ្ងន់​ថា ចាប់ពី​កាលបរិច្ឆេទ​នោះ​តទៅ កម្ពុជា​នឹង​បន្ត​ជ្រើសរើស​យុវជន​ចូល​បម្រើ​កាតព្វកិច្ច​នេះ​ជា​ដំណាក់កាល​ៗ ដោយ​ផ្អែក​លើ​តម្រូវការ​ជាក់ស្តែង​របស់​កងកម្លាំងប្រដាប់អាវុធ ។

នាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្វាគមន៍​ចំពោះ​យុវជន​ដែល​បាន​ស្ម័គ្រចិត្ត​ចូល​បម្រើកងទ័ព និង​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ ព្រមទាំង​បាន​លើកទឹកចិត្ត​ឱ្យ​ពួក​គេ​ចូលរួម​ចំណែក​ក្នុង​ការ​ពង្រឹង​ការ​ការពារ​ជាតិ ។

បើ​តាម​សម្តេច​ធិ​បតី យុវជន​ជិត​១៥.០០០ នាក់ បាន​ដាក់​ពាក្យ​ស្ម័គ្រចិត្ត​ចូល​បម្រើ​កាតព្វកិច្ច​យោធា ក្នុង​រយៈពេល ១៣ ថ្ងៃ​កន្លង​មកនេះ​។

សម្តេច​បាន​បន្ថែម​ថា គំនិត​ផ្តួចផ្តើម​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​កាតព្វកិច្ច​យោធា និង​ការ​ពង្រឹងសមត្ថភាព​កង​យោធពលខេមរភូមិន្ទ តាម​រយៈ​ការ​ចូលរួម​របស់​យុវជន​ជំនាន់​ក្រោយ ៕