ព្រឹត្តិការណ៍ប្រណាំងទូក.ង រយៈពេល ២ថ្ងៃ នៅខេត្តព្រៃវែង មានភ្ញៀវទេសចរចូលរួមជាង២០ម៉ឺននាក់
- ព្រៃវែង
ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋប្រមាណជា២៣ម៉ឺននាក់ បានចូលរួមទស្សនាការប្រណាំងទូកង ដែលរដ្ឋបាលខេត្តព្រៃវែងបានរៀបចំធ្វើឡើង នៅក្នុងទន្លេចំណុចចុងប៉ម ខាងមុខសាលាខេត្តព្រៃវែង ដើម្បីអបអរសាទរ ពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលនឹងចូលមកដល់នាពេលខាងមុខ។
ព្រឹត្តិការណ៍ប្រណាំងទូកងខាងលើនេះ ត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៦ ដោយមានទូកចូលរួមប្រកួតចំនួន៨០ទូក ក្នុងនោះទូក.ងខ្នាតអន្តរជាតិមានចំនួន៥៩ទូក ទូក.ងខ្នាតវែងចំនួន២១ទូក និងមានកីឡាករចំណុះសរុបចំនួន ៣.៥៤៦នាក់។
អាជ្ញាធរខេត្តព្រៃវែងបានបញ្ជាក់ថា ក្រៅពីកម្មវិធីប្រណាំងទូកងនេះ រដ្ឋបាលខេត្តព្រៃវែងក៏បានរៀបចំអោយមានជាកម្មវិធីកំសាន្តសប្បាយៗជាច្រើនទៀត រួមជាមួយការតាំងពិពរណ៌ផលិតផលចម្រុះ ការតាំងលក់ចំណីអាហារគ្រប់ប្រភេទ ព្រមទាំងមានការប្រគំតន្ត្រីខ្នាតធំនៅពេលរាត្រី ដែលអាចអោយភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកចូលរួមទស្សនានិងលេងកម្សាន្តបាន តាំងពីព្រឹករហូតដល់យប់តែម្តង។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រៃវែង ព្រឹត្តិការប្រណាំងទូករយៈពេល 2 ថ្ងៃនេះ គេឃើញមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានមកចូលរួមទស្សនា និងលេងកម្សាន្តប្រមាណជា 23 ម៉ឺននាក់ ដោយអ្នកខ្លះមកទស្សនាការប្រណាំងទូក.ង ខ្លះនាំគ្នាមកដើរលេងទិញរបស់របរយកទៅប្រើប្រាស់ និងខ្លះទៀតនាំកូនចៅមកទទួលទានចំណីអាហារផ្សេងៗ ទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន ក្នុងបរិយាកាសយ៉ាងសប្បាយរីករាយ៕



ចែករំលែកព័តមាននេះ