អាសូរណាស់! ជាងក្រឡឹងម្នាក់ ជួបគ្រោះអកុសលពេលកំពុងបំពេញការងារ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ ជនរងគ្រោះម្នាក់ជាជាងក្រឡឹងដែក បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីរអិលជើងធ្លាក់ចូលទៅក្នុងម៉ាស៊ីនក្រឡឹង ខណៈពេលកំពុងបំពេញការងារ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ០៩ និង ៣៥នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ។
យោងតាមប្រភពព័ត៌មានពីអ្នករស់នៅទល់មុខផ្ទះកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះកំពុងឈរប្រកបមុខរបរក្រឡឹងដែកដូចសព្វដង។ លុះមកដល់ពេលវេលាម៉ោងកើតហេតុខាងលើ ស្រាប់តែឮសម្លេងស្រែក និងឃើញជនរងគ្រោះបោកក្បាលនឹងម៉ាស៊ីនក្រឡឹង។ ពេលនោះ អ្នកជិតខាងក៏បានស្ទុះរត់ឆ្លងថ្នល់ទៅទាញបារ៉ែតដើម្បីបិទម៉ាស៊ីន ប៉ុន្តែជាអកុសល ជនរងគ្រោះបានបាត់បង់ជីវិតបាត់ទៅហើយ។
សមត្ថកិច្ចជំនាញបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ុន ចាន់ដា ហៅ ចេក អាយុ ៣២ឆ្នាំ មុខរបរជាជាងក្រឡឹងគ្រឿងម៉ាស៊ីន មានស្រុកកំណើតនៅភូមិខ្វាវ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលបានមកជួលផ្ទះប្រកបមុខរបរធ្វើជាងក្រឡឹងនៅក្នុងភូមិ សង្កាត់ កើតហេតុខាងលើ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងស្រាវជ្រាវ ព្រមទាំងយកសពជនរងគ្រោះមកតម្កល់ទុកនៅទីបច្ឆា ក្រុងស្ទឹងត្រែង ដើម្បីរង់ចាំប្រគល់ជូនក្រុមគ្រួសារ និងសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ក្នុងខេត្តកំពង់ចាម។
តាមរយៈហេតុការណ៍ដ៏សោកសៅនេះ គឺជាការជូនដំណឹង និងក្រើនរំលឹកដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រកបមុខរបរប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍បច្ចេកទេសគ្រប់ប្រភេទទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់នូវវិធានការសុវត្ថិភាពពេលកំពុងបំពេញការងារ និងពិនិត្យមើលហានិភ័យជុំវិញខ្លួនជានិច្ច ដើម្បីចៀសវាងកុំឱ្យមានគ្រោះថ្នាក់អកុសលណាមួយកើតឡើងជាបន្តទៀត ៕



ចែករំលែកព័តមាននេះ