បំបែកជម្រកមេខ្យល់! ឃាត់ខ្លួនមនុស្ស១២នាក់ មានម្នាក់ជាមេខ្យល់ដែលបម្រុងនាំមនុស្សឆ្លងដែនដោយខុសច្បាប់ចេញទៅថៃ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ចាត់ទុកជាការ«ទប់ស្កាត់បានទាន់ពេល»ចំពោះពលរដ្ឋខ្មែរប្រុស ស្រី ចំនួន១១នាក់ ដែលមេខ្យល់ម្នាក់ ត្រៀមនឹងលួចនាំឆ្លងដែនដោយខុសច្បាប់ចេញទៅប្រទេសថៃ ប៉ុន្តែត្រូវកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនបានកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៤ ខែតុលានេះ ខណៈកំពុងប្រមូលផ្ដុំគ្នានៅផ្ទះមេខ្យល់ ដែលស្ថិតក្នុងភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ។

របាយការណ៍មន្ត្រីកងរាជអាវុធហត្ថ បានឲ្យដឹងថា ពលរដ្ឋខ្មែរសរុបចំនួន១២នាក់ មានស្ត្រីចំនួន០៧នាក់ ហើយក្នុងចំណោមនេះ មានបុរសម្នាក់ជាមេខ្យល់ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកកំរៀង ឃាត់ខ្លួននៅពេលពួកគេកំពុងជួបជុំគ្នា ដោយលួចលាក់នៅនឹងផ្ទះមេខ្យល់ត្រង់ចំណុចខាងលើ ដែលពួកគេត្រៀមលួចឆ្លងដែនចេញទៅប្រទេសថៃ ដោយមិនស្របច្បាប់ ។

បើតាមរបាយការណ៍ ពលរដ្ឋខ្មែរទាំង១២នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន ៖ ១.ឈ្មោះ ផល ម៉ាន់ ភេទប្រុស អាយុ៤២ឆ្នាំ ជាមេខ្យល់ រស់នៅចំណុចកើតហេតុ ។ ២.ឈ្មោះ រឿន ម៉ីម៉ី ភេទស្រី អាយុ២៣ឆ្នាំ ។ ៣.ឈ្មោះ សារ៉ាវុធ ដាវណ្ណ ភេទស្រី អាយុ២២ឆ្នាំ (ពីរនាក់នេះ នៅឃុំព្រៃត្រឡាច ស្រុកមោងឬស្សី) ។ ៤.ឈ្មោះ ឈឿន ឈឿប ភេទស្រី អាយុ៣៩ឆ្នាំ នៅស្រុកអង្គរជុំ ខេត្តសៀមរាប ។ ៥.ឈ្មោះ ទូច លីដា ភេទស្រី អាយុ១៩ឆ្នាំ នៅឃុំកំពង់ព្រះ ស្រុកសង្កែ ។ ៦.ឈ្មោះ ភីន លីន ភេទស្រី អាយុ៤៨ឆ្នាំ នៅឃុំបឹងព្រីង ស្រុកថ្មគោល ។ ៧.ឈ្មោះ ទូក ស្រីជី ភេទស្រី អាយុ១៥ឆ្នាំ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ៨.ឈ្មោះ ធួក ចាន់ធូន ភេទស្រី អាយុ៣២ឆ្នាំ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ៩.ឈ្មោះ ឈៀង វ៉ាន់ឆៃ ភេទប្រុស អាយុ៤១ឆ្នាំ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ១០.ឈ្មោះ ម៉ៃ សំបុក ភេទប្រុស អាយុ៣៩ឆ្នាំ នៅស្រុកអង្គរជុំ ខេត្តសៀមរាប ។ ១១.ឈ្មោះ កាន់ សំបួន ភេទប្រុស អាយុ៤៦ឆ្នាំ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ និង ១២.ឈ្មោះ រស់ ឆេន ភេទប្រុស អាយុ២៦ឆ្នាំ នៅឃុំរកា ស្រុកសង្កែ ។ គេមិនទាន់ទទួលបានព័ត៌មានពិស្ដារ ដែលពាក់ព័ន្ធនឹងការប៉ុនប៉ងលួចនាំមនុស្សឆ្លងដែនខុសច្បាប់រវាងមេខ្យល់ និងក្រុមប្រជាពលរដ្ឋខ្មែរទាំងនេះនៅឡើយទេ ។

ប៉ុន្តែក្រុមនេះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានទាន់ពេល នៅពេលពួកគេប្រមូលផ្ដុំគ្នា បំរ៉ុងនឹងលួចឆ្លងព្រំដែនតាមច្រករបៀង ចេញទៅប្រទេសថៃ ។
ជាមួយនឹងការឃាត់ខ្លួននេះ សមត្ថកិច្ចក៏បានដកហូតរថយន្តមួយគ្រឿងផងដែរ ដែលជាមធ្យោយសម្រាប់មេខ្យល់ដឹកជញ្ជូនមនុស្សពីតាមបណ្ដាស្រុក ឬខេត្តនានា ដែលត្រូវលួចឆ្លងដែនចេញទៅស្រុកសៀម ។ ប៉ុន្តែយ៉ាងណា ពេលនេះ កម្លាំងកងរាជអាវុធហត្ថស្រុក បានបញ្ជូនពលរដ្ឋខ្មែរ១១នាក់ និងមេខ្យលម្នាក់ ទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តហើយ ដើម្បីចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ