ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​កម្មករ​អូស​បន្លែ​ម្នាក់​ នៅ​ផ្សារ​នាគ​មាស សង​សឹក​គំនុំ​ចាស់ យក​ដែក​បំពង់​ទីប​វា.យ​អ្នកបើក​រ៉ឺ​ម៉ក​ដឹក​បន្លែ ​ស្លា.ប់

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ​អូស​បន្លែ​នៅ​ផ្សារ​នាគ​មាស​ម្នាក់ ត្រូវ​បាន​នគរបាល​ខណ្ឌទួលគោក ឃាត់ខ្លួន ​បន្ទាប់​ពី​សងសឹក​គំនុំ​ចាស់​ដោយ​យក​បំពង់​ដែក​ទីប​ប្រវែង​ជិត​១​ម៉ែត្រ​ទៅ​វាយកម្មករ​បើក​រ៉ឺ​ម៉ក​ដឹក​បន្លែ​នៅ​ផ្សារ​នាគ​មាស​ម្នាក់​ បណ្ដា​ល​ឱ្យ​ស្លាប់ ​នៅ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ចិន​ព្រះ​កុសុមៈ ។

​ករណីខាងលើនេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០ ព្រឹក ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៦ ​នៅ​ចំណុច​បរិវេណផ្សារ​នាគ​មាស ​តាម​ផ្លូវ​លេខ​២៣៩ ភូមិ​២ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ឈ្មោះ នុ​ន គាច ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ​ជា​កម្មករ​អូស​បន្លែ​នៅ​ផ្សារ​នាគ​មាស ទីលំនៅ​ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង ខេត្តព្រៃវែង ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​១៣ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ចំំ​ណែ​ក​ជន​រង​គ្រោះ ឈ្មោះ ឡេ​ន ឡ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ​កម្មករ​បើក​រ៉ឺ​ម៉ក​ដឹក​បន្លែ​នៅ​ផ្សារ​នាគ​មាស មាន​ទីលំនៅ​ភូមិ​ពាន​រោង ឃុំ​ពាន ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ស្នាក់​នៅ​បន្ទប់​ជួល​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុនកើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​បាន​បើក​រ៉ឺ​ម៉ក​ដឹក​បន្លែ​មក​លក់​នៅផ្សារ​នាគ​មាស​ ស្រាប់តែ​ជនសង្ស័យ ជិះ​ម៉ូតូ​មួយ​គ្រឿង​ប្រដាប់​ដោយ​បង​បំពង់​ទីប​បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ប្រមាណ ៣ ទៅ​៤ ដំបង​។​ភ្លាម​ៗ​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ត្រូវ​បាន​អ្នកលក់​បន្លែ​នាំ​គ្នា​ឃាត់​រួច​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​។ ចំណែក​ជន​រង​គ្រោះ បា​នរង​​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិន ព្រះ​កុសុមៈ ​ហើយ​ត្រូវ​បាន​គ្រូពេទ្យ​ពិនិត្យ​ និង​ប្រាប់​ថា ជនរងគ្រោះ​ស្លាប់ បាត់ទៅហើយ​ ​។ ​បន្ទាប់​ពី​​កើតហេតុ​ សមត្ថកិច្ច​ដកហូតវត្ថុ​តាង បំពង់​ដែក​ទីប​១​ដើម​ប្រវែង​០,៨៧​ម៉ែត្រ ផង​ដែរ​។

តាម​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ អោយ​ដឹង​ថា ប្តី​របស់​ខ្លួន​ធ្លាប់​មាន​ទំនាស់​គ្នា​ជាមួយ​ជន​ដៃដល់​កាលពីមុន​ភ្ជុំបិណ្ឌ ដោយ​ជនសង្ស័យ​បាន​យក​ឈើ​កំណល់​សំរាប់​កល់​កញ្ច្រែង​បន្លែ​របស់​គាត់​ប្រើ​ ដោយ​មិន​បានយក​មក​អោយ​វិញទេ ​ហើយ​ប្តី​របស់​គាត់​ស្ដី​ឲ្យ ​ក៏កើត​ទៅ​ជា​ទំនាស់​វាយតប់​គ្នា​ មិ​ននឹក​ស្មានថា មាន​គំនុំ​មក​វាយ​ប្តី​គាត់​បែប​នេះ​។

បន្ទាប់​ពី​កើតហេតុ​ នគរបាល​មូលដ្ឋាន​ក៏​បាន​ហ៊ុមព័ទ្ធខ្សែនៅកន្លែង​កើតហេតុ​ ដើម្បី​ត្រួតពិនិត្យ​ ដោយរក​ឃើញបំពង់​ដែក​ទីប​១​ដើម​ប្រវែង​០,៨៧​ម៉ែត្រ ។

តាម​ការ​ត្រួតពិនិត្យ​សព ត្រូវ​ជន​ដៃដល​វាយចំ​ថ្ងាស​ចំហៀង​ខាងឆ្វេង​ ​ត្រូវ​ក្បាល​២​កន្លែង​(​ក្បាល​ចំហៀង​ខាងឆ្វេង​ និង​ខាងក្រោយ​)​និង​ត្រូវក​ខាងក្រោយ​ចំហៀង​ខាងឆ្វេង​។

តាម​ការ​ត្រួតពិនិត្យរបស់​​លោកវេជ្ជបណ្ឌិត ជាង រ៉េ​ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ ស្លាប់​ដោយ​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ ដោយ​ហិង្សា​ប្រើ​បំពង់​ដែក​ទីប​វាយ​ក្បាល​ បណ្តាល​ឲ្យ​ស្លាប់​។

បច្ចុប្បន្ន​ ​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕​