ឆ្លងចរន្តអគ្គិសនី ឆាបឆេះផ្ទះតៀមរបស់ប្រជាពលរដ្ឋអស់១ខ្នងនៅក្នុង ក្រុងច្បារមន
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ផ្ទះតៀមរបស់ប្រជាពលរដ្ឋមួយខ្នងរងការខូចខាតអស់គ្មានសល់ ខណៈដែលឆ្លងចរន្តអគ្គិសនីក្លាយជាអណ្ដាតភ្លើងឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយអន្តរាគមន៍ពន្លត់។
ករណីគ្រោះអគ្គីភ័យឆេះផ្ទះ របស់ប្រជាពលរដ្ឋអស់១ខ្នង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៤ តុលា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
នគរបាលក្រុងច្បារមនបាននិយាយឱ្យដឹងថា ផ្ទះដែលរងការខូចខាត ជាប្រភេទផ្ទះតៀមធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី មានទំហំ៤ម៉ែត្រ គុណនឹង៥ម៉ែត្រ ម្ចាស់ផ្ទះមានឈ្មោះ សួង ប៉ាន់ ភេទស្រី អាយុ៧៨ឆ្នាំ រស់នៅក្នុងភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
អគ្គិភ័យខាងលើបណ្តាលឲ្យខូចខាតសម្ភារៈដូចខាងក្រោម ៖
– ខូចខាតផ្ទះតៀម១ខ្នងទាំងស្រុង
– ទូរដាក់ខោអាវ ១
– ពូកដេក១
– លុយ ៥០០ ០០០រៀល
– សម្ភារៈផ្ទះបាយមួយចំនួនផងដែរ។
-គ្រែ១
នគរបាលក្រុងច្បារមនបានបន្តទៀតថា ករណីនេះមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្ស និងសត្វឡើយ មូលហេតុដែលបណ្តាឱ្យឆេះផ្ទះប្រជាពលរដ្ឋនេះ មកពីឆ្លងចរន្ដអគ្គិសនី។
ចំពោះកិច្ចអន្តរាគមន៍ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្កិភ័យរបស់អធិការដ្ឋាននគរបាលក្រុងច្បារមនចចំនួន១គ្រឿង ប្រើប្រាស់អស់ទឹកចំនួន១រថយន្តប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត១គ្រឿង ប្រើទឹកអស់ចំនួន១រថយន្តប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថខេត្តចំនួន១គឿង ប្រើទឹកអស់១រថយន្ត។
ប្រើប្រាស់កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមនចំនួន៦នាក់, កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន១០នាក់, កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ចំនួន៧នាក់, កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរការធំ ចំនួន ៧នាក់, កម្លាំងប្រជាការពារភូមិ ២០នាក់ ទើបរលត់ទៅវិញ មិនឆេះរោលរាលដល់ផ្ទះអ្នកជិតខាងឡើយ ៕





ចែករំលែកព័តមាននេះ