អស់លក្ខណៈ! ចោរគា.ស់បន្ទប់ជួល និងផ្ទះប្រជាពលរដ្ឋយ៉ាងសកម្មឆ្លងខេត្ត ត្រូវសមត្ថកិច្ចចាប់ក្របួចបានហើយ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាមុខសញ្ញាធ្វើសកម្មភាពដើរគាស់បន្ទប់ជួល និងផ្ទះរបស់ប្រជាពលរដ្ឋយ៉ាងសកម្មជាច្រើនកន្លែង នៅក្នុងស្រុកគងពិសី និងកន្លែងផ្សេងទៀត ត្រូវបានកម្លាំងនគរបាលសហការឃាត់ខ្លួនបានហើយ ។

ការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាគាស់បន្ទប់ជួល និងផ្ទះពលរដ្ឋយ៉ាងសកម្មបានធ្វើឡើង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺ បាននិយាយឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យបាន គឺកម្លាំងសមត្ថកិច្ចជំនាញ បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបដោយជោគជ័យទៅលើមុខសញ្ញាចោរគាស់បន្ទប់ជួលយ៉ាងសកម្ម ដែលបានធ្វើសកម្មភាពដើរគាស់បន្ទប់ជួល និងផ្ទះរបស់ប្រជាពលរដ្ឋជាច្រើនកន្លែង ឆ្លងដែនចំនួន២ខេត្ត ។

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបន្តទៀតថា ជនសង្ស័យបានជិះម៉ូតូធ្វើសកម្មភាពដើរគាស់បន្ទប់ជួល និងផ្ទះប្រជាពលរដ្ឋ នៅតាមបណ្តាឃុំសំខាន់ៗរួមមាន ស្ថិតនៅមូលដ្ឋាន ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងស្ថិតនៅមូលដ្ឋាន ឃុំសូភី និងឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ។

ក្រោយធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ កម្លាំងសមត្ថកិច្ចខេត្តទាំង២ បានសហការគ្នាឈានដល់ការបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាខាងលើបាន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដកហូតវត្ថុតាង ទុកណឺវីស និងម៉ូតូ១គ្រឿងម៉ាកនិច(NEX) ពណ៌សលាយក្រហម ពាក់ផ្លាកលេខភ្នំពេញ1MB-6012។

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ រួមជាមួយនឹងមធ្យោបាយម៉ូតូជាវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាល ដើម្បីបន្តសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕



ចែករំលែកព័តមាននេះ