ប្រធានសហព័ន្ធកីឡាប្រណាំងរថយន្តឥណ្ឌាលោក Vicky Chandhok បានសម្តែងក្តីបារម្ភរបស់ខ្លួនបន្ទាប់ពីមានលេចឮព័ត៌មានពីការកែប្រែប្រតិទិនប្រណាំងហ្វមមូឡាវ័នឆ្នាំ២០១២។ ទោះជាយ៉ាងណា ការសើរើពិនិត្យឡើងវិញចំពោះប្រតិទិនប្រណាំងហ្វមមូឡាវ័នឆ្នាំ២០១២ គឺធ្វើឡើងបន្ទាប់ពីក្រុមប្រណាំងទាំងឡាយយល់ស្របទៅនឹងពង្រាងជាបណ្តោះអាសន្នចុងក្រោយបំផុតកាលពីសប្តាហ៍កន្លងទៅ។
ប្រធានហ្វមមូឡាវ័នពិភពលោក លោកបឺនី អេឡេស្តូន បានបង្ហាញពីប្រតិទិនប្រណាំងដែលមាន២០កម្មវិធី ដោយក្នុងនោះកម្មវិធីTurkish Grand Prix នឹងមិនមានវត្តមានទៀតទេ ។ កម្មវិធីប្រណាំងមួយនេះនឹងមិនអាចត្រឡប់មកជាថ្មីនៅឆ្នាំក្រោយបានទេ បន្ទាប់ពីការព្រមព្រៀងលើកិច្ចសន្យាថ្មីមួយរវាងលោកអេឡេស្តូន និងអ្នករៀបចំការប្រណាំងត្រូវបរាជ័យ ។
ទោះជាយ៉ាងណា ឆ្នាំក្រោយពិតជាមានការផ្លាស់ប្តូរយ៉ាងសំខាន់មួយដោយក្នុងនោះរួមមានការចាប់ផ្តើមប្រណាំងបន្តបន្ទាប់គ្នានៅអូស្ត្រាលីនិងម៉ាឡេស៊ី, ការប្រណាំងនៅឥណ្ឌាត្រូវប្តូរទៅធ្វើក្នុងខែមេសា បន្ទាប់មកមានការឈប់សម្រាករដូវក្តៅចំនួន៥សប្តាហ៍ ព្រមទាំងគ្មានការប្រណាំងក្នុងខែសីហា ។ បន្ថែមពីលើនេះទៀត ក៏មានការប្រណាំងបន្តកន្ទុយគ្នារវាងបែលហ្ស៊ិកនិងអ៊ីតាលី ជប៉ុននិងកូរ៉េ បារ៉ែននិងក្រុងអាប៊ូដាប៊ី អាមេរិកនិងប្រេស៊ីល។
ការផ្លាស់ប្តូរប្រតិទិនប្រណាំងឆ្នាំ២០១២នាំឲ្យការប្រណាំងនៅឥណ្ឌាត្រូវចំថ្ងៃទី២២ខែមេសា។ តាមលោក Chandhokថា អាកាសធាតុក្នុងខែមេសាគឺក្តៅខ្លាំងណាស់ជិត៤០អង្សាសេ។ លោកបានបញ្ជាក់ថា៖ «ខ្ញុំមិនសប្បាយចិត្តសោះដែលយើងត្រូវរៀបចំការប្រណាំងក្នុងខែមេសា ដ្បិតវាជាខែដែលក្តៅបំផុត។ តែយ៉ាងណា បើគ្មានជម្រើសនោះយើងក៏សូមទទួលយក។ ខ្ញុំគិតថា អាកាសធាតុល្អត្រជាក់ល្មមគឺនៅខែមីនា, តុលា, វិច្ឆិកា និងធ្នូ»។ សូមបញ្ជាក់ថា ឥណ្ឌានៅឆ្នាំនេះនឹងរៀបចំការប្រណាំងនៅថ្ងៃទី៣០ខែតុលាខាងមុខ គឺជាពេលវេលាដែលលោកChandhok អះអាងថា មានអាកាសធាតុជាទីមនោរម្យ។
ប្រធានសមាគមក្រុមប្រណាំងហ្វមមូឡាវ័ននិងជាប្រធានក្រុមប្រណាំងម៉ាកឡារ៉ឹនលោកម៉ាទីន វីតម៉ាស់ បានអះអាងថា ការកែប្រែបន្ថែមទៀតអាចនឹងមាននៅឡើយទេ។ លោកបាននិយាយថា៖ «ប្រតិទិនមិនងាយផ្លាស់ប្តូរទេ ប៉ុន្តែខ្ញុំយល់ថា វានឹងត្រូវមានការផ្លាស់ប្តូរម្តងទៀត ហើយទាល់តែដល់ពេលចុងក្រោយមួយនោះទើបគ្មានការរអ៊ូរទាំចំពោះពង្រាង ៕
ចែករំលែកព័តមាននេះ