សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ភេសជ្ជៈដែលយើងផឹករាល់ថ្ងៃអាចប៉ះពាល់ដល់សុខភាពខួរក្បាល និងការចងចាំ ប្រសិនបើទទួលទានច្រើនជាប្រចាំ។ ភេសជ្ជៈមានជាតិស្ករខ្ពស់ ជាតិអាល់កុល និងកាហ្វេអ៊ីនច្រើន គឺជាប្រភេទដែលគួរយកចិត្តទុកដាក់ ដើម្បីថែរក្សាសុខភាពរយៈពេលវែង។
ទីមួយ គឺភេសជ្ជៈផ្អែម ដូចជា ភេសជ្ជៈមានជាតិកាបូន និងទឹកផ្អែមដែលមានជាតិស្ករបន្ថែមច្រើន។ ការផឹកជាប្រចាំអាចបង្កើនការទទួលជាតិស្ករ និងប៉ះពាល់ដល់សុខភាពមេតាបូលីស ដែលអាចជះឥទ្ធិពលដល់ខួរក្បាល។ គួរជ្រើសរើសទឹកស្អាត ឬតែដែលមិនបន្ថែមស្ករជំនួសវិញ។
ទីពីរ គឺភេសជ្ជៈមានជាតិអាល់កុល។ ការផឹកច្រើន ឬផឹកជាប្រចាំក្នុងរយៈពេលយូរ អាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងរចនាសម្ព័ន្ធខួរក្បាល។ ការស្រាវជ្រាវមួយចំនួនក៏បានរកឃើញទំនាក់ទំនងរវាងការទទួលជាតិអាល់កុលក្នុងបរិមាណខ្ពស់ និងហានិភ័យនៃការថយចុះសមត្ថភាពគិត និងចងចាំផងដែរ។
ទីបី គឺកាហ្វេដែលបន្ថែមស្ករ ទឹកដោះគោខាប់ ស៊ីរ៉ូ ឬក្រែមផ្អែមច្រើន។ ការបន្ថែមទាំងនេះអាចធ្វើឱ្យរាងកាយទទួលបានជាតិស្ករ និងថាមពលលើសតម្រូវការ។ ទីបួន គឺភេសជ្ជៈប៉ូវកម្លាំង ដែលជាទូទៅមានជាតិកាហ្វេអ៊ីន និងស្ករ។ ទោះបីកាហ្វេអ៊ីនអាចជួយឱ្យភ្ញាក់ និងផ្តោតអារម្មណ៍បានមួយរយៈក៏ដោយ ក៏មិនមានន័យថាការផឹកភេសជ្ជៈប៉ូវកម្លាំងជាប្រចាំល្អចំពោះខួរក្បាលរយៈពេលវែងនោះទេ។
សរុបមក ដើម្បីថែរក្សាសុខភាពខួរក្បាល គួរកាត់បន្ថយភេសជ្ជៈមានជាតិស្ករខ្ពស់ ជៀសវាងការផឹកស្រាច្រើន និងកុំប្រើភេសជ្ជៈប៉ូវកម្លាំងដើម្បីបង្ខំរាងកាយឱ្យភ្ញាក់នៅពេលនឿយហត់។ ការផឹកទឹកស្អាតជាប្រចាំ និងជ្រើសរើសកាហ្វេ ឬតែដែលមានជាតិស្ករតិច ឬគ្មានស្ករ អាចជួយឱ្យរបបភេសជ្ជៈប្រចាំថ្ងៃមានតុល្យភាពជាងមុន៕
ចែករំលែកព័តមាននេះ