ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខេត្ត​ព្រះ​សីហ​នុ បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ ១៨​ករណី ឃាត់ខ្លួន​ជនសង្ស័យ​២៥​នាក់ បញ្ជូន​ទៅ​តុលាការ

3 ថ្ងៃ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​ចង្អុល​ណែនាំ​របស់​ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ​អធិការដ្ឋាន និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពាក់ព័ន្ធ បាន​បន្ត​ស្រាវជ្រាវ បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​ផ្សេង​ៗ​ជា​បន្តបន្ទាប់ ។

ក្នុង​ប្រតិបត្តិការ​ខាងលើ សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​អំពើ​លួច និង​លួច​មាន​ស្ថាន​ទម្ងន់ទោស ការ​រំលោភ​លើ​ទំនុកចិត្ត ការ​ប៉ុនប៉ង​លួច លួច​ម៉ូតូ លួច​ខ្សែភ្លើង និង​សម្ភារៈ​លោហៈ អំពើ​ហិង្សា​ដោយ​ចេតនា ព្រមទាំង​ករណី​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​បទល្មើស​ផ្សេង​ៗ​ទៀត ។

ជា​លទ្ធផល សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​ចំនួន ១៨ ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន ២៥​នាក់ ដែល​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ព្រមទាំង​បន្ត​ស្រាវជ្រាវ​ស្វែងរក​បក្ខពួក​ដែល​ពាក់ព័ន្ធ និង​អ្នក​ដែល​កំពុង​គេចខ្លួន ។

ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ដកហូត និង​រក​ឃើញ​វត្ថុ​តាង​ពាក់ព័ន្ធ​ជា​ច្រើន​រួម​មាន​ម៉ូតូ​ចំនួន ១២​គ្រឿង អាវុធ​ខ្លី​ចំនួន ១​ដើម បង់​អាវុធ និង​គ្រាប់រំសេវ​ចំនួន ២​គ្រាប់ ទូរ​សព្ទ​ដៃ ខ្សែភ្លើង សម្ភារៈ​លោហៈ ឧបករណ៍​កាត់​ខ្សែ កាំបិត ទួ​ណឺ​វី​ស និង​សម្ភារៈ​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត ។

ចំពោះ​សម្ភារៈ វត្ថុ​តាង​មួយ​ចំនួន ដែល​ជា​ផល​នៃ​អំពើ​ល្មើស ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ។ ចំណែក​បុគ្គល​ចំនួន ៥​នាក់ ដែល​ពុំ​មាន​តម្រុយ​ពាក់ព័ន្ធ​នឹង​បទល្មើស ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ដោយ​ទទួល​បាន​គោលការណ៍​ដឹកនាំ​ពី​ឧត្តមសេនីយ៍ឯក អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​មានការ​អនុញ្ញាត​ពី​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ស្រប​តាម​នីតិវិធី​ច្បាប់ ។

បច្ចុប្បន្ន ជនសង្ស័យ​ដែល​ពាក់ព័ន្ធ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នឹង​បន្ត​ពង្រឹង​ការ​ល្បាត ការ​ស្រាវជ្រាវ និង​ការ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម ជូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ និង​វិនិយោគិន ក្នុង​ខេត្ត​ព្រះ​សីហ​នុ ៕