នគរបាលខេត្តក្រចេះឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ខណៈបក្សពួកម្នាក់ទៀតកំពុងរត់គេចខ្លួន
- ក្រចេះ
ខេត្តក្រចេះ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តក្រចេះ បញ្ជូនទៅកាន់អយ្យការអមសាលាដំបូង នាថ្ងៃទី២៣ តុលា ២០២៦ ក្រោយការចាប់ខ្លួនក្នុងអំពើចោរកម្មប្រព្រឹត្តឡើង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ស្ងិតនៅភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខណៈបក្សពួកម្នាក់ទៀតត្រូវបានរាយការណ៍ថា កំពុងរត់គេចខ្លួន ។

ប្រភពព័ត៌មានបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ កែវ គឹមហាត ភេទស្រី អាយុ៤៤ឆ្នាំ មានទីលំនៅភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ត្រឡប់មកពីសាលាបឋមសិក្សាកាប៉ូ ហើយបានទុកម៉ូតូនៅមុខផ្ទះ ដោយមិនបានដកសោរចេញពីម៉ូតូ រួចចូលទៅធ្វើម្ហូបនៅចង្ក្រានបាយខាងក្រោយផ្ទះ ។ មួយសន្ទុះក្រោយមក កូនរបស់ជនរងគ្រោះបានរត់មកប្រាប់ថា ម៉ូតូត្រូវបានជនមិនស្គាល់មុខលួចយកទៅបាត់ហើយ ទើបជនរងគ្រោះប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ។

ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងសមត្ថកិច្ចបានសហការគ្នាស្រាវជ្រាវ និងតាមប្រមាញ់ជនសង្ស័យ ដែលកំពុងជិះម៉ូតូរត់គេចខ្លួន រហូតដល់តំបន់ព្រៃក្នុងភូមិកន្ទូត ឃុំកន្ទួត ស្រុកចិត្របុរី ។

តាមរបាយការណ៍ ជនសង្ស័យបានព្យាយាមលាក់ខ្លួននៅក្នុងព្រៃ មុនពេលកម្លាំងសមត្ថកិច្ចឈានដល់ ការឃាត់ខ្លួននៅវេលាម៉ោងប្រមាណ២០និង៤០នាទីយប់ថ្ងៃដដែលនោះ។ ជនសង្ស័យទាំងពីរនាក់ដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ រ៉េត រី អាយុ១៩ឆ្នាំ និងឈ្មោះ ចក់ រ៉ាត់ អាយុ២៩ឆ្នាំ ។ អ្នកទាំងពីរមានទីលំនៅភូមិកក់ ឃុំកក់ ស្រុកបកែវ ខេត្តរតនគិរី។

តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានសារភាពថា ពួកគេមានគ្នាបីនាក់ ក្នុងនោះ មានឈ្មោះ ហុង ភេទប្រុស អាយុប្រហែល២៧ឆ្នាំ ដែលមានទីលំនៅក្នុងខេត្តរតនគិរី និងត្រូវបានរាយការណ៍ថា កំពុងរត់គេចខ្លួន ។ លោក ប៊ុន សុខា អធិការក្រុងក្រចេះបានប្រាប់នារសៀលថ្ងៃទី២៤ តុលា ២០២៦ នេះថា ជនសង្ស័យទាំងពីរនាក់ត្រូវបានបញ្ជូនទៅតុលាការកាលពីម្សិលមិញរួចហើយ (ថ្ងៃទី ២៣ តុលា ២០២៦ )ដែលបច្ចុប្បន្ន កំពុងស្ថិតក្នុងតំណាក់កាលអយ្យការ។ដោយឡែកម៉ូតូដែលបាត់បង់ សមត្ថកិច្ចបានរាយការណ៍ថា កំពុងចាត់ចែងនីតិវិធីពាក់ព័ន្ធនឹងការប្រគល់ជូនម្ចាស់ដើមវិញ ៕


ចែករំលែកព័តមាននេះ