មន្ត្រីបរិស្ថានខេត្តក្រចេះបង្ក្រាបឡធ្យូងខុសច្បាប់២ឡ ក្នុងដែនជម្រកសត្វព្រៃសំបូរ
- ក្រចេះ
ខេត្តក្រចេះ ៖ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ សហការជាមួយក្រុមល្បាតសហគមន៍ឃុំអូរគ្រៀង បានចុះប្រតិបត្តិការបង្ក្រាបទីតាំងផលិតធ្យូងខុសច្បាប់មួយកន្លែង ដែលមានឡធ្យូងចំនួន២ឡ ស្ថិតក្នុងដែនជម្រកសត្វព្រៃសំបូរ ក្នុងភូមិសាស្ត្រឃុំអូរគ្រៀងស្រុកអូរគ្រៀងសែនជ័យ ដោយបានវាយកម្ទេចឡធ្យូងទាំងពីរនៅនឹងកន្លែង ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពីប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ និងដឹកនាំដោយលោក ញ៉ែម វិសាល នាយកដែនជម្រកសត្វព្រៃសំបូរ ដែលមានកម្លាំងចូលរួមប្រតិបត្តិការជាច្រើនរូប ។

យោងតាមព័ត៌មានពីប្រតិបត្តិការ ទីតាំងផលិតធ្យូងខុសច្បាប់ខាងលើ ស្ថិតនៅចំណុចអូរអណ្ដាស ក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃសំបូរ ដែលមាននិយាមការលេខ 627547-1447744។ ជាលទ្ធផល ក្រុមការងារបានចាត់វិធានការវាយកម្ទេចឡធ្យូងចំនួន២ឡ ដែលមិនមានការអនុញ្ញាតតាមច្បាប់ ដើម្បីទប់ស្កាត់សកម្មភាពប្រកបអាជីវកម្មខុសច្បាប់នៅក្នុងតំបន់ការ
ពារ ។

ជុំវិញបញ្ហានេះ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះបានលើកឡើងថា ការបង្កើតឡធ្យូង និងការផលិតធ្យូងដោយគ្មានការអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ច គឺជាសកម្មភាពដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានធម្មជាតិ និងគម្របព្រៃឈើ ព្រមទាំងបង្កការគំរាមកំហែងដល់ការអភិរក្សជីវចម្រុះនៅក្នុងតំបន់ការពារធម្មជាតិ ។

ប្រធានមន្ទីរបានអំពាវនាវដល់ស្ថាប័ន អង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋឱ្យបន្តសហការចូលរួមក្នុងការបង្ការ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ជាពិសេស សកម្មភាពផលិតធ្យូងខុសច្បាប់ ដើម្បីរួមចំណែកការពារ និងថែរក្សាព្រៃឈើឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ ៕





ចែករំលែកព័តមាននេះ