កិច្ចប្រជុំពិភាក្សារៀបចំក្រុមការងារគណៈកម្មការ និងមេប្រយោគ សម្រាប់ការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិនៅខេត្តពោធិ៍សាត់
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ កាលពីព្រឹកថ្ងៃទី២២ តុលា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ស្វាយ ចាន់ដា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានមនុស្សក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំក្រុមការងារគណៈកម្មការ និងមេប្រយោគ សម្រាប់ការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួសតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល និងវរសេនាតូចការពារព្រំដែនគោកលេខ៨២៥ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំអគារអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត លោកស្នងការរងទទួលផែនការងារធនធានមនុស្ស ក្រុមការងារការិយាល័យបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមការងារនៃអគ្គនាយកដ្ឋានធនធានមនុស្ស ព្រមទាំងលោកនាយ និងនាយរងការិយាល័យបុគ្គលិកជាច្រើនរូបទៀត ។
កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សា និងរៀបចំផែនការការងារពាក់ព័ន្ធនឹងការបង្កើតក្រុមការងារគណៈកម្មការ និងមេប្រយោគ ដើម្បីចូលរួមអនុវត្តដំណើរការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិឱ្យមានរបៀបរៀបរយ និងប្រសិទ្ធភាព ស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់។

ជាមួយគ្នានេះ ការរៀបចំក្រុមការងារឱ្យបានច្បាស់លាស់ និងមានការសហការល្អរវាងអង្គភាពពាក់ព័ន្ធ គឺជាកត្តាសំខាន់ក្នុងការធានាឱ្យដំណើរការប្រឡងប្រជែងប្រព្រឹត្តទៅដោយតម្លាភាព យុត្តិធម៌ និងអាចជ្រើសរើសបានបេក្ខជនដែលមានសមត្ថភាព សមស្របតាមតម្រូវការរបស់កងកម្លាំងនគរបាលជាតិ។
កិច្ចប្រជុំនេះ ក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្នុងការរៀបចំដំណើរការជ្រើសរើសមន្ត្រីនគរបាលជាតិឱ្យមានភាពម៉ត់ចត់ និងមានស្តង់ដារ ដើម្បីរួមចំណែកពង្រឹងធនធានមនុស្ស និងបំពេញតម្រូវការកម្លាំងនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងអង្គភាពការពារព្រំដែនគោកលេខ៨២៥ ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ៕

ចែករំលែកព័តមាននេះ