ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​បរិស្ថាន​ខេត្តក្រចេះ​បង្ក្រាប​ទីតាំង​រុករក​រ៉ែ​ខុសច្បាប់​នៅ​ស្រុក​​សំបូរ ដកហូត​គោ​យន្ត​៤​គ្រឿង និង​សម្ភារ​ពាក់ព័ន្ធទៀត

5 ថ្ងៃ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ​ បាន​ចុះ​ប្រតិបត្តិការ​ទប់ស្កាត់​សកម្ម​ភាព​រុករក​រ៉ែ​ខុសច្បាប់​មួយ​កន្លែង នៅ​តំបន់​អូរ​ឃ្ម​ង ស្ថិត​ក្នុង​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ ដោយ​ដកហូត​គោ​យន្ត​ចំនួន​៤​គ្រឿង ក្បាល​បូម​៤​គ្រឿង និង​ទុយោ​ប្រវែង​៦០​ម៉ែត្រ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ​។

ប្រតិបត្តិការ​នេះ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៦ ក្រោម​ការ​ដឹកនាំ​របស់​អនុប្រធាន​​ការិយាល័យ​ដែនជម្រក​សត្វព្រៃ ដោយ​មានការ​ចូលរួម​ពី​ប្រធាន​ស្នាក់​ការ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​តាម​ការ​បញ្ជា និង​ការ​ណែនាំ​របស់​លោក គា បូ ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តក្រចេះ ។

បើ​តាម​មន្ត្រី​ជំនាញ​អោយ​ដឹង​ថា ​ទីតាំង​ដែល​មន្ត្រី​ចុះ​អនុវត្ត​វិធានការ​នេះ ស្ថិត​នៅ​ចំណុច​អូរ​ឃ្ម​ង ក្នុងភូមិ​សាស្ត្រ​​ឃុំ​កំពង់ចាម ​។ ក្រោយ​បញ្ចប់​ប្រតិបត្តិការ វត្ថុ​តាង​ទាំងអស់​​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ស្នាក់​ការ​គម្ពោត​គយ ដើម្បី​រៀបចំ​សំណុំរឿង និង​បន្ត​នីតិវិធី​ពាក់ព័ន្ធ​ ។

លោក គា បូ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះបាន​លើក​ឡើង​ថា ការ​បង្ក្រាប​បទល្មើស​ធន​ធានធម្មជាតិ​នៅ​តាម​តំបន់​ព្រៃ​ការពារ និង​ដែនជម្រកសត្វព្រៃ នៅ​តែ​ប្រឈម​នឹង​បញ្ហា​ប្រឈម​​ជា​ច្រើន ដោយសារ​ទីតាំង​ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល ផ្លូវ​ធ្វើ​ដំណើរ​មានការ​លំបាក និង​សកម្មភាព​ល្មើស​ដែល​តែង​កើតឡើង​ដោយ​លួចលាក់​នៅ​ពេល​យប់ ឬ​ពេល​គ្មាន​​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​ក្បែរ ​។ ទោះជា​យ៉ាងណា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៅតែ​បន្ត​បំពេញភារកិច្ច ដើម្បី​ទប់ស្កាត់​ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ការ​រុករក​រ៉ែ​មាស​ដោយ​ខុសច្បាប់​អាច​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់​ធ្ងរ​ដល់​បរិស្ថាន ដូច​ជា​ការ​បំផ្លាញ​ដី​ព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី ការ​បាត់បង់​ជម្រក​សត្វព្រៃ ការ​ប្រែប្រួល​លំហូរ​ទឹកធម្មជាតិ ព្រមទាំង​ហានិភ័យ​នៃ​ការ​បំពុល​ប្រភព​ទឹក​ដោយសារធាតុ​គីមី​ដែល​អាច​ប្រើប្រាស់​ក្នុង​ដំណើរការ​លាង​រ៉ែ ​។ ផល​ប៉ះពាល់​ទាំងនេះ​ ក៏​អាច​គំរាមកំហែង​ដល់​ជីវចម្រុះ និង​សុវត្ថិភាព​ធនធានធម្មជាតិ​នៅ​ក្នុង​តំបន់​ការពារ​ផង​ដែរ ​។

ជាមួយ​គ្នា​នេះ ​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បង្កើន​ការ​ចុះ​ល្បាត និង​ពង្រឹង​វិធានការ​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ​គ្រប់​ប្រភេទ ដោយ​ផ្តោត​លើ​ការ​ការពារ​ព្រៃឈើ ជីវចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី ដើម្បី​ធានា​ការ​អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ ៕