ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចស្ពានអូររមីស ត្រូវបានបើកចរាចរណ៍ជាធម្មតាវិញហើយ ក្រោយអន្តរាគមន៍ពីអភិបាលខេត្តមណ្ឌលគិរី
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ គិតត្រឹមវេលាម៉ោង០៩:៥០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នេះ ផ្លូវជាតិលេខ៧៦ ត្រូវបានបើកឱ្យចរាចរណ៍ឡើងវិញជាធម្មតាហើយ ក្រោយពីកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញ អូសទាញរថយន្តដឹកទំនិញធុនធ្ងន់ដែលខូចខាតបិទផ្លូវ ចេញពីទីតាំងកើតហេតុរួចរាល់ ។

ការបើកផ្លូវនេះ ធ្វើឡើងបន្ទាប់ពីមានហេតុការណ៍កកស្ទះចរាចរណ៍យ៉ាងខ្លាំង នៅត្រង់ចំណុចជិតស្ពានអូររមីស លើកំណាត់ផ្លូវជាតិលេខ៧៦ ដោយសាររថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿង បានបើកបរឡើងចំណោទមិនរួច ហើយរអិលថយក្រោយ បណ្តាលឱ្យឃាំងទទឹងផ្លូវ និងផ្អាកដំណើរការធ្វើចរាចរណ៍របស់អ្នកដំណើរជាបណ្តោះអាសន្ន។

ដើម្បីដោះស្រាយបញ្ហាចចារណ៍នេះ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីជំនាញ និងកងកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ និងសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋដោយផ្ទាល់នៅកន្លែងកើតហេតុ ។

ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមអភិបាលខេត្ត ក្រុមការងារបច្ចេកទេសបានសហការជាមួយអាជ្ញាធរ និងកងកម្លាំងមូលដ្ឋានចុះអន្តរាគមន៍យ៉ាងសកម្ម ដោយដំបូងឡើយ បានបើកផ្លូវឱ្យរថយន្តខ្នាតតូចអាចធ្វើដំណើរឆ្លងកាត់បានជាបណ្តោះអាសន្ន មុននឹងសម្រេចការអូសទាញរថយន្តធុនធ្ងន់ចេញទាំងស្រុង ដើម្បីស្តារចរាចរណ៍ធម្មតាឡើងវិញ។

អាជ្ញាធរខេត្តមណ្ឌលគិរី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ៧៦ទាំងអស់ មេត្តាបន្ថយល្បឿន បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងយោគយល់អធ្យាស្រ័យគ្នា ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ ៕


ចែករំលែកព័តមាននេះ