ផ្លូវកៅស៊ូជិត១០គីឡូម៉ែត្រនៅស្រុកមង្គលបូរី រងការខូចខាតធ្ងន់ធ្ងរជិត១០ឆ្នាំ និងរង់ចាំការជួសជុល
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ ផ្លូវកៅស៊ូ១ខ្សែ ប្រវែងជិត១០គីឡូម៉ែត្រ ស្របមាត់ស្ទឹងខាងកើត ដែលស្ថិតនៅចន្លោះឃុំរហាត់ទឹក ទៅឃុំបត់ត្រង់ ស្រុកមង្គលបូរី (តភ្ជាប់ទៅផ្លូវជាតិលេខ៥) កំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងអូសបន្លាយពេលជិត១០ឆ្នាំមកហើយ ដោយគ្មានការសាងសង់ឡើងវិញ ដែលធ្វើឱ្យប្រជាពលរដ្ឋរាប់ពាន់ខ្នងផ្ទះរស់នៅអមសងខាង និងអ្នកធ្វើដំណើរជួបការលំបាកយ៉ាងខ្លាំង ។

ប្រជាពលរដ្ឋបានរៀបរាប់ថា ផ្លូវសេដ្ឋកិច្ចដ៏មានសក្ដានុពលនេះ បានខូចខាតទ្រុឌទ្រោមយ៉ាងខ្លាំងដោយមានរន្ធជ្រៅៗ និងទឹកដក់ខូចខាតជាច្រើនកន្លែង ដែលកន្លែងខ្លះមានជម្រៅទឹកជ្រៅដល់ជង្គង់ ។ ពួកគាត់សូមសំណូមពរដល់អាជ្ញាធរស្រុក ខេត្ត និងមន្ទីរជំនាញ មេត្តាចុះពិនិត្យមើល និងជួយជួសជុល ឬកសាងថ្មី ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យបានងាយស្រួលឡើងវិញ។

ទាក់ទងនឹងបញ្ហានេះ លោក កែវ តារ៉ារស្មី អភិបាលស្រុកមង្គលបូរី បានទទួលស្គាល់ថា ផ្លូវស្របមាត់ស្ទឹងពីឃុំរហាត់ទឹកដល់ឃុំបត់ត្រង់នេះ ពិតជាជួបការលំបាកខ្លាំងមកយូរហើយ ។ លោកបានបញ្ជាក់ថា ផ្លូវនេះស្ថិតក្នុងគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ប៉ុន្តែបើសិនជាគម្រោងនោះយូរពេក នៅដើមឆ្នាំ២០២៧ ខាងមុខនេះ រដ្ឋបាលស្រុកមង្គលបូរីនឹងរៀបចំគម្រោងជួសជុលសម្រួលជាបណ្ដោះអាសន្នជូនប្រជាពលរដ្ឋសិន ដើម្បីឱ្យពួកគាត់អាចធ្វើដំណើរបានស្រួលបួលជាងមុន។

ចំណែកលោក ជា យុទ្ធារុន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងដែរថា ផ្លូវកៅស៊ូប្រវែងជិត១០គីឡូម៉ែត្រនេះ គឺជាគម្រោងអភិវឌ្ឍន៍ជនបទដែលរងការខូចខាតធ្ងន់ធ្ងរដោយសារទឹកជំនន់ជាបន្តបន្ទាប់ តាំងពីឆ្នាំ២០២១ មកម្ល៉េះ ។

បច្ចុប្បន្ន មន្ទីរជំនាញកំពុងខិតខំអនុវត្តតាមនីតិវិធី ដើម្បីស្នើសុំថវិកាពីក្រសួងស្ថាប័នថ្នាក់លើ ក្នុងការធ្វើការកសាងឡើងវិញ ប៉ុន្តែមិនទាន់អាចបញ្ជាក់កាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ ៕








ចែករំលែកព័តមាននេះ