ទឹកជំនន់ស្រក! ប្រជាពលរដ្ឋនៅស្រុកមង្គលបូរី នាំគ្នាបោយត្រីទទួលបានផលយ៉ាងក្រាស់ក្រែលក្នុង១ថ្ងៃបានជិត៥០គីឡូក្រាម
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ក្រោយពេលទឹកជំនន់បានស្រក នៅតាមដងស្ទឹងសំណង់ពោធិ៍ពីរដើម ស្ថិតក្នុងភូមិពោធិ៍ពីរដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី ប្រជាពលរដ្ឋ និងប្រជានេសាទជាច្រើននាក់បាននាំគ្នាចុះបោយត្រី និងទទួលបានផលយ៉ាងក្រាស់ក្រែល ដោយក្នុងម្នាក់ៗអាចរកបានជិត៥០គីឡូក្រាមក្នុង១ថ្ងៃ គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ។

ប្រជានេសាទបានឱ្យដឹងថា នៅពេលទឹកស្រកចុះនៅត្រង់ចំណុចផ្នែកខាងមុខសំណង់ទ្វារទឹក និងសំណង់ដៃទ្វារទឹក (ទាំងផ្នែកខាងលើ និងខាងក្រោម) ពួកគាត់ប្រមាណ១០ ទៅ២០នាក់ បានចុះបោយត្រីចាប់ពីព្រឹករហូតដល់ល្ងាច ។ ចំពោះប្រភេទត្រីដែលចាប់បានភាគច្រើនជាប្រភេទ ត្រីស ត្រីរៀល និងត្រីអង្កត់ប្រាក់ ។ សម្រាប់អ្នកដែលឧស្សាហ៍បោយញឹកញាប់ ពេលបានត្រីមក ពួកគាត់ត្រូវយកស្បៃមកត្រាំទឹក ដើម្បីទុកកុំឱ្យត្រីងាប់។

ប្រភពដដែលបានបន្តថា មុខរបរបោយត្រីនេះ គឺមានតាមរដូវកាល ពោលគឺធ្វើឡើងនៅពេលទឹកស្រកម្ដង និងពេលទឹកស្រកធ្លាក់ខ្យល់ម្ដងទៀត ដែលរយៈពេលរកត្រីបានផលច្រើនគឺមានកម្រិតត្រឹម៤ ទៅ៥ថ្ងៃប៉ុណ្ណោះ អាស្រ័យលើពេលត្រីចុះ ឬត្រីឡើង ។ ក្នុង១រដូវ ប្រជានេសាទអាចរកកម្រៃលក់ត្រីបានពី៤០ ទៅ៥០ម៉ឺនរៀល ឯអ្នកខ្លះទៀតបើលក់មិនដាច់ ពួកគាត់យកទៅធ្វើជាត្រីឆ្អើរ ឬធ្វើប្រហុកលក់បន្ត ។ ចំពោះតម្លៃលក់វិញ គឺមានតម្លៃចាប់ពី៧,០០០ ដល់១០០,០០០រៀល ក្នុង១ដុំ ឬតាមការយោគយល់ជាមួយឈ្មួញដែលមកចាំទិញដល់ទីកន្លែង ។

ទាក់ទងនឹងបញ្ហានេះ លោក ឡុញ វុទ្ធី នាយខណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅឆ្នាំនេះ បរិមាណត្រីមានការកើនឡើងច្រើន ដោយសារទឹកជំនន់បានលិចលង់តំបន់ត្រពាំង បឹងបួរ ដែលធ្វើឱ្យត្រីបែកវាលចូលមកក្នុងស្ទឹងវិញ ។ ម្យ៉ាងវិញទៀត ក៏ដោយសារការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់យ៉ាងសកម្មផងដែរ ៕












ចែករំលែកព័តមាននេះ