ខេត្តកណ្ដាល ៖ ពិតជាមានក្រយៅគុកមែន ជនសង្ស័យម្នាក់ម្នាក់ ធ្លាប់ជាប់គុក២ដង រួចមកហើយ ប៉ុន្តែមិនបានរាងចាលសម្បីតែបន្តិចបន្តួចសោះ ក្រោយពេលចេញមកវិញ មិនព្រមកែខ្លួនរកការងារសុច្ចរិតត្រឹមត្រូវធ្វើនោះទេ ប៉ុន្តែបែរជាចូលទៅលួចទូរសព្ទនៅក្នុងហាងលក់ទូរសព្ទមួយកន្លែងទៀត លុះ១ថ្ងៃក្រោយមក ក៏ត្រូវបានម្ចាស់គេប្ដឹងសុំឲ្យនគរបាលជួយអន្តរាំន៍។ បន្ទាប់មក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងម្កាក់ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន នាំយកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅគុកជាលើកទី៣ម្ដងទៀត ។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង១២និង៥៣នាទីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ជនសង្ស័យឈ្មោះ ស៊ន រុងរ៉ាត់ ហៅប៉ោង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នមានទីលំនៅភូមិព្រៃទទឹង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ហើយលទ្ធផលតេស្តទឹកនោមបានរកឃើញមានសារធាតុញៀន ។
ដោយឡែកម្ចាស់ទូរសព្ទឈ្មោះ ហ៊ន ហឿន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ គាត់បានបាត់បង់ទូរសព្ទដៃម៉ាក iTel ពណ៌ស ០១គ្រឿង តម្លៃ១០៩ដុល្លារអាមេរិក ។
នគរបាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើបានប្រើប្រាស់សារធាតុញៀន អស់រយៈពេល០៨ឆ្នាំ មកហើយ ហើយក៏ជាមុខសញ្ញាចោរកម្មដែលធ្លាប់ជាប់ពន្ធនាគារចំនួន២លើក រួចមកហើយដែរ ។ ក្នុងនោះលើកទី១នៅអំឡុងឆ្នាំ២០២៤ ជាប់ពន្ធនាគាររយៈពេល០១ឆ្នាំ ពីបទលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ លើកទី២នៅក្នុងឆ្នាំ២០២៦ ជាប់ពន្ធនាគាររយៈពេល០១ឆ្នាំ និង០៦ខែ ពីបទលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុលោកហ៊ន ហឿនដែលជាម្ចាស់ទូរស័ព្ទ បានចេញទៅផ្សារដើម្បីទិញសម្ភារៈប្រើប្រាស់ ។ ខណៈនោះគាត់បានឱ្យកូនប្រុសរបស់គាត់ម្នាក់នៅចាំហាងលក់ទូរស័ព្ទ លុះពេលត្រឡប់មកវិញ គាត់មិនបានពិនិត្យមើលទូដាក់លក់ទូរស័ព្ទហើយដឹងបាត់ទូរស័ព្ទភ្លាមៗនោះទេ ។ រហូតដល់វេលាម៉ោងប្រហែល២១យប់ថ្ងៃដដែល នៅពេលរៀបចំបិទហាង ទើបដឹងថាបាត់ទូរស័ព្ទដៃម៉ាក iTel ១គ្រឿង តម្លៃ១០៩ដុល្លារអាមេរិក ។
នគរបាលបានប្រាប់ទៀតថា ពេលនោះគាត់បានសួរទៅកូនប្រុសថា តើបានលក់ទូរស័ព្ទឱ្យនរណាឬអត់ ? ប៉ុន្តែកូនប្រុសបានឆ្លើយថា មិនបានលក់ទេ បន្ទាប់មកគាត់ក៏បានពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ។ ខណៈនោះក៏បានឃើញនៅវេលាម៉ោង១២និង៥៣នាទីរសៀលថ្ងៃកើតហេតុ ជនសង្ស័យបានលូកដៃយកទូរស័ព្ទចេញពីក្នុងទូ រួចជិះម៉ូតូគេចខ្លួនទៅទិសខាងលិចបាត់ ។ លុះដល់វេលាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងម្កាក់ ។
នគរបាលបានបញ្ជាក់ប្រាប់បន្ថែមថា ក្រោយពីទទួលបានពាក្យបណ្ដឹងនោះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ក្រាំងម្កាក់បានចុះពិនិត្យកន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញាជនសង្ស័យខាងលើ ។ បន្ទាប់មកក៏បានធ្វើការឃាត់ខ្លួនបាននៅក្នុងភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល រួចនាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ នៅចំពោះមុខនគរបាល ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកទូរស័ព្ទរបស់ជនរងគ្រោះប្រាកដមែន ៕





ចែករំលែកព័តមាននេះ