ខេត្តស្ទឹងត្រែង ៖ នារសៀលថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ លោកស្រី សន សុខា អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង រួមជាមួយសមាជិកគណៈកម្មាធិការសាខា នាយកសាខា និងមន្ត្រីសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនមណ្ឌលកុមារកំព្រាផ្ទះកុមារ ថាឡាបរិវ៉ាត់ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៦ ។
ក្នុងឱកាសនោះ លោកស្រី សន សុខា បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ជូនដល់កុមារកំព្រាទាំងអស់ ដែលកំពុងស្នាក់នៅក្នុងមណ្ឌល ។
លោកស្រីបានបញ្ជាក់ពីការយកចិត្តទុកដាក់ និងការគិតគូរជាប្រចាំរបស់ថ្នាក់ដឹកនាំសាខា ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់កុមារកំព្រា ដោយផ្តល់នូវការលើកទឹកចិត្ត ក្តីសង្ឃឹម ភាពកក់ក្តៅ និងក្តីស្រឡាញ់ ដើម្បីឱ្យកុមារទាំងអស់មានកម្លាំងចិត្តក្នុងការរស់នៅ ការសិក្សារៀនសូត្រ និងការកសាងអនាគតរបស់ខ្លួន។ ការយកចិត្តទុកដាក់នេះ មិនត្រឹមតែផ្តោតលើកុមារ ដែលស្នាក់នៅក្នុងមណ្ឌលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្របដណ្តប់ដល់កុមារទូទាំងប្រទេសផងដែរ ។
អំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងបានប្រគល់ជូនមណ្ឌលកុមារកំព្រាផ្ទះកុមារថាឡាបរិវ៉ាត់ រួមមាន អង្ករ១៥០គីឡូក្រា មី ៥កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ ត្រីខ ៥យួរ សាប៊ូកក់សក់ ៥ដប សាប៊ូលាងដៃ ២ដប និងថវិកាចំនួន ៦០០.០០០រៀល។
សកម្មភាពមនុស្សធម៌នេះបង្ហាញពីការយកចិត្តទុកដាក់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ក្នុងការចូលរួមលើកកម្ពស់សុខុមាលភាព និងផ្តល់ការគាំទ្រដល់កុមារកំព្រា ស្របតាមស្មារតីមនុស្សធម៌ និងគោលបំណងក្នុងការចែករំលែកក្តីស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារដែលត្រូវការការយកចិត្តទុកដាក់ក្នុងសង្គម៕



ចែករំលែកព័តមាននេះ