ខេត្តព្រៃវែង ៖ នៅថ្ងៃទី២៣ តុលា លោក ហ៊ុន សាវី នាយរង ផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកពាមរក៏ ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ដើម្បីពង្រឹងការអនុវត្តច្បាប់ ព្រមទាំងការគ្រប់គ្រង និងអភិរក្សធនធានជលផល ក្នុងភូមិសាស្ត្រស្រុកពាមរក៏ ខេត្តព្រៃវែង ។
ប្រតិបត្តិការនេះ មានកម្លាំងចូលរួមសរុបចំនួន ៦នាក់ ដោយបានចុះអនុវត្តនៅចំណុចបុរីមង្គលថ្មី ស្ថិតក្នុងភូមិព្រែករាំង ឃុំបន្លិចប្រាសាទ ស្រុកពាមរក៏ ខេត្តព្រៃវែង ។
ជាលទ្ធផលក្នុងការបង្ក្រាបនេះ កម្លាំងចម្រុះបានរកឃើញ និងបង្ក្រាបបទល្មើសនេសាទ ១ករណី ជាប្រភេទឧបករណ៍នេសាទស្បៃមុងខុសច្បាប់ ដោយបានរុះរើ និងបំផ្លាញចោលនៅនឹងកន្លែង លូស្បៃមុងចំនួន ៦ មាត់ របាំងព្រួលស្បៃមុង ប្រវែង ៤០០ ម៉ែត្រ បង្គោលចម្រឹង ចំនួន ១១០ ដើម ។
ជាមួយគ្នានេះ កម្លាំងចុះប្រតិបត្តិការបានចាក់លែងកូនត្រីចម្រុះ ទម្ងន់ប្រមាណ ១៥ គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ ដើម្បីចូលរួមថែរក្សា និងអភិរក្សធនធានជលផល ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយចីរភាព ។
ប្រតិបត្តិការនេះ ជាផ្នែកមួយ នៃការពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល និងការទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ ដែលបង្កផលប៉ះពាល់ដល់ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ី ក្នុងដែនទឹកធម្មជាតិ ។
អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ សូមអំពាវនាវដល់ប្រជានេសាទទាំងអស់ ចូលរួមគោរពច្បាប់ស្តីពីជលផល បញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងរួមគ្នាថែរក្សាធនធានជលផល ដើម្បីធានានិរន្តរភាព នៃមច្ឆាជាតិ សម្រាប់បច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយ ៕








ចែករំលែកព័តមាននេះ