ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​រាជធានី​ភ្នំពេញ បំភ្លឺ​ជុំវិញ​ការ​ឃាត់ខ្លួន​ក្មេង​ទំនើង ៦​នាក់ ពាក់ព័ន្ធ​ករណី​កាប់​ប្លន់​យក​ម៉ូតូ​មិន​បាន​សម្រេច

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​នៅ​ក្នុង​បណ្ដាញ​សង្គម ដោយ​ចោទប្រកាន់​ថា ជន​ស៊ី​វិល​ឃាត់​យុវជន គ្មាន​មូលហេតុ នៅ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​បំភ្លឺ​ថា ករណី​នោះ គឺជា​ករណី​ដែល​សមត្ថកិច្ច​ស្លៀកពាក់​ឯកសណ្ឋាន និង​ស៊ី​វិល បង្ក្រាប​ក្រុម​ក្មេង​ទំនើង ដែល​បង្ក​ហិង្សា​វាយ​ប្លន់​យក​ម៉ូតូ​មិន​បាន​សម្រេច ។

តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​បំភ្លឺ​ឲ្យ​ដឹង​ថា នា​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៩:០០​នាទី កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​សាឡា​ង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ប្រើប្រាស់​កម្លាំង​ស្លៀកពាក់​ឯកសណ្ឋាន​នគរបាល និង​ស៊ី​វិល​ផង ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ក្មេង​ទំនើង​០១​នាក់ នៅ​ចំណុច​ផ្លូវ​លេខ​៣៣៥ សង្កាត់​បឹង​សា​ទ្បា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​ឃាត់​បក្ខពួក​បន្តបន្ទាប់​ចំនួន​៥​នាក់ នៅ​ទីតាំង​ផ្សេង​ទៀត នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ សរុប​ឃាត់ខ្លួន​ចំនួន​៦​នាក់ ពាក់ព័ន្ធ​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​ប្រើ​អំពើ​ហិង្សា​វាយ​កាប់​ប្លន់​យក​ម៉ូតូ​មិន​បាន​សម្រេច (​បង្ក​ដោយ​ក្មេង​ទំនើង​) បណ្តាល​ឲ្យ​ជន​រង​គ្រោះ​២​នាក់ រង​របួសធ្ងន់ នៅ​ចំណុច​ផ្លូវលំ ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ វេលា​ម៉ោង​ប្រហែល​១២​និង​៥៧​នាទី​យប់​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៦​។

តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បានអោយ​ដឹង​ទៀត​ថា ករណី​នេះ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​២​នាក់ ជិះ​ម៉ូតូ​០១​គ្រឿង​ឌុ​ប​គ្នា ចេញពី​បន្ទប់​ជួល​ដើម្បីរ​កអី​ហូប​។ លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ខាងលើ ក៏​ជួប និង​ក្រុម​ក្មេង​ទំនើង​០១​ក្រុម ជិះ​ម៉ូតូ​៥​គ្រឿង មាន​គ្នា​ប្រហែល​១០​នាក់ និង​ដាវ​០១​ដើម បាន​ជិះ​ម៉ូតូ​ដេញ​វាយ និង​កាប់​ទៅ​លើ​ជន​រង​គ្រោះ ខណៈនោះ​ជន​រង​គ្រោះ​ក៏​បាន​ជិះ​គេច និង​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​បង់​ថ្ម​អង្គុយ​តាម​ផ្លូវ បណ្តាល​ឲ្យ​ដូ​ល​ម៉ូតូ​ហើយ​ជនល្មើស​ក៏​កាប់ និង​វាយ​ជន​រង​គ្រោះ​ទាំង​២​នាក់ ដោយ​ម្នាក់​ត្រូវ​ចំ​ក្បាល និង​ម្នាក់​ទៀត​បាក់​ថ្គាម បណ្តាល​ឲ្យ​រង​របួសធ្ងន់ ហើយ​ជនល្មើស​ក្រោយ​ធ្វើ​សកម្មភាព​នាំ​គ្នា​គេចខ្លួន​បាត់ ។

ដោយឡែក​ជន​រង​គ្រោះ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ចិន ព្រះ​កុសុមៈ​។ ចំពោះ​ម៉ូតូ​ជន​រង​គ្រោះ​រង​ការ​ខូចខាត​ធ្ងន់ ក្រុម​ជនល្មើស​មិន​បាន​យក​ទៅ​នោះ​ទេ ដោយ​ទុក​ចោល​កន្លែង​កើតហេតុ ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង ការ​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ដកហូត​វ​ត្តុ​តាង ម៉ូតូ​ធ្វើ​សកម្មភាព​ចំនួន ២​គ្រឿង​។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល កំពុង​ឃាត់ខ្លួន​យក​មក​សាកសួរ​អនុវត្ត​តាម​នីតិវិធី​។
ចំណែក​បក្ខពួក​នៅ​សេសសល់​កំពុង​គេចខ្លួន កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ បន្ត​ស្រាវជ្រាវ ដើម្បី​នាំ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។

ចំពោះ​ការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ក្មេង​ទំនើង​ខាងលើ គឺ​សមត្ថកិច្ច​អនុវត្ត​តាម​គោលការណ៍​ច្បាប់ និង​មានការ​សម្របសម្រួល​នីតិវិធី ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ផង​ដែរ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សូម​អោយ​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន ដើម្បី​កុំ​ឲ្យ​មានការ​យល់​ច្រឡំ ចំពោះ​ករណី​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ក្មេង​ទំនើង​ខាងលើ​នេះ ៕