រឿងប្រើថ្នាំ ៖ រដ្ឋមន្រ្តីសុខាភិបាល ប្រាប់គ្រូពេទ្យអោយប្រើប្រាស់អោយបានសមស្រប
- ភ្នំពេញ
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រាប់ក្រុមគ្រូពេទ្យ អោយបង្កើនការយកចិត្តទុកដាក់ដល់ការប្រើប្រាស់ឱសថអោយបានសមស្រប ដើម្បីបង្កើនប្រសិទ្ធភាពដល់ការព្យាបាលដល់អ្នកជំងឺ ។

ក្រសួងសុខាភិបាល បានអះអាង កាលពីថ្ងៃទី២២ ខែតុលាថា ការប្រើប្រាស់ឱសថដែលសមស្រប គឺជាចំណុចមួយដែលលោករដ្ឋមន្ត្រី បានណែនាំដល់ក្រុមគ្រូពេទ្យ និងមន្ត្រីយកចិត្តទុកដាក់ ។
ជាមួយគ្នានោះ លោកក៏បានជំរុញឲ្យថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យ ត្រូវបន្តខិតខំពង្រឹងគុណភាព សមត្ថភាព ជាពិសេសត្រូវលើកកម្ពស់សុវត្ថិភាពអ្នកជំងឺ ដោយត្រូវអនុវត្តតាមគោលការណ៍បច្ចេកទេស ក្រមសីលធម៌វិជ្ជាជីវៈ ការបង្ការត្រួតពិនិត្យការឆ្លងរោគ អនាម័យផងដែរ ។

លោករដ្ឋមន្ត្រី បានណែនាំគោលការណ៍សំខាន់ថា កុំយកតែទ្រឹស្តី និងគោលការណ៍ដោយមិនបានអនុវត្តឱ្យចេញជាលទ្ធផល ។ កុំរង់ចាំតែការណែនាំ ត្រូវចេះកែលម្អចំណុចខ្វះខាត ហើយត្រូវមានដំណោះស្រាយ និងកុំយកឧបសគ្គជាភាពទល់ច្រករបស់យើង ។
ចែករំលែកព័តមាននេះ