ទីក្រុងហាណូយ ៖ ក្រុមហ៊ុន Vingroup ដែលគ្រប់គ្រងដោយមហាសេដ្ឋីមានបំផុតនៅអាស៊ីអាគ្នេយ៍ លោក Pham Nhat Vuong កំពុងពិចារណាកសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីតម្លៃ ៥០០ លានដុល្លារអាមេរិក នៅក្នុងប្រទេសហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Vietnam Express (VnExpress) នៅថ្ងៃទី២៣ ខែតុលា។
យោងតាមសេចក្តីថ្លែងការណ៍ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ហ្វីលីពីន កាលពីថ្ងៃទី២១ ខែតុលា បានឱ្យដឹងថា ក្រសួងបានបើកកិច្ចប្រជុំមួយជាមួយក្រុមហ៊ុនខ្នាតយក្សវៀតណាម Vingroup អំពីផែនការនេះ ហើយការសាងសង់អាចនឹងចាប់ផ្តើមក្នុងត្រីមាសទី១ ឆ្នាំក្រោយ និងចំណាយពេល១៨ខែ ដើម្បីបញ្ចប់។ រោងចក្រនេះ នឹងមានសមត្ថភាពផលិតប្រចាំឆ្នាំប្រហែល ២០ ម៉ឺនគ្រឿង ហើយនឹងបម្រើទាំងទីផ្សារក្នុងស្រុក និងការនាំចេញ។
ក្រសួងក៏បានគូសបញ្ជាក់ដែរអំពីវិធានការគាំទ្រសម្រាប់ក្រុមហ៊ុន Vingroup ដូចជា ការលើកទឹកចិត្តផ្នែកពន្ធ និងការកាត់បន្ថយពេលវេលាដំណើរការទម្រង់បែបបទសុំច្បាប់ឱ្យកាន់តែខ្លីជាងមុន។ ក្រុមហ៊ុន Vingroup មិនទាន់បានធ្វើអត្ថាធិប្បាយណាមួយជុំវិញព័ត៌មាននេះនៅឡើយទេ ដោយគ្រាន់តែបង្ហើបថា រដ្ឋាភិបាលហ្វីលីពីនចង់ឱ្យក្រុមហ៊ុនសាងសង់រោងចក្រមួយ ដើម្បីបង្កើតឱកាសការងារ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Vingroup បានឈានជើងចូលប្រទេសហ្វីលីពីន តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុន VinFast កាលពីខែឧសភា ឆ្នាំ២០២៤ ដោយលក់រថយន្តអគ្គិសនី។
បច្ចុប្បន្នក្រុមហ៊ុន Vingroup មានរោងចក្រផលិតរថយន្តអគ្គិសនីមួយនៅឥណ្ឌូណេស៊ី និងមួយទៀតនៅឥណ្ឌា ជាមួយសមត្ថភាពផលិតសរុបបញ្ចូលគ្នាសម្រេចបាន ១០ ម៉ឺន គ្រឿងក្នុង១ឆ្នាំ។ នៅក្នុងឆមាសទី១ឆ្នាំនេះ ចំណូលរបស់ VinFast មានចំនួនប្រហែល ២,១ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ៦១% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ក្រុមហ៊ុនបានចែកចាយរថយន្តអគ្គិសនីចំនួន ១២៨ ៦៨៥ គ្រឿង នៅទូទាំងពិភពលោក ពោលកើនឡើង ៧៧%។ ក្រុមហ៊ុនក៏បានរាយការណ៍ពីការខាតបង់ក្រោយបង់ពន្ធរួចជិត ១ ពាន់លានដុល្លារ ដែលធ្លាក់ចុះ បើធៀបនឹងការខាតបង់ កាលពីឆ្នាំមុន រហូតដល់ទៅជាង ១,៤ ពាន់លានដុល្លារ៕


ចែករំលែកព័តមាននេះ