ចូលផឹកស៊ីក្នុងហាងស្រាក្រឡុក ពេលគិតលុយធ្វើអេះអុញៗគេចមិនសង ត្រូវនារីៗបុគ្គលិកតាមទាររហូតប្រទាញប្រទង់ហែ.កអាវ ផ្អើលផ្លូវវេងស្រេង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានចូលទៅផឹកកន្លែងលក់ស្រាក្រឡុកមួយកន្លែង ពេលគិតលុយ បែរជាធ្វើស្រវឹងបំរុងគេចចេញមិនអោយលុយ ត្រូវបុគ្គលិកនារីៗតាមទារលុយឈានដល់ការ ប្រទាញប្រទង់ចាប់ហែកអាវ ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍នៅវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅចំណុចហាងលក់ស្រាក្រឡុកមួយកន្លែង តាមបណ្ដោយផ្លូវ សេះស កែងផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីនារីៗដែលបំរើការនៅហាងលក់ស្រាក្រឡុកខាងលើបានអោយដឹងថា មុនពេលកើតហេតុ បុរសខាងលើ បានជិះកង់បី ដោយមិនមានលុយអោយថ្លៃកង់បីនោះទេ ហើយបានមកចូលទៅផឹកនៅហាងខាងលើ បានហៅនារីៗ២នាក់ មកអង្គុយកំដរ និងបានហៅស្រាក្រឡុក អស់ចំនួន៧ថូ ស្រាបៀរចំនួន២កំប៉ុង និងម្ហូបចំនួន២មុខថែមទៀតផង ។
ប្រភពបន្តទៀតថា លុះពេលស្រវឹងបុរសរូបនោះបានអោយម្ចាស់ហាង គិតលុយគឺអស់ចំនួន១២៦.០០០រៀល ពេលគិតហើយមិនអោយលុយ ស្រាប់តែបុរសរូបនោះដេកលក់មួយសារ លុះឡើងពីដេក បុរសរូបនោះ ធ្វើដូចជាស្រវឹង បានចេញពីហាងដោយមិនទាន់អោយលុយ ហើយបានដើរទៅឆ្ងាយពីហាង ទើបនារីៗជាបុគ្គលិកក្នុងហាង បានដើរតាម ដើម្បីអោយគិតលុយ ស្រាប់បុរសរូបនោះ ធ្វើអេសអុញៗ ដើរគេចចុះឡើងៗ ទើបឈានដល់ការ ប្រទាញប្រទង់ ចាប់ហែកអាវបុរសរូបនោះតែម្តង ។
បន្ទាប់ពីកើតហេតុ មានសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ សួរនាំពីដំណើររឿង និងអោយបុរសរូបនោះគិតគូរលុយអោយថ្លៃផឹកស៊ី តែបុរសរូបនោះ បដិសេធថាមិនអោយ ព្រោះនារីៗទាំងនោះបានធ្វើទង្វើ មិនគប្បីដាក់រូបគាត់ គឺចាប់ហែកអាវ ។
ក្រោយកើតហេតុ ដោយពិបាកនិយាយគ្នា សមត្ថកិច្ចសម្រេចនាំយកបុរសរូបនោះ រូបទាំងម្ចាស់ហាង ទៅដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ផងដែរ ៕








ចែករំលែកព័តមាននេះ