បុរសពោះម៉ាយរស់នៅម្នាក់ឯង ក៏បាត់មិនឃើញ១អាទិត្យ លុះធុំក្លិនស្អុ.យ អ្នកជិតខាងសង្ស័យរាយការណ៍គា.ស់ទ្វារចូលមើល ប្រទះឃើញយ៉ាងអាសូរ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់ រស់នៅម្នាក់ឯងក្នុងផ្ទះមួយកន្លែង អស់រយៈពេល៥ឆ្នាំហើយ លុះ១អាទិត្យកន្លងមកនេះក៏បាត់គាត់មិនឃើញឡើយ ស្រាប់តែអ្នកជិតខាងធុំក្លិនស្អុយចេញពីផ្ទះគាត់ ដោយមានការសង្ស័យ អ្នកជិតខាងបានប្រាប់លោកមេភូមិ ឲ្យរាយការណ៍បន្តទៅនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ចុះទៅគាស់ទ្វារចូលមើលក៏ប្រទះឃើញបុរសរងគ្រោះដេកស្លាប់នៅក្នុងផ្ទះលើជាន់ទី១ ហើមស្អុយបាត់ទៅហើយ ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៦ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងអញ្ចាញ១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសរងគ្រោះរូបនោះឈ្មោះ ប៊ុន ហុក អាយុ៤៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅក្នុងផ្ទះកើតហេតុខាងលើ ។
ប្រជាពលរដ្ឋបាននិយាយថា បុរសរងគ្រោះនោះគឺពោះម៉ាយកូន១ ដោយគាត់បានលែងលះប្រពន្ធរយៈពេល៥ឆ្នាំមកហើយ សព្វថ្ងៃគាត់រស់នៅម្នាក់ឯងនៅក្នុងផ្ទះខាងលើ ចំណែកកូនប្រុសរបស់គាត់ទៅរស់នៅខាងប្រពន្ធ ។ កន្លងមកដោយសារតែឃើញគាត់រស់នៅតែម្នាក់ឯងជួបការលំបាក និងគួរឲ្យអាណិត អ្នកភូមិតែងតែឧស្សាហ៍ផ្ដល់បាយទឹកគាត់ឲ្យហូបជាបន្តបន្ទាប់ទៀតផង ។
ប្រជាពលរដ្ឋបាននិយាយបន្តថា នៅក្នុងរយៈពេល១សប្ដាហ៍មកនេះ មិនដែលបានឃើញបុរសរងគ្រោះសោះ ហើយក៏ពុំមាននរណាម្នាក់បានដឹងថាគាត់មានរឿងអ្វីដែរ ដោយស្មានថាគាត់មិននៅផ្ទះទេ ព្រោះផ្ទះគាត់មានទ្វារមុខផង និងទ្វារក្រោយផង ហើយអ្នកនៅខាងមុខគិតថាបុរសរងគ្រោះចេញពីផ្ទះតាមទ្វារក្រោយ ។ រីឯអ្នកនៅខាងក្រោយគិតថា បុរសរងគ្រោះចេញពីផ្ទះតាមទ្វារមុខ លុះមកដល់វេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ទើបអ្នកជិតខាងចាប់អារម្មណ៍និងសង្ស័យថាគាត់ស្លាប់នៅក្នុងផ្ទះ បន្ទាប់ពីធុំក្លិនស្អុយភាយចេញពីក្នុងផ្ទះរបស់បុរសរងគ្រោះ ។
ប្រជាពលរដ្ឋបាននិយាយទៀតថា ពេលនោះ អ្នកជិតខាងក៏ប្រាប់លោកមេភូមិត្រពាំងអញ្ចាញ១ ឲ្យរាយការជូននគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ឲ្យចុះទៅពិនិត្យមើល ។ ខណៈនោះនគរបាលបានគាស់ទ្វារផ្ទះចូលទៅមើល ក៏បានប្រទះឃើញបុរសនោះដេកស្លាប់ក្នុងផ្ទះជាន់ទី១ ហើមស្អុយបាត់ទៅហើយ ។
ក្រោយពេលកើតហេតុ កម្លាំងការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យកោសល្យវិច័យ ។ នគរបាលបញ្ជាក់ថា នោះស្លាប់ដោយជំងឺគាំងបេះដូងរយៈពេល១អាទិត្យមកហើយ រួចក៏ប្រគល់សពជូនកូនប្រុសឲ្យនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕





ចែករំលែកព័តមាននេះ