ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ល្បាត​សហគមន៍​ភូមិ​អណ្តូង​ក្រឡឹង សហការ​ដោះ​អន្ទាក់ និង​ចុះ​ពិនិត្យ​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​អូរ​រាំង

17 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កម្លាំង​ក្រុម​ល្បាត​សហគមន៍​ភូមិ​អណ្តូង​ក្រឡឹង បាន​សហការ​ជាមួយ​មន្ត្រី​ស្នាក់​ការ​អូរ​ប៉ា​មចុះ​ល្បាត​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៧៦A ដោយ​ប្រមូល​បាន​អន្ទាក់​ខ្សែ​គោ​ជិត៣០ខ្សែ និង​បាន​ប្រទះ​ឃើញ​វត្ថុ​តាង​នៃ​បទល្មើស​ព្រៃឈើ​មួយ​ចំនួន​ ។

យោង​តាម​របាយការណ៍​ផ្លូវការ​ពី​ក្រុម​ល្បាត​សហគមន៍​ភូមិ​អណ្តូង​ក្រឡឹងបានឱ្យ​ដឹង​ថ កាលពី​ថ្ងៃ​ទី​២២  តុលា ឆ្នាំ​២០២៦ កន្លង​ទៅ​នេះ ក្រុមការងារ​ដែល​មាន​សមាសភាព​សរុប​ចំនួន០៨នាក់ បាន​ចុះ​បេសកកម្ម​ល្បាត​នៅ​ចំណុច     «​ខ្ទម​អ្នកតា​ថ្លាន់​» ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​។

នៅ​ក្នុង​ប្រតិបត្តិការ​ល្បាត​នេះ ក្រុមការងារ​បាន​ដោះ និង​ប្រមូល​អន្ទាក់​ខ្សែ​គោ​បាន​ចំនួន ២៧ខ្សែ ដែល​ក្រុម​ជនល្មើស​ដាក់​លួច​ទាក់​សត្វព្រៃ យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​អូរ​ប៉ា​ម​។ បន្ថែម​ពី​នេះ ក្រុម​ល្បាត​ក៏​បាន​ត្រួតពិនិត្យ​ឃើញ​គល់ឈើ​ប្រភេទ «គគីរ» ចំនួន​១៣​ដើម ដែល​ត្រូវ​គេ​កាប់​បំផ្លាញ​ផង​ដែរ​ ។

ទន្ទឹម​នឹង​ការ​បង្ក្រាប​បទល្មើស ក្រុម​ល្បាត​ក៏​បាន​កត់សម្គាល់​ឃើញ​វត្តមាន​សត្វព្រៃ​កម្រ​ជា​ច្រើន​ប្រភេទ​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​នោះ រួម​មាន​៖ ការ​ប្រទះ​ឃើញ​សត្វ ស្វា​កន្ទុយ​ស ផ្ទាល់​ភ្នែក​ចំនួន​១៥​ក្បាល ដាន​ហ្វូង​ជ្រូកព្រៃ ប្រហែល២០​ក្បាល ព្រមទាំង​បាន​ចុះ​អង្កេត​ដាន​សត្វ​ខ្ទីង ចំនួន​០១​ក្បាល​ផង​ដែរ ​។

សកម្មភាព​ចុះ​ល្បាត​នេះ រៀបចំ​ឡើង​ក្រោម​ការ​សម្របសម្រួល និង​គាំទ្រ​ពី​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​អូរ​រាំង ស្នាក់​ការ​រង​អូរ​រាំង អាជ្ញាធរ​ឃុំ​សែន​មនោ​រម្យ អាជ្ញាធរ​ភូមិ​អណ្តូង​ក្រឡឹង និង​អង្គការ WCS ក្នុង​គោលបំណង​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​សត្វព្រៃ និង​ព្រៃឈើ​ឱ្យ​បាន​គង់វង្ស​ ៕