ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ពោះម៉ាយ​ម្នាក់​គាំងបេះដូង​ស្លាប់​ក្នុងផ្ទះ​ប្រមាណ​១​អាទិត្យ ទើប​អ្នក​ជិតខាង​ដឹង

1 ខែ មុន

រាជធានី​ភ្នំពេញ ​៖ បុរស​ពោះម៉ាយ​ម្នាក់​ បាន​ដេក​ស្លាប់​នៅ​ក្នុងផ្ទះ​របស់​គាត់ ហើយ​ភ្លាម​ៗ​នោះ ​មិន​ត្រូវ​បាន​នរណា​ដឹង​នោះ​ទេ រហូត​ដល់​សព​ហើម​ស្អុយ​ភាយ​ចេញ​មក​ក្រៅ​ទៅ​ហើយ ទើប​អ្នក​ជិតខាង​សង្ស័យ។ បន្ទាប់​មក​ក៏​បាន​រាយការណ៍​ប្រាប់​លោក​មេ​ភូមិ និង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ឲ្យ​ចុះ​ទៅ​គាស់​ទ្វារ​ចូល​មើល ទើប​ឃើញ​ថា គាត់​ពិតជា​ស្លាប់​នៅ​ក្នុងផ្ទះ​នោះ​មែន ។

ហេតុការណ៍​ខាងលើ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​អញ្ចាញ​១ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​នោះ​ឈ្មោះ ប៊ុ​ន ហុ​ក អាយុ​៤៣​ឆ្នាំ មានស្រុក​កំណើត នៅ​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ មាន​អា​ស័​យ​ដ្ឋា​ន​បច្ចុប្បន្ន​នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ ។

អ្នក​រស់នៅ​ជិតខាង​កន្លែង​កើតហេតុ​ បាន​និយាយ​ថា បុរស​ខាងលើ​បាន​លែងលះ​ប្រពន្ធ​ រយៈពេល​៥​ឆ្នាំ​មក​ហើយ គាត់​មានកូន​ប្រុស​១​នាក់​រស់នៅ​ខាង​ប្រពន្ធ។ ចំណែក​គាត់​បាន​រស់នៅ​ក្នុងផ្ទះ​ខាងលើ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ កន្លង​មក ​អ្នក​ភូមិ​ឧស្សាហ៍​ឲ្យ​បាយ​ទឹក​គាត់​ហូប​ញឹកញាប់​ដែរ ​ហើយ​រយៈពេល​១​អាទិត្យ​កន្លង​មកនេះ មិន​ដែល​បានឃើញ​គាត់​សោះ ។

អ្នក​ជិតខាង​ខាងលើ​នេះ​ បាន​និយាយ​ប្រាប់​បន្ត​ថា ដោយសារ​តែ​ផ្ទះ​គាត់​មាន​ទ្វារ​មុខ​ផង និង​ទ្វារ​ក្រោយ​ផង ដូច្នេះ​អ្នក​នៅ​ខាង​មុខ​គិត​ថា​ គាត់​ចាក​ចេញពីផ្ទះ​តាម​ទ្វារ​ក្រោយ។ ចំណែកឯ​អ្នក​នៅ​ខាងក្រោយ​វិញ​គិត​ថា គាត់​ចេញពីផ្ទះ​តាម​ទ្វារ​មុខ ទើប​ពុំ​មាន​នរណា​បាន​ចាប់អារម្មណ៍​ថា​ គាត់​ស្លាប់​នៅ​ក្នុងផ្ទះ​បែប​នេះ​ឡើយ ។

អ្នក​ជិតខាង​ដដែល​ បាន​និយាយ​រៀបរាប់​បន្ថែម​ទៀត​ថា រហូត​មក​ដល់​វេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៦ ពួក​គាត់​បាន​ធំ​ក្លិនស្អុយ​ចម្លែក ​ភាយ​ចេញពី​ក្នុងផ្ទះ​របស់​បុរស​ពោះម៉ាយ​រូប​នេះ។ ខណៈនោះ​បាន​ធ្វើ​ឲ្យ​ពួក​គាត់ ដែល​ជា​អ្នក​ជិតខាង​មានការ​សង្ស័យ ក៏​រាយការណ៍​ប្រាប់​លោក​មេ​ភូមិ និង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល។ ពេល​នោះ​ទ្វារផ្ទះ​ខាងលើ​ជាប់​គន្លឹះ​ពី​ខាងក្នុង ហើយ​នគរបាល​ក៏​គាស់​ទ្វារ​ចូល​ទៅ​មើល ស្រាប់តែ​ឃើញ​បុរស​នោះ​ដេក​ស្លាប់​លើ​ពូក​ក្នុងផ្ទះ​ជាន់​ទី​១​ហើម​ស្អុយ​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​បាន​រាយការណ៍​ជូន​កម្លាំង​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ ។ ជា​លទ្ធផល​នគរបាល​បាន​រក​ឃើញ​ថា បុរស​ពោះម៉ាយ​រូប​នោះ​ស្លាប់​ដោយ​ជំងឺគាំងបេះដូង ហើយ​ស្លាប់​រយៈពេល​ប្រមាណ​១​អាទិត្យ​មក​ហើយ រួច​ក៏​ប្រគល់​សព​ជូន​កូនប្រុស​ឲ្យ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​