រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា លោក អ៊ុំ សំអាន មានភាពក្រឡេចក្រឡុច មិនអាចមានភាពជឿជាក់នោះទេ ទាំងខ្លួនមិនមានភស្តុតាងច្បាស់លាស់ពាក់ព័ន្ធការចោទប្រកាន់រាជរដ្ឋាភិបាល កាត់ទឹកដីនៅបង្គោលព្រំដែនលេខ៥២ និង៥៩ នៅខេត្តបាត់ដំបង ឱ្យថៃនោះទេ។
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០២៦-២០៣៥» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោក អ៊ុំ សំអាន មានភាពក្រឡេចក្រឡុច កំពុងសាងកំហុស គ្មានភស្តុតាងច្បាស់លាស់សម្រាប់ដាក់បន្ទុកចំពោះការចោទប្រកាន់លើរាជរដ្ឋាភិបាលនោះទេ គាត់ប្រៀបដូចជាអ្នកក្លាហានស្រាតខោលើកពានជ័រ»។
សម្តេចបវរធិបតី បានបន្តថា៖ «គាត់អត់មានអីជាភស្តុតាងនោះទេ! គាត់គ្រាន់តែឆ្លើយចំពោះអ្នកសួរនាំគាត់តែពីរ ឬបីដងដឹងតែបាត់ដីតែម្តង ខ្ញុំអត់និយាយលេងនោះទេ ខ្ញុំគ្រាន់តែសង្ខេបថាគាត់និយាយ […] ចុងក្រោយគាត់បានលើកឡើងថា គាត់អត់ដឹងអីទេ ទាល់តែបារាំងបានដឹង ចុះចោទគេថាធ្វើឱ្យបាត់ទឹកដីត្រង់ណា បើអត់ដឹងអីផងហ្នឹង ?» ។
សម្តេចធិបតី បានគូសបញ្ជាក់ថា៖ «អ៊ីចឹងគាត់បានស្រាតខោគាត់រួចហើយទៅ បានន័យថា ដើរស្រាតខោលើកពានជ័រទាំងខ្លួនឯង ចេះអត់ទាំងដឹង អ៊ីចឹងគ្រាន់តែប៉ុណ្ណឹង ប្រជាពលរដ្ឋនៅទូទាំងប្រទេសទាំងក្នុង និងក្រៅប្រទេសដឹងហើយ។ ជំហរប្រែប្រួលរហូត ដោយនិយាយពីការលើកលែងទោស និយាយពីផែនទី និយាយពីព្រំដែនទាំងមូល។ អ៊ីចឹងគាត់ក្រឡេចក្រឡុច អត់មានភាពជឿជាក់ តើបងប្អូនជឿគាត់បែបម៉េច ?» ។
សម្តេចធិបតី បានបន្ថែមថា ប្រសិនបើក្រុមគាត់ចូលមកកម្ពុជាហើយមានឯកសារពិតប្រាកដត្រឹមត្រូវ អាចធ្វើការជាមួយគ្នាបន្តទៀត ប៉ុន្តែបើគ្មានមូលដ្ឋានច្បាស់លាស់ទេ ខ្ញុំមិនចាប់ខ្លួននោះទេ តែសូមក្រុមលោកបិទមាត់សិនទៅ ដោយកុំយករឿងព្រំដែនជារឿងនយោបាយ ទុកឱ្យរាជរដ្ឋាភិបាលជាអ្នកដោះស្រាយ និងកុំបង្កើតរឿងគ្មានមូលដ្ឋានដើម្បីចំណេញ។ យ៉ាងណាក្ដី គាត់ប្រហែលជាមិនហ៊ាននោះទេ ព្រោះថាគ្រាន់តែមកក៏ចាត់តំណាងឱ្យមកដែរ ។
ជាមួយគ្នានេះ សម្តេចបវរធិបតី បានលើកឡើងថា ទោះបីជាក្រុមលោក អ៊ុំ សំអាន មកហើយចង់ចរចាជាមួយរាជរដ្ឋាភិបាលជាកញ្ចប់ គឺគ្មានទេ ព្រោះរាជរដ្ឋាភិបាលគ្មានការចរចាណាមួយនោះទេ គឺមានតែចរចាជាមួយថៃ ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា៖ «លេងខូចម្ល៉េះ! ក្រឡេចក្រឡុច ពួកគាត់តាំងខ្លួនជាអ្នកនយោបាយ ជាចលនានយោបាយមួយ តម្លៃរបស់គាត់ស្ថិតត្រង់សមត្ថភាព តែឥឡូវបើគាត់ហ៊ានចូលមក ប៉ុន្តែគាត់គ្មានអ្វីបង្ហាញទាំងអស់ គាត់បានតែនិយាយ ដែលចំណុចនេះគឺគាត់លើកពានស្រាតខោរួចហើយ!» ៕

ចែករំលែកព័តមាននេះ