ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​បេតុង​កសាង​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ​បា.ក់​ស្រុត​ដោយ​គ្រោះ​ធម្មជាតិ​នៅ​កោះសូទិន

6 ថ្ងៃ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​ជា​ច្រើន​គីឡូម៉ែត្រ ឆ្លងកាត់​តាម​ឃុំ​នានា​ប្របតាម​ដង​ទន្លេតូច ក្នុង​ទឹកដី​ស្រុក​កោះសូទិន ទើបកសាង​រួច​មិន​ទាន់​បាន​ប៉ុន្មាន​ឆ្នាំ​ផង ក៏​ត្រូវ​គ្រោះធម្មជាតិ​បំផ្លាញ​បណ្ដាល​ឲ្យ​បាក់​ស្រុត​ជា​ច្រើន​កន្លែង នៅ​ក្នុង​ឃុំ​ពាមប្រធ្នោះ និង​ឃុំ​ល្វេ ។

នៅ​ក្នុង​ស្ថានភាព​នេះ អាជ្ញាធរ​មូលដ្ឋាន​បាន​ស្នើ​ឱ្យ​អង្គភាព​ពាក់ព័ន្ធ​ជួយ​ព​ន្លឿ​ន​ការ​ជួសជុល​ដើម្បី​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​បានជា​ធម្មតា​ឡើង​វិញ ហើយ​ចាត់ទុកជា​សំណាងល្អ​ដែរ ដែល​នៅក្នុង​ហេតុការណ៍​នេះ​មិន​មាន​អ្នក​ណា​ម្នាក់​រង​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ ។

អ្នកស្រី ឌុ​ច ចាន់​ណា អាយុ​៦១​ឆ្នាំ នៅ​ភូមិព្រែក​តាកែ ឃុំ​ល្វេ និយាយ​ថា ផ្លូវ​បេតុង​រលោង​ស្អាត​កាត់​តាម​មុខ​ផ្ទះ​របស់​គាត់​ជាប់​ដង​ទន្លេ​ត្រូវ​បាន​គេ​ស្ថាបនា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

ពេល​នេះ​ស្រាប់តែ​ខូចខាត​ដោយ​ស្រុត នាំ​យក​ទាំង​រោង​បណ្ដុះ​បន្លែ​របស់​គាត់ រួម​ទាំង​គុម្ព​ឫស្សី​ធំ​មួយ​គុម្ព​បាន​ស្រុត​ចុះ​ទៅ​ក្រោម​ជម្រៅ​៤​ទៅ​៥​ម៉ែត្រ ។ ការ​បាក់​ស្រុត​នេះ បាន​កើតឡើង​តាំងពី​អំឡុង​ភ្ជុំបិណ្ឌ​កន្លង​ទៅ និង​មិន​ធ្លាប់​ដែល​ជួប​ប្រទះ​ទាល់តែ​សោះ​នា​ពេល​កន្លង​មក ហើយ​ពេលនេះ ធ្វើ​ឲ្យ​គាត់​ខ្លាច​បាក់​រាល​ដល់​ផ្ទះ​ថែម​ទៀត ។

លោក លុ​ច លី​ម មេឃុំ​ល្វេ មាន​ប្រសាសន៍​ថា កាលពីមុន​ផ្លូវ​ឆ្លងកាត់​តាម​ភូមិ​មានការ​លំបាក​ក្នុង​រដូវវស្សា ព្រោះតែ​រអិល​ពិបាកធ្វើ​ដំណើរឯ​នៅ​រដូវប្រាំង​ហុយ​ទ្រលោម ។ ប៉ុន្តែ​ក្រោយមក​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​កាត់​តាម​ឃុំ​ល្វេ ជាប់មាត់​ទន្លេ មាន​ប្រវែង​ជាង​១០​គីឡូម៉ែត្រ ដែល​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​អ្នក​ភូមិ​ធ្វើ​ដំណើរ​ទៅ​មក រួម​ទាំង​អ្នក​នៅ​ខេត្តព្រៃវែង​ក៏​បាន​ឆ្លងកាត់​ទី​នេះ​ដែរ ។

រូប​លោក​ពិតជា​មានការ​សោកស្ដាយ ដោយសារ​គ្រោះ​ធម្មជាតិ​បណ្ដាល​ឱ្យ​បាក់​ស្រុត​ដី​រួម​ទាំង​ផ្លូវ​បេតុង​ជា​ច្រើន​ម៉ែត្រ ដែល​បាន​កាត់​ផ្ដាច់មិន​អាច​ឱ្យធ្វើ​ដំណើរ​ឆ្លងកាត់​បាន ។ ចំពោះ​មូលហេតុ​នៃ​ការ​បាក់​ស្រុត​នេះ គឺ​ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង រួម​ជាមួយ​ទឹក​ស្រក​លឿន​ខុស​ពី​ធម្មតា​ផង ។

លោក​មេឃុំ​លើក​ឡើង​ថា កន្លែង​បាក់​ស្រុត​ខូចខាត​មាន​៦​ទៅ​៧​កន្លែង ដែល​សូ​ម្បី​តែ​ផ្ទះ​របស់​ប្រជា​ការពារ​នៅ​ភូមិ​ទំពូង​ក៏​បាក់​ស្រុត​ដែរ និង​ត្រូវ​បាន​អាជ្ញាធរ​ជួយ​អន្តរាគមន៍ ។ អាជ្ញាធរ​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូមកុំ​សាងសង់​លំនៅ​ឋាន​នៅ​តាម​ច្រាំង​ទន្លេ​ដែល​ប្រឈម​នឹង​ហានិភ័យ​បាក់​ស្រុត ព្រោះ​នាំ​ឱ្យ​ខាតបង់​ប្រាក់​កាស​ក្នុង​គ្រួសារ ។

សូម​បញ្ជាក់​ថា ផ្លូវ​បេតុង​ត្រង់​ចំណុច​ឃុំ​ពាមប្រ​ធ្នោះ ត្រូវ​បាន​អាជ្ញាធរ​បិទ​មិន​ឱ្យ​រថយន្ត​បើកបរ​ឆ្លងកាត់​ទេ គឺ​អាច​បើក​វាង​តាម​ផ្លូវ​បេតុង​មួយ​ខ្សែ​ទៀត​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ ។ ជាមួយ​នោះ លោក យី វណ្ណៈ អភិបាលស្រុក​កោះសូទិន នា​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៦ បាន​បញ្ជាក់​ថា ចំពោះ​ការ​ជួសជុល​ឡើង​វិញ​គឺ​អាស្រ័យ​ទៅ​លើ​ថ្នាក់​ជាតិដែល​ជា​អ្នក​សម្រេច​ជុំវិញ​បញ្ហា​នេះ ។ ទោះជា​យ៉ាងណា កន្លែង​ដែល​បាក់​ស្រុត​នោះ​មិន​មានការ​បាក់​បន្ថែម​ទៀត​ទេ មក​ដល់​ពេល​នេះ ។

លោក អ៊ឹ​ង វិសុទ្ធ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​នា​រសៀល​ថ្ងៃ​ទី​២១ ខែតុលា​នោះ ដោយ​ទូរស័ព្ទ​រោទ៍​ជា​ច្រើន​ដង តែ​មិន​មាន​អ្នក​ទទួល ៕