ភ្ញៀវទេសចរបរទេសជិត៩០០នាក់ ចូលមកធ្វើទស្សនកិច្ចនៅកម្ពុជាតាមច្រកសមុទ្រ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នាវាទេសចរណ៍បរទេសមួយគ្រឿងឈ្មោះ Viking Venus បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត៩០០នាក់ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ២ថ្ងៃ គឺពីថ្ងៃទី២២ ដល់ទី២៣ ខែតុលា ឆ្នាំ២០២៦ ។

តាមមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំនៅច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ Viking Venus សញ្ជាតិ Norway មានបណ្តោយ ២២៨,៣០ម៉ែត្រ ទទឹង ២៨,៨០ម៉ែត្រ ជម្រៅទឹក ៦,៦៥ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួន ៨៥៦នាក់ (ស្រី ៤៤៨នាក់) មាន ២៧សញ្ជាតិ និងមាននាវិកសរុបចំនួន ៤៦៧នាក់ (ស្រី ១១២នាក់) មាន៣៥សញ្ជាតិ ។

នាវាទេសចរណ៍ Viking Venus បានធ្វើដំណើរចាកចេញពីកំពង់ផែប្រទេសវៀតណាម ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី២២ ខែតុលា ២០២៦ ។

នាវានេះ មានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២រសៀលថ្ងៃទី២៣ តុលា ឆ្នាំ២០២៦ ឆ្ពោះទៅកាន់កំពង់ផែប្រទេសថៃ ។ ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍ Viking Venus ច្រើនជាងគេមាន អាមេរិកចំនួន៦៨៦នាក់ (ស្រី ៣៦៤នាក់) អូស្ត្រាលី ៥២នាក់ (ស្រី២៥នាក់) ។ ភ្ញៀវទេសចរមកពីខេត្តសៀមរាបបន្តដំណើតាមនាវា Viking Venus មានចំនួន ២៥នាក់ (ស្រី១៤នាក់) មាន២សញ្ជាតិ ។

នេះជាការចូលសំចតរបស់នាវាទេសចរណ៍បរទេសលើកទី២ ក្នុងរដូវវស្សានេះ ហើយក៏បង្ហាញថា រដូវប្រាំងចូលមកដល់ ដែលនាវាទេសចរបរទេសនាំភ្ញៀវទេសចរបរទេសចូលមកកម្ពុជាតាមនាវា ភាគច្រើនភ្ញៀវទេសចរមកពីប្រទេសអឺរ៉ុប មកធ្វើទស្សនកិច្ចនៅព្រះរាជាណា ចក្រកម្ពុជា ។ ជាពិសេស មកកាន់ខេត្តព្រះសីហនុ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកវិស័យទេសចរណ៍ ជាមាសបៃតង ក្នុងការចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារផងដែរ ។

ចំពោះទីតាំងសម្រាប់ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តមានដូចជា ភូមិអ្នកនេសាទទំនប់រលក ទីប្រជុំជនផ្សារ រមណីយដ្ឋានវប្បធម៌(វត្តអារាម) តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងរូបសំណាកក្នុងខេត្តព្រះសីហនុជាដើម ។ សូមបញ្ជាក់ថា ការមកដល់នៃភ្ញៀវទេសចរបរទេសមកពីអឺរ៉ុបនាពេលនេះទទួលបានការស្វាគមន៍ពីលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ៕

ចែករំលែកព័តមាននេះ